29 C
Phnom Penh

ច្បាប់គណបក្ស​នយោបាយ​ត្រូវ​​​បាន​​​ចុះ​ហត្ថ​លេខា​ ខណៈ​មាន​ការចោទ​កាន់​​​​​​​​​​​​តែ​​​​ច្រើន​​​ថា CNRP ប្រើពាក្យ​ស្លោក​ញុះញង់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេឃុំ ចៅសង្កាត់គណបក្សកាន់អំណាចរាប់រយនាក់នៅទូទាំងប្រទេសឥឡូវនេះបានចុះហត្ថលេខាលើលិខិតបណ្តឹងស្ទើរតែដូច គ្នា ចោទប្រកាន់គណបក្សប្រឆាំងថា ប្រើប្រាស់ពាក្យស្លោកយុទ្ធនាការឃោសនា ដែល មានចរិត “ញុះញង់” ដើម្បីបញ្ឆេះឱ្យមាន “ការបែកបាក់” ដោយបន្ទរតាមពាក្យពេចន៍នៃច្បាប់ថ្មីសន្លាង ដែលអនុញ្ញាតឲ្យរម្លាយគណបក្សនយោបាយទាំងអស់ បើមានការប្រព្រឹត្តនូវទង្វើបែបនេះ។

លោក សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីក្នុងករណីព្រះមហាក្សត្រយាងទៅក្រៅប្រទេស បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយកាលពីថ្ងៃអង្គារ ដោយធ្វើឱ្យច្បាប់នេះចូលជាធរមាន ភ្លាមៗ។

គេហទំព័រព័តមាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានបង្ហោះលិខិតបណ្តឹងរបស់ចៅសង្កាត់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំេពញ នៅលើអីុនធឺណិតកាលពីយប់ថ្ងៃអង្គារ។ ចាប់តាំងពីពេលនោះមក គេហទំព័រនេះបានបង្ហោះពាក្យបណ្តឹងជាង៣០០មកពីរាជធានីនិងខេត្តចំនួន៥រួចហើយ។

ពាក្យបណ្តឹងទាំងនោះសុទ្ធតែមានគោលដៅលើពាក្យស្លោកយុទ្ធនាការឃោសនាដែលគណបក្សសង្គ្រោះជាតិបានដាក់ចេញកាលពីសប្តាហ៍មុនសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់នៅថ្ងៃទី៤ ខែមិថុនា នោះគឺ”ប្តូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ”។

ទោះបីជាគណបក្សប្រជាជនកម្ពុជាបដិសេធថាមិនបានរៀបចំពាក្យបណ្តឹងយ៉ាងច្រើនទាំងនេះ របស់មេឃុំ ចៅសង្កាត់នៅក្នុងជួរបក្សរបស់ខ្លួនក៏ដោយ តែវាកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ជាសាធារណៈពីទីស្នាក់ការកណ្តាលដោយរិះគន់ពាក្យស្លោកនេះក្នុងបុព្វហេតុដដែល ហើយបានគំរាមប្តឹងគណបក្សសង្គ្រោះជាតិ បើមិនកែប្រែពាក្យស្លោកនេះទេនោះ។ បណ្តឹងទាំងនេះក៏មានលក្ខណៈស្រដៀងគ្នាគួរឱ្យកត់សម្គាល់ផងដែរ ខុសគ្នាតែត្រង់ព័ត៌មានលម្អិតស្តីពីសមិទ្ធផលអំឡុងពេលធ្វើការដែលមេឃុំ ចៅសង្កាត់នីមួយៗអះអាងថាកើតចេញពីការខិតខំរបស់ខ្លួនប៉ុណ្ណោះ។

