ព័ត៌មានជាតិ

នាយក​​​រដ្ឋមន្ត្រី​​​និយាយ​​​ការពារ​​​វប្បធម៌​​​ស៊ីផឹក​​​​​​ ខណៈការ​​​ផលិត​​​ស្រាបៀរ​​​ក្នុងស្រុក​​​កើន​​​ឡើង​​​

By

March 08, 2017

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារវប្បធម៌ស៊ីផឹកដោយលើកឡើងថា ការប្រើប្រាស់គ្រឿងស្រវឹងមិនមែនមានតែនៅជំនាន់បច្ចុប្បន្ន ឬនៅកម្ពុជាទេ ហើយទន្ទឹមនឹងនោះដែរលោក ក៏បានណែនាំពលរដ្ឋទាំងអស់ថា បើស្រវឹងសូមកុំបើកបរ។

លោក ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធគម្រោងពង្រីករោងចក្រក្រុមហ៊ុនស្រាបៀរកម្ពុជាដែលបានបន្ថែមដើមទុន១០០លានដុល្លារទៀត និងដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញថា “អ្នកខ្លះគេឌឺឱ្យខ្ញុំអញ្ចេះថាជាសង្គមស៊ីផឹក។នែ៎ ទាំងអាល្លឺម៉ង់  ទាំងអីុតាលី ទាំងបារាំងអាហ្នឹង សុទ្ធតែជាសង្គមស៊ីផឹក នាំចេញតែអាគ្រឿងស្រវឹងហ្នឹង”។

លោកបានថ្លែងថា ក្រុមហ៊ុននេះដែលផលិតស្រាបៀរ Tiger, ABC, Anchor និង Crown នោះ នឹងបន្ថែមស្រាបៀរ Heineken មួយមុខទៀតបន្ទាប់ពីការពង្រីកនេះ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “កាលពីមុន នាំចូល គេថាយើងនាំចូលច្រើន។ ដល់ឥឡូវផលិតនៅកម្ពុជា គេថា ផលិតច្រើនពេក”។

ប៉ុន្តែលោកបានដាស់តឿនដល់អ្នកស៊ីផឹកទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការផឹកគ្រឿងស្រវឹងដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។

យោងតាមរបាយការណ៍ឆ្នាំ២០១៣របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងចំណោមអ្នកបង្កកំហុសគ្រោះថ្នាក់តាមដងផ្លូវទាក់ទងការបើកបរក្នុងល្បឿនលឿនក្នុងប្រទេសនោះ ១៣ភាគរយបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕សារុន