សមាជិកក្រុមគ្រួសារសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានឃាតករបាញ់សម្លាប់នោះបានធ្វើពិធីសូត្រមន្តប្រោះព្រំកាលពីម្សិលមិញនៅក្នុងខេត្តតាកែវនៅកន្លែងដែលគ្រោងសាងសង់សងចេតិយធ្វើអំពីថ្មម៉ាបក្នុងទឹកប្រាក់១៧០.០០០ដុល្លារ បើទោះជាមានការជំទាស់ពីក្រុមអ្នកគាំទ្រមួយចំនួន និងបំណងប្រាថ្នារបស់លោក កែម ឡី ក៏ដោយ។
លោក សៅ កុសល សមាជិកគណៈកម្មការសាងសង់ចេតិយបានមានប្រសាសន៍ថា អ្នកស្រី ភោគ សេ ម្តាយរបស់លោក កែម ឡី ដែលមានវ័យជរាទៅហើយរួមជាមួយបងប្អូនស្រី ព្រះសង្ឃ និងសមាជិកក្រុមគ្រួសារមួយចំនួនទៀតបានចូលរួមនៅក្នុងពិធីសូត្រមន្តប្រោះព្រំនៅកន្លែងនោះនៅទីធ្លាខាងក្រោយផ្ទះរបស់អ្នកស្រី ភោគ សេ ស្ថិតក្នុងភូមិអង្គតាកុប ស្រុកត្រាំកក់។
លោក សៅ កុសល អ្នកគ្រប់គ្រងកម្មវិធីបច្ចេកទេសនៅសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា ចេតិយរំឭកនេះមានកម្ពស់ ១៦ម៉ែត្រ ហើយសាងសង់ពីថ្មម៉ាប មិនមែនសាងសង់ពីឥដ្ឋធម្មតាឡើយដែល គ្រោងចំណាយថវិកាយ៉ាងច្រើនតាមការចង់បានរបស់អ្នកស្រី ភោគ សេ។
លោកបានលើកឡើងកាលពីម្សិលមិញថា “អ្នកស្រីចង់ឱ្យសាងសង់ពីថ្មម៉ាប ព្រោះវាជាប់បានយូរអង្វែង”។

ជាអ្នកវិទ្យាសាស្ត្រសង្គមនិយាយឥតសំចៃម្នាក់ដែលត្រូវបានឃាតករបាញ់សម្លាប់ក្នុងស្តារម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញនោះ លោក កែម ឡី ត្រូវបានផ្តល់ការគោរពដោយមានអ្នកកាន់ទុក្ខរាប់ម៉ឺននាក់ចូលរួមក្នុងពិធីដង្ហែសពលោកមកកាន់ភូមិនេះ។
លោក សៅ កុសល ដែលក៏ជាសមាជិកគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡីដែរនោះបានមានប្រសាសន៍ថា គណៈកម្មការ សាងសង់ចេតិយរៃអង្គាសថវិកាពីអ្នកគាំទ្របាន៦.០០០ដុល្លាររហូតមកទល់ពេលនេះ។ គេរំពឹងថា ម្ចាស់ជំនួយទាំងក្នុងប្រទេសនិងក្រៅប្រទេសនឹងសម្រុះសម្រួលការខ្វែងគំនិតគ្នា។
អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ដែលបានភៀសខ្លួនទៅប្រទេសថៃជាមួយកូនប្រុសបួននាក់កាលពីខែសីហា ហើយក្រោយមកសម្រាលបានកូនប្រុសទី៥ម្នាក់ទៀតនោះបានលើកឡើងក្នុងសារតាមហ្វេសប៊ុកកាលពីម្សិលមិញថា អ្នកស្រីគាំទ្រការសាងសង់ចេតិយនេះ ប៉ុន្តែបានបដិសេធមិនអត្ថាធិប្បាយបន្ថែមឡើយ។
