31 C
Phnom Penh

អ្នក​​​នេសាទ​​​​ទុច្ចរិត​​​​រាប់​​​​​រយ​​​នាក់​​​ព្រួត​​​គ្នា​​​តតាំង​​​ជាមួយកម្លាំង​​​​​​សមត្ថកិច្ច​​​ដោយ​​មិន​​​​ខ្លាច​​ញញើត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនិយាយថា នគរបាល និងទាហានបានចុះទៅដល់សហគមន៍នេសាទមួយកាលពីល្ងាចម្សិលមិញ ស្របពេលកំពុងមានការប៉ះទង្គិចគ្នាដែលក្នុងហេតុការណ៍នោះ គេសង្កេតឃើញក្រុមអ្នកនេសាទបណ្តេញសមត្ថកិច្ចដែលព្យាយាមដកហូតឧបករណ៍នេសាទខុសច្បាប់។

លោក រិទ្ធ វិធា នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានមានប្រសាសន៍ថា “ពេលនេះយើងកំពុងនៅលើបឹង ដេញទូក និងផ្ទះអណ្តែតទឹកចេញពីតំបន់នេសាទហាមឃាត់ ហើយពួកគេខ្លះកំពុងតែចាកចេញពីបឹងនេះ”។

លោក មាន ដាវីន អភិបាលរងស្រុកកោះធំមានប្រសាសន៍ថា ការប៉ះទង្គិចគ្នាថ្មីៗនេះកើតមានឡើងក្រោយជម្លោះជាបន្តបន្ទាប់ជាមួយក្រុមអ្នកនេសាទដែលរស់នៅលើបឹងនេះ និងដែលតែងតែចូលទៅតំបន់នេសាទការពារ។

លោកលើកឡើងថា កាលពីថ្ងៃពុធ ខណៈទូកនេសាទជាង១០០គ្រឿងដែលក្នុងទូកនីមួយៗមានមនុស្សជិះពីបីទៅបួននាក់កំពុងនេសាទនៅតំបន់ការពារក្នុងបឹងនេះ នគរបាល មន្ត្រីយោធា និងទាហានខេត្តចំនួន៣៥នាក់ក៏បានចូលទៅដល់។

លោកបានគូសបញ្ជាក់ថា នៅពេលកម្លាំងចម្រុះចាប់ផ្តើមដកហូតឧបករណ៍នេសាទរបស់ក្រុមនេះ អ្នកនេសាទទាំងនេះបានលើកច្រវាគំរាមវាយ។ “យើងបានចុះទៅកន្លែងហាមឃាត់នោះ ហើយឃើញទូក១០៥គ្រឿងកំពុងនេសាទដោយខុសច្បាប់។ ហើយ យើងបានឃាត់ទូកមួយគ្រឿង និងដកហូតសម្ភារមួយចំនួនទុក ប៉ុន្តែពួកគេបានឡោមព័ទ្ធសមត្ថកិច្ចរបស់យើង ហើយប៉ុនប៉ងវ៉ៃពួកយើង”។

លោកបន្តថា “សមត្ថកិច្ចរបស់យើងបានដោះលែងទូកនោះវិញ ព្រោះយើងបារម្ភខ្លាចអំពើហិង្សាផ្ទុះឡើង” ហើយអ្នកនេសាទទាំងនោះក៏បានដកថយទៅតំបន់ផ្សេងមួយទៀតនៃបឹងនេះ។ លោកបន្ថែមទៀតថា “យើងបានព្យាយាម៤លើកបញ្ឈប់អ្នកទាំងនោះមិនឲ្យនេសាទនៅក្នុងឡូត៍នេសាទហាមឃាត់ប៉ុន្តែពួកគេមិនខ្លាចវិធានការរបស់យើងទេ”។

លោក រិទ្ធ វិធា នាយខណ្ឌរដ្ឋបាលជលផលមានប្រសាសន៍ថា រដ្ឋបាលជលផលបានស្នើសុំថវិកាចំនួន២៥០.០០០ដុល្លារពីក្រសួង កសិកម្មដើម្បីទ្រទ្រង់ផែនការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់របស់អ្នកនេសាទខ្មែរអិុស្លាម និងអ្នកផ្សេងទៀតនៅតំបន់ការពារនានានៃបឹងនេះ។

លោកថ្លែងថា “យើងបានអនុញ្ញាតឲ្យបងប្អូនចាមទាំងនោះនេសាទជាលក្ខណៈគ្រួសារ ក្នុងតំបន់មួយ ប៉ុន្តែពួកគាត់តែងតែចូលទៅក្នុងតំបន់ហាមឃាត់ក្បែរនោះដើម្បីនេសាទដោយខុសច្បាប់ ពេលសមត្ថកិច្ចរបស់យើងចេញទៅប្រជុំ”។

លោកបន្តថា “បើក្រសួងអនុម័តសំណើរបស់យើង យើងនឹងប្រើថវិកានេះទិញទុយោទឹក ខ្សែលួសចងដាក់ពង្រាយក្នុងទឹកនៅតំបន់ហាមឃាត់ដើម្បីកុំឲ្យនេសាទបាន”។ លោកបញ្ជាក់ថា ទម្រាំតែដល់ពេលនោះ ប្រជាពលរដ្ឋមូលដ្ឋានត្រូវបានជួលឲ្យឃ្លាំមើលតំបន់ទាំងនោះ និងហាមកុំឲ្យក្រុមអ្នកនេសាទទុច្ចរិតចូល៕សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស