ការព្រួយបារម្ភអំពីពាក្យបណ្តឹងដែលប្រើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗ
គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបានចាប់ផ្តើមយុទ្ធនាការដែលមានការរៀបចំទុកជាមុនដើម្បីប្រឆាំងពាក្យស្លោកយុទ្ធនាការឃោសនាដែលមានចរិត “ញុះញង់” របស់គូប្រជែងដ៏សំខាន់របស់ខ្លួនជាមួយនឹងពាក្យបណ្ដឹងដូចៗគ្នាជាច្រើន បន្ទាប់ពីគណបក្សសង្គ្រោះជាតិបដិសេធមិនបោះបង់ពាក្យស្លោកនេះ ទោះបីជាមានការគំរាមប្តឹងផ្តល់យ៉ាងណាក្តី។
កាលពីយប់ថ្ងៃអង្គារ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំាសាររបស់រដ្ឋាភិបាលបានចាប់ផ្តើមបង្ហោះញត្តិរបស់ក្រុមចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលកើតទុក្ខមិនសុខចិត្តចំពោះពាក្យស្លោកយុទ្ធនាការឃោសនា “ប្តូរមេឃុំបម្រើបក្ស ដាក់ មេឃុំបម្រើរាស្ត្រ” ដែលគណបក្សសង្គ្រោះជាតិបានអនុម័តឲ្យប្រើប្រាស់កាលពីសប្តាហ៍មុនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ។
គិតត្រឹមរសៀលម្សិលមិញ គេហទំព័រ Fresh News និងកាសែតមួយដែលគាំទ្ររដ្ឋាភិបាលបានបង្ហោះពាក្យបណ្តឹងចំនួន១៩របស់ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ។ ពាក្យបណ្តឹងទាំងនោះមានសេចក្តីលម្អិតខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។
ចៅសង្កាត់ទាំងនោះនិយាយថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិគឺជាការប្រមាថចំពោះប្រជាពលរដ្ឋគ្រប់គ្នាដែលបានបោះឆ្នោតគាំទ្រពួកគេវាស្មើនឹង “ការញុះញង់” ហើយបានគំរាមបង្កឲ្យមាន “ការមិនឯកភាពគ្នានៅថ្នាក់មូលដ្ឋាន”។
ទោះបីជាភាគច្រើននៃពាក្យបណ្តឹងទាំងនេះបន្ទរតាមពាក្យសម្ដីដែលគណបក្សប្រជាជនកម្ពុជា បានប្រើនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថ្កោលទោសពាក្យស្លោកនេះកាលពីយប់ថ្ងៃច័ន្ទក្តី ក៏កាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានបដិសេធថាគ្មានការរៀបចំញតិ្តទាំងនេះឡើយ។
លោកថ្លែងថា “វាជាការសម្រេចរបស់ចៅសង្កាត់ម្នាក់ៗ។ វាជាបញ្ហាតែមួយ នោះជាមូលហេតុដែលសេចក្តីថ្លែងការណ៍ទាំងនេះដូចគ្នា”។
ពាក្យបណ្តឹងទាំងនេះគ្រាន់តែស្នើសុំឲ្យសមត្ថកិច្ចជួយ “ស្វែងរកយុត្តិធម៌” ជូនចៅសង្កាត់ទាំងនោះប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីយប់ថ្ងៃច័ន្ទ គណបក្សប្រជាជនកម្ពុជា បានគំរាមប្តឹងគណបក្សប្រឆាំងទៅតុលាការពីបទញុះញង់ ប្រសិនបើមិនព្រមកែប្រែពាក្យស្លោកនេះ។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ “ញុះញង់” ជាពាក្យដែលរដ្ឋាភិបាលចូលចិត្តប្រើ នៅពេលចាប់ខ្លួនអ្នករិះគន់ខ្លួនខ្លាំងៗបំផុត ហើយផ្តន្ទាទោសឲ្យពួកគេជាប់ពន្ធនាគារច្រើនឆ្នាំនៅក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅមើលឃើញថាជារឿងនយោបាយ។
កាលពីថ្ងៃអង្គារ លោក សុខ ឥសាន បានចោទប្រកាន់គណបក្សសង្គ្រោះជាតិថាបំពានច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ពីព្រោះពាក្យស្លោករបស់ខ្លួនប្រឆាំងនឹងបទប្បញ្ញត្តិនៃច្បាប់នេះដែលតម្រូវឲ្យមន្ត្រីឃុំសង្កាត់ដែលជាប់ឆ្នោតបម្រើរាល់មណ្ឌលបោះឆ្នោតរបស់ខ្លួនដោយមិនប្រកាន់ និន្នាការគណបក្សនយោបាយ។ ច្បាប់នេះពន្យល់លម្អិតអំពីតួនាទី និងកាតព្វកិច្ចរបស់មន្ត្រីឃុំសង្កាត់ ហើយវាមិនហាមឃាត់ការបញ្ចេញយោបល់ទូទៅស្តីពីការអនុវត្តការងារបស់ពួកគេឡើយ។
ប៉ុន្តែមជ្ឈដ្ឋានខ្លះមើលឃើញការគំរាមកំហែងធំចេញពីបទប្បញ្ញត្តិច្បាប់ដែលសូម្បីមិនទាន់មានផង ប៉ុន្តែដែលទំនងជានឹងមានក្នុងពេលដ៏ខ្លីខាងមុខ។
កាលពីខែមុន រដ្ឋសភា និងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងសម័យប្រជុំដែលតំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពហិការមិនចូលរួម បានអនុម័តវិសោធនកម្មដ៏ចម្រូងសម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយដោយផ្តល់អំណាចទូលំទូលាយឲ្យរដ្ឋាភិបាល និងតុលាការមានសិទ្ធិព្យួរ និងរម្លាយចោលគណបក្សទាំងមូលជាប់ពាក់ព័ន្ធបទល្មើសមិនមានចែងច្បាស់លាស់ដែលធ្វើឲ្យមានចន្លោះធំទូលាយសម្រាប់ការបកស្រាយ។
សកម្មភាពខុសច្បាប់ថ្មីៗទាំងនោះរបស់គណបក្សនយោបាយរួមមាន “ការញុះញង់ដែលនាំទៅរកការបែកបាក់ជាតិ”។
វិសោធនកម្មនេះនឹងចូលជាធរមានក្នុងថ្ងៃណាមួយ នៅពេលចុះហត្ថលេខាភ្លាមៗដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្តីទីរបស់កម្ពុជាក្នុងករណីព្រះមហាក្សត្រយាងទៅក្រៅប្រទេស។
ថ្វីបើកាលពីម្សិលម្ងៃ៉ក្តីបានលើកឡើងពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ក៏លោក សុខ ឥសាន មិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់វិសោធនកម្មដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះឡើយ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងមិនអាចនិយាយអ្វីបានទេ រហូតទាល់តែតុលាការចាត់វិធានការ ហើយរហូតមកទល់ពេលនេះយើងមិនទាន់បានដាក់ពាក្យបណ្តឹងទេ។ វាអាស្រ័យលើអ្នកជំនាញ ខាងច្បាប់ដែលកំពុងសិក្សាករណីនេះ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជាសាធារណៈថា លោកចង់ឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីចាត់ការគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងពិតប្រាកដតែមួយគត់របស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា និងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។
លោក សម គន្ធាមី ប្រធានអង្គការ និកហ្វិច បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាអាចនឹងប្រើប្រាស់តុលាការយ៉ាងងាយដែលប្រជាពលរដ្ឋខ្មែរភាគច្រើនចាត់ទុកថា ពុករលួយខ្លាំងដើម្បីប្តឹងគណបក្សសង្គ្រោះជាតិពាក់ព័ន្ធពាក្យស្លោករបស់ខ្លួនដោយប្រើច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មពីបទញុះញង់។
លោកបានបន្តថា “ប្រាកដណាស់ ពីព្រោះ វិសោធនកម្មនេះនឹងចូលជាធរមានក្នុងពេលឆាប់ៗ។ គេនឹងប្រើច្បាប់ថ្មីនេះដើម្បីប្តឹងដូច្នេះគណបក្សសង្គ្រោះជាតិនឹងមានគ្រោះថ្នាក់ធំ”។លោកបានលើកឡើងបន្ថែមទៀតថា ពាក្យបណ្តឹងថ្មីៗរបស់ចៅសង្កាត់គណបក្សប្រជាជនកម្ពុជាដែលព្រមានអំពី”ការមិនឯកភាព” ក៏អាចនឹងត្រូវគេប្រើប្រាស់ដែរដើម្បីគាំទ្រសំណុំរឿងតាមផ្លូវច្បាប់។
ថ្វីបើមានការគំរាមចាត់វិធានការតាមផ្លូវច្បាប់យ៉ាងនេះក្តី ក៏គណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរថា ខ្លួននឹងរក្សាទុកពាក្យស្លោកខាងលើដដែល។ កាលពីម្សិលមិញគណបក្សនេះបានត្រដាងបដាមួយផ្ទាំងដែលមានពាក្យស្លោកនេះសរសេរអក្សរធំៗនៅក្នុងពិធីមួយដើម្បីប្រារព្ធអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនៅរាជធានីភ្នំពេញ។
លោក ធួន ពុធ ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តព្រះវិហារបានគាំទ្រពាក្យស្លោកនេះ ហើយលោកមានប្រសាសន៍ថា លោកមិនទាន់ទទួលបានដំណឹង ពីទីស្នាក់ការកណ្តាលគណបក្សឲ្យឈប់ប្រើប្រាស់ពាក្យស្លោកនេះទេ។
លោកបានគូសបញ្ជាក់ថា “យើងមិនមើលងាយអ្នកណាទេ។ យើងគ្រាន់តែជំរុញឲ្យមេឃុំ-ចៅសង្កាត់បម្រើប្រជាពលរដ្ឋប៉ុណ្ណោះវាគ្មានអ្វីខុសទេ”។
បន្ទាប់ពីចាកចេញពីពិធីអបអរនោះលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានការពារការសម្រេចរបស់បក្សឲ្យរក្សាទុកពាក្យស្លោកនោះ។ លោកមានប្រសាសន៍ថា “វាមិនមែនជារឿងគណបក្សប្រជាជនកម្ពុជាដែលថា គណបក្សប្រកួតប្រជែងមួយ ចង់បានអ្វី ចេះមកប្រើ ឬមកបញ្ជាគណបក្សនេះ ឬគណបក្សនោះ វាខុស”។
លោកបានលើកឡើងថា មានតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប៉ុណ្ណោះដែលអាចបញ្ជាឲ្យគណបក្សរបស់លោកឈប់ប្រើប្រាស់ពាក្យស្លោកនេះ៕ សុខុម (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)