ថវិកាចំនួន១៧០.០០០ដុល្លារគឺច្រើនជាងថវិកាដែលបានចំណាយសម្រាប់សាងសង់រូបសំណាករំឭកដល់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករដែលត្រូវឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃកាលពីឆ្នាំ២០០៤នោះ ធ្វើឱ្យមានការប្រៀបធៀបទៅនឹងលោក កែម ឡី។ លោក ជា វិជ្ជា ត្រូវបានផ្តល់ការគោរពក្នុងឆ្នាំ២០១៣ដោយមានការសាងសង់រូបសំណាកពីថ្មកម្ពស់១.៦៨ម៉ែត្រចំណាយថវិកាអស់៧.០០០ដុល្លារ ដែលក្នុងនោះថវិកា៥.០០០ដុល្លារបានមកពីសាលារាជធានីភ្នំពេញ។
សាលារាជធានីបានច្រានចោលសំណើកាលពីខែកញ្ញាសុំយករូបសំណាកលោក កែម ឡី ទៅដាក់នៅទីលានប្រជាធិបតេយ្យ ដោយអះអាងថា កេរ្តិ៍ឈ្មោះរបស់លោកមិនទាន់មានការទទួលស្គាល់សម្រាប់ដាក់តម្កល់នៅទីសាធារណៈទេ។
លោក ហង្ស វិទូ សមាជិកម្នាក់នៃក្រុមតស៊ូមតិ “ខ្មែរដើម្បីខ្មែរ” របស់លោក កែម ឡី បាននិយាយថា រៀមច្បងរបស់លោកមិនបានលើកទឹកចិត្តអ្នកគាំទ្រឱ្យសាងសង់ចេតិយឡើយ។
លោក ហង្ស វិទូ បានរៀបរាប់ថា លោក កែម ឡី បានប្រាប់ក្រុមទាំងមូលថា “បើគាត់ត្រូវគេសម្លាប់ ឬក៏ស្លាប់នោះ គាត់មិនចង់ឱ្យយើងសាងសង់ចេតិយបែបនេះឡើយ។ គាត់គ្រាន់តែចង់ឱ្យយើងអនុវត្តតាមសកម្មភាពរបស់គាត់” ជាគំរូបតែប៉ុណ្ណោះ។
ប៉ុន្តែ លោក ហង្ស វិទូ បាននិយាយថា លោកគាំទ្រឱ្យមានការសាងសង់ចេតិយនេះ ដើម្បី “បណ្តុះស្មារតីឱ្យប្រជាពលរដ្ឋរក្សាកេរដំណែលរបស់លោកទុកសម្រាប់អ្នកជំនាន់ក្រោយ”។
ទោះយ៉ាងណា ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មជនជាព្រះសង្ឃដែលតែងតែផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធគោលនយោបាយជាមួយលោក កែម ឡី នោះមានសង្ឃដីកាថា ថវិកានេះគួរយកទៅចំណាយលើអ្វីៗផ្សេងទៀតប្រសើរជាង។
ព្រះតេជគុណលើកឡើងថា “អ្វីដែលគេចាំបាច់ត្រូវធ្វើនោះគឺបង្កើតគោលនយោបាយស្វែងរកដំណោះស្រាយសម្រាប់ប្រទេស កម្ពុជាវិញមិនមែនធ្វើរឿងដូចនេះទេ”។ ព្រះតេជគុណបន្ថែមថា ការសាងសង់ចេតិយគួរតែជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
ព្រះតេជគុណមានសង្ឃដីកាថា ប្រសិនបើគណៈកម្មការនេះ “រៃអង្គាសថវិកាពីអ្នកប្រឹងប្រែងធ្វើការងារ ពីប្រជាពលរដ្ឋក្រីក្រនោះ អ៊ីចឹងយើងគួរយកទៅធ្វើអ្វីដែលមានប្រយោជន៍ ដល់ពួកគាត់វិញ”៕សារុន