លោក ខាត់ សុខៃ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជានៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញដែលបានចុះហត្ថលេខាលើលិខិតបណ្តឹងមួយក្នុងចំណោមលិខិតបណ្តឹងទាំងនេះបានលើកឡើងថា “ខ្ញុំបម្រើប្រជាពលរដ្ឋបីអាណត្តិមកហើយ ប៉ុន្តែគេចោទខ្ញុំថា បម្រើបក្សទៅវិញ។ វា [ពាក្យសោ្លកនេះ] ប៉ះពាល់សិទ្ធិយើង ហើយមិនអាចទទួលយកបានទេ”។ លោកបានបន្ថែមថា “ពាក្យហ្នឹងនឹងបង្កការបែកបាក់រវាងប្រជាពលរដ្ឋ និងមេឃុំ”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះនោះបានលើកឡើងថាលោកមិនជឿថា មេឃុំចៅសង្កាត់គណបក្សប្រជាជនកម្ពុជាជាច្រើនបានចុះហត្ថលេខាលើពាក្យបណ្តឹងសាធារណៈទាំងនេះក្នុងពេលដំណាលគ្នាយ៉ាងប្រញាប់ប្រញាល់ ដូច្នេះឡើយ បើគ្មានការយល់ព្រមពីទីស្នាក់ការកណ្តាលទេនោះ។

លោកបានមានប្រសាសន៍ថា”របៀបដែលគណបក្សប្រជាជនកម្ពុជាធ្វើការ ពួកគេនឹងមិនធ្វើរឿងបែបហ្នឹងដោយគ្មានការអនុញ្ញាតពីថ្នាក់ដឹកនាំនោះទេ។ ដូច្នេះយើងសន្និដ្ឋានវាអាចជាសកម្មភាពកើតចេញពីបណ្តឹងដែលមានប្រភពចេញពីគណបក្សកាន់អំណាចនេះ”។

តំណាងរាស្ត្ររូបនេះបានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិនឹងនៅតែបន្តប្រើប្រាស់ពាក្យស្លោកនេះដដែល លុះត្រាតែមានភ័ស្តុតាងបញ្ជាក់ថាវាខុសច្បាប់។ លោកបានមានប្រសាសន៍ថា “ដរាបណាគ្មានភ័ស្តុតាងទេនោះ…ខ្ញុំគិតថា គណបក្សនឹងនៅតែប្រកាន់ខ្ជាប់តាមអ្វីដែលយើងបានសម្រេច”។

គណបក្សសិទ្ធិមនុស្សដែលច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១២ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិនោះប្រហែលជាធ្លាប់បានប្រើប្រាស់ពាក្យស្លោកស្រដៀងគ្នានេះ៥ឆ្នាំមុន។លោក សុន ឆ័យ បានមានប្រសាសន៍ទៀតថា “ប្រសិនបើអ៊ីចឹងមែននោះ វាមិនបង្កឲ្យមានផលប៉ះពាល់ទេ”។

គណបក្សសង្គ្រោះជាតិបានការពារពាក្យស្លោករបស់ខ្លួន ដោយជំទាស់ថា ខ្លួនមិនបានចេញឈ្មោះគណបក្សណាមួយទេ ហើយថា គណបក្សប្រឆាំងនេះដែលជាកេរដំណែលរបស់គណបក្សទាំងពីរខាងលើដែលបានប្រកួតប្រជែងគ្នាអំឡុងការបោះឆ្នោតឃុំសង្កាត់ចុងក្រោយនោះ មានមេឃុំចៅសង្កាត់ ពីរបីនាក់ដែលអ្នកគាំទ្រមិនពេញចិត្ត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) មានតួនាទីទទួលបន្ទុកផ្នែកធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងធានាថា អ្នកប្រកួតប្រជែងប្រកាន់ខ្ជាប់តាមច្បាប់។ ប៉ុន្តែ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការនេះបានបដិសេធមិននិយាយពាក់ព័ន្ធនឹងពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិឡើយកាលពីម្សិលមិញ ហើយថា លោក និងសហសេវិករបស់លោកនឹងពិនិត្យពិច័យពាក្យស្លោកនេះតែនៅពេល ដែលរយៈពេលយុទ្ធនាការឃោសនាផ្លូវការចាប់ផ្តើមនៅថ្ងៃទី២០ខែឧសភាប៉ុណ្ណោះ។

ប៉ុន្តែ គណបក្សសង្គ្រោះជាតិអាចត្រូវតុលាការកោះហៅឲ្យចូលមកឆ្លើយបំភ្លឺ មុនដល់រយៈពេលឃោសនានោះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដំបូងឡើយបានលើកឡើងថា គណបក្សរបស់លោកនឹងប្តឹងគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សនេះនៅតែប្រើប្រាស់ពាក្យស្លោកនេះដដែលនោះដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដែលមានចែងពីតួនាទី និងដែនសមត្ថកិច្ចរបស់មន្ត្រីឃុំសង្កាត់។ ប៉ុន្តែ លោកនឹងមិនច្រានចោលទ្ធភាពប្រើប្រាស់ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែធ្វើវិសោធនកម្មរួចនេះឡើយ។

បន្ទាប់ពីវិសោធនកម្មនេះបានឆ្លងសភានិងព្រឹទ្ធសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាកាលពីខែមុននៅក្នុងសម័យប្រជុំដែលត្រូវបានធ្វើពហិការដោយគណបក្សប្រឆាំងដែលចាត់ទុកវិសោធនកម្មនេះថាផ្ទុយពីរដ្ឋធម្មនុញ្ញនោះ លោក សាយ ឈុំ បានចុះហត្ថលេខាលើច្បាប់នេះកាលពីថ្ងៃអង្គារ។

លោកបានចុះហត្ថលេខាលើវិសោធនកម្មនេះ ពេលគ្មានវត្តមានរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលបានយាងទៅប្រទេសចិនកាលពីសប្តាហ៍មុន។ កាលពីម្សិលមិញ លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ថា ច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មនេះចូលជាធរមានហើយដោយមានហត្ថេខារបស់លោក សាយ ឈុំ ។

រដ្ឋាភិបាល និងតុលាការឥឡូវនេះមានសិទ្ធិអំណាចថ្មីដ៏ទូលំទូលាយក្នុងការផ្អាកសកម្ម ភាព ឬរម្លាយគណបក្សនយោបាយចោលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសដែលមិនមានចែងច្បាស់លាស់ក្នុងនោះរួមមានដូចជា “ការញុះញង់ ដែលនាំទៅរកការបែកបាក់ជាតិ” ជាដើម។

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាសាធារណៈថា លោកចង់បានសិទ្ធិអំណាចថ្មីនេះដើម្បីផ្តោតគោលដៅលើគណបក្សសង្គ្រោះជាតិជាពិសេស។

គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ដោយឈ្នះសំឡេងឆ្នោតជាង៧០ភាគរយ និងទទួលបានអាសនៈចំនួន១.៥៩២នៃអាសនៈមេឃុំចៅសង្កាត់ចំនួន១.៦៣៣ដែលដាក់សម្រាប់ការប្រកួតប្រជែងយក។ ប៉ុន្តែ នោះគឺមុនពេលគណបក្សសង្គ្រោះជាតិចាប់បដិសន្ធិ ហើយបានឈ្នះសំឡេងឆ្នោតជិតពាក់កណ្តាលនៅក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣។

បើបាត់បង់ចំនួនអាសនៈឃុំសង្កាត់ច្រើននៅខែមិថុនាខាងមុខនេះ វានឹងជាការអាម៉ាស់មួយសម្រាប់គណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងប្រទេស៣៥ឆ្នាំជាប់ៗគ្នាហើយាប្រហែលជានឹងបង្ហាញឲ្យឃើញពីភាពខ្លាំងរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជាតិដែលគ្រោងធ្វើឡើងក្នុងឆ្នាំ២០១៨។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា បណ្តឹងដែលចោទគណបក្សសង្គ្រោះជាតិថាញុះញង់និងបញ្ឆេះឲ្យមានការបែកបាក់នោះគឺជាការរៀបចំដែលបន្ទរតាមច្បាប់ស្តីពីគណបក្សនយោបាយដែល ទើបតែធ្វើវិសោធនកម្មថ្មីៗ ហើយទីបំផុតអាចជាឧបករណ៍សម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការគំរាមដាក់ពាក្យបណ្តឹង។

លោកបានមានប្រសាសន៍ថា “វាប្រាកដជាទៅផ្លូវហ្នឹងហើយ”។

លោកបានចាត់ទុកករណីដែលគណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងពាក្យស្លោកនេះថា “គួរឲ្យអស់សំណើច” និង “មិនសមហេតុសមផល” ប៉ុន្តែ ថាគណបក្សកាន់អំណាចដែលមជ្ឈដ្ឋានទូទៅជឿថា គ្រប់គ្រងលើតុលាការនោះ នឹងមិនឈប់ប្រើប្រាស់វិធានការហ្នឹងឡើយ”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស