33 C
Phnom Penh

ចៅ​សង្កាត់​រង​​​ដែល​​ជាប់​​​ពន្ធនាគារ​​លាឈប់​​​​​ពី​​​ CNRP ​​​ទៅ​​​ចុះ​​​ចូល​​បក្ស​​​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្កាត់ម្នាក់ដែលជាប់ពន្ធនាគារកាលពីខែមុន បានប្រកាសលាឈប់ពីគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ដើម្បីចុះចូលគណបក្សកាន់អំណាច ហើយសាច់ញាតិម្នាក់របស់ចៅសង្កាត់ដែលជាប់ពន្ធនាគារម្នាក់ទៀតនិយាយថា គាត់ត្រូវគេអូសទាញឲ្យចុះចូល ប៉ុន្តែគាត់បដិសេធ។

លោក លី សុគន្ធ ចៅសង្កាត់រងទី២នៃសង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលជាប់ពន្ធនាគារព្រៃសចាប់តាំងពីត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវអំឡុងពេលចុះឈ្មោះបោះឆ្នោតមកនោះ បានលាឈប់តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី៣ ខែមីនា។

គាត់សរសេរថា “កន្លងមក ខ្ញុំបាទបានជឿពាក្យញុះញង់ ការអូសទាញ និងការសន្យាខ្យល់ ទើបធ្វើឲ្យខ្ញុំបាទដើរខុសក្នុងសកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ”។

គាត់ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងក្លែងឯកសារសាធារណៈ បន្ទាប់ពីគាត់ប្រគល់អត្តសញ្ញាណប័ណ្ណរបស់អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតម្នាក់ដែលមានជំងឺឲ្យទៅម្នាក់ផ្សេងទៀតចូលធ្វើការជំនួសកាលពីចុងឆ្នាំមុន។

គណបក្សសង្គ្រោះជាតិបានរិះគន់បទចោទប្រកាន់ទាំងនេះថាជារឿងនយោបាយដោយហេតុថា ឈ្មោះរបស់លោក លី សុគន្ធ ស្ថិតនៅលេខរៀងលើគេបង្អស់នៃបញ្ជីបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខ ដែលនឹងធ្វើឲ្យគាត់ក្លាយជាចៅសង្កាត់ ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះនៅមូលដ្ឋានរបស់គាត់។

ប៉ុន្តែក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក លី សុគន្ធ លើកឡើងថា គណបក្សនេះបានធ្វើឲ្យគាត់អស់សង្ឃឹម។ គាត់សរសេរថា “គណបក្សមិនទទួលខុសត្រូវលើកូនចៅ មិនមានយុត្តិធម៌ និងតម្លាភាពក្នុងការរៀបចំបេក្ខជន”។

ទោះជាយ៉ាងណា ក្នុងលិខិតរបស់គាត់ផ្ញើទៅគណបក្សប្រជាជនកម្ពុជា គាត់បានបង្ហាញ ការសុំសម្រុះសម្រួល។ គាត់សរសេរថា “ខ្ញុំបាទស្នើសុំចុះចូលគណបក្សប្រជាជនកម្ពុជាដោយស្មោះ  និងគ្មានលក្ខខណ្ឌ ហើយខ្ញុំបាទនឹងសូមសន្យាបញ្ចុះបញ្ចូលអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិឲ្យមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា”។

លោកស្រី ម៉េង សុភារី មេធាវីការពារលោក លី សុគន្ធ ដែលទទួលបានការចាត់តាំងពីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកស្រីបានដឹងពីការលាឈប់របស់កូនក្តីលោកស្រីតាមរយៈបណ្តាញទំនាក់ទំនងសង្គម។

លោកស្រីបញ្ជាក់ថា “ខ្ញុំមិនទាន់ទទួលបានព័ត៌មានបច្ចុប្បន្នភាពពីគណបក្សឲ្យឈប់ការពារគាត់ ឬពីគាត់ដែលនិយាយថា គាត់មិនចង់ឲ្យខ្ញុំការពារគាត់នៅឡើយទេ”។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារថា “គណបក្សសង្គ្រោះជាតិរីករាយ និងអបអរ សាទរ [ចំពោះលោក លី សុគន្ធ] បើបក្សកាន់អំណាចអាចអន្តរាគមន៍ “ដោះលែងគាត់បាន។

ដោយឡែកពីនេះ លោក ចៅ វាសនាចៅសង្កាត់រងសង្កាត់ប៉ោយប៉ែត និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួនអំឡុងពេលដំណាលគ្នានឹងលោក លី សុគន្ធ ពីបទញុះញង់ ត្រូវបានមន្ត្រីបញ្ចុះបញ្ចូលឲ្យគាត់លាឈប់ពីគណបក្សសង្គ្រោះជាតិ នេះបើយោងតាមលោក ភឿង សុភឿន កូនប្រសារបស់គាត់។

កូនប្រសារូបនេះនិយាយទៀតថា “គាត់ប្រាប់ពួកយើងថា មានមន្ត្រីមួយចំនួនទៅសួរសុខទុក្ខគាត់ដល់ពន្ធនាគារ ហើយសុំឲ្យគាត់លាឈប់ពីគណបក្សសង្គ្រោះជាតិ បើគាត់ចង់ចេញពីគុក។ ប៉ុន្តែឪពុកក្មេកខ្ញុំបានបញ្ជាក់ថា ជំហររបស់គាត់គឺនៅដដែល ដូច្នេះគាត់នឹងមិនលាឈប់ពីគណបក្សសង្គ្រោះជាតិទេ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសំុអត្ថាធិប្បាយបានទេ៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស