26 C
Phnom Penh

អ្នក​​​ភូមិ​​​នៅក្នុង​​​សង្កាត់​​​ឫស្សីកែវ​​​ខឹង​​​សម្បាចំពោះ​​​រដ្ឋាភិបាល​​​ មិន​​​មែន​​​ពាក្យ​​​​​​ស្លោក​​​របស់​​​​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវបានលើកឡើងថា អ្នកបោះឆ្នោតនៅក្នុងសង្កាត់របស់លោកកំពុងមានភាពទោមនស្ស។

លោកបានបន្ទោសបញ្ហានេះលើពាក្យស្លោកយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិដែលសន្យា “ប្តូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” នេះបើយោងតាមអ្វីដែលលោក មូល វីរៈ បានសរសេរនៅក្នុងញត្តិថ្កោលទោសមួយចេញផ្សាយដោយគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ ជាញត្តិមួយក្នុងចំណោមញត្តិស្រដៀងៗគ្នារាប់រយរបស់មេឃុំចៅសង្កាត់គណបក្សប្រជាជនកម្ពុជាដែលចេញកាលពីសប្តាហ៍មុន។

ញត្តិថ្កោលទោសនេះអះអាងថា ពាក្យស្លោកនេះ “ប្រមាថមើលងាយដល់ទឹកចិត្តស្មោះសរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជ្រើសរើសយើងខ្ញុំឲ្យធ្វើជាចៅសង្កាត់”។

cam-photo-slogan-jump-if-fits-800x533ទោះជាយា៉ងណា ការសម្ភាសជាមួយអ្នកភូមិមួយចំនួននៅក្នុងសង្កាត់របស់លោកបង្ហាញ ថា លោក មូល វីរៈ គឺត្រឹមត្រូវ បើនិយាយ ពាក់ព័ន្ធនឹងការដែលថា មានការខឹងសម្បាប៉ុន្តែ ខុសបើនិយាយអំពីបុព្វហេតុរបស់វា។

អ្នកស្រី ចាន់ សារ៉ែន អាយុ៦៦ឆ្នាំ ជាជាងកាត់ដេរដែលជិះកង់ទៅផ្ទះតាមបណ្តោយផ្លូវជាតិលេខ៥បាននិយាយថា “អ្នកមាននៅតែមាន អ្នកក្រនៅតែក្រ”។ អ្នកស្រីបាននិយាយបន្តថា “ខ្ញុំមើលឃើញថា ចៅសង្កាត់ក្នុងពេលសព្វថ្ងៃហាក់ដូចជាបម្រើបក្សច្រើនជាងប្រជាពលរដ្ឋ”។

គណបក្សប្រជាជនកម្ពុជាឈ្នះគូប្រជែងនៅក្នុងសង្កាត់នេះដែលស្ថិតនៅភាគខាងជើងរាជធានី ប្រហែល៩០០សំឡេងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។ សម្រាប់លើកនេះ ប្រជាពលរដ្ឋបានលើកឡើងថា ការធ្វើឲ្យមានការមិនទុកចិត្តលើគណបក្សកាន់អំណាច គឺដោយសារការបំពេញការងារមិនបានល្អរបស់រដ្ឋាភិបាល មិនមែនដោយសារពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិនោះទេ។

អ្នកភូមិទាំងនេះបានលើកឡើងថា បើអ៊ីចឹងមែននោះ ការផ្ទុះកំហឹងរបស់គណបក្សប្រជាជនកម្ពុជាចំពោះពាក្យស្លោកនេះហាក់បីដូចជាបង្ហាញឲ្យឃើញពីការបែកបាក់ដែលកើតចេញពីភាពភ័យខ្លាច រវាងគណបក្សកាន់អំណាចនេះនិងប្រជាពលរដ្ឋដែលធ្លាប់បោះឆ្នោតឲ្យគណបក្សនេះ។

អ្នកស្រី ចាន់សារ៉ែន ដែលបានរៀបការជាមួយទាហានម្នាក់ ធ្លាប់ជាអ្នកធ្វើយុទ្ធនាការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកកោតសរសេើរយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដោយសាររដ្ឋាភិបាលជាអ្នកបើកប្រាក់បៀវត្សរ៍ឲ្យប្តីរបស់អ្នកស្រី។

ចុះពីផ្លូវជាតិនេះ ចម្ងាយពីរបីរយម៉ែត្រ នៅឯហាងកាហ្វេមួយកន្លែង មេភូមិម្នាក់ និងមន្ត្រីនគរបាលសង្កាត់ម្នាក់បានសំដែងមន្ទិលពោរពេញដោយក្តីព្រួយបារម្ភចំពោះចៅសង្កាត់រូបនេះ។ មន្ត្រីនគរបាលរូបនេះដែលមានអាយុ៥៥ឆ្នាំ និងដែលស្នើសុំមិនបញ្ចេញ ឈ្មោះព្រោះខ្លាចបាត់បង់ការងារនោះបាននិយាយថា “ពាក្យស្លោកនេះគ្មានអីខុសនោះទេ”។ លោកបានបន្ថែមថា “ពីព្រោះ បើចៅសង្កាត់រូបនេះបម្រើបក្ស តើឲ្យយើងរក្សាទុកគាត់ជាចៅសង្កាត់តទៅមុខ ទៀតដូចម្តេចទៅ?ខ្ញុំធ្វើការបម្រើរដ្ឋាភិបាល។ ប៉ុន្តែ យើងមិនហ៊ាននិយាយថា តើមានអំពើពុករលួយក្នុងដល់ថ្នាក់ណានោះឡើយ”។

រីឯ មេភូមិ វិញដែលមាន អាយុ៧២ឆ្នាំ ដែលស្នើសុំមិនបញ្ចេញឈ្មោះដែរនោះបានលើកឡើងថា “បងប្អូនគឺជាខ្មែរ បងប្អូនគឺជាខ្មែរ ខ្ញុំក៏ជាខ្មែរដែរ”។ មេភូមិរូបនេះបានបន្ថែមថា “យើងទាំងអស់គ្នាសុទ្ធតែបានដឹងពីអ្វីដែលកំពុងកើតឡើង”។ មន្ត្រីរូបនេះបានលើកឡើងបន្តទៀតថា “ខ្ញុំសូមស្នើឲ្យមន្ត្រីរដ្ឋាភិបាលកំពូលៗឈប់វាយប្រហារគណបក្សប្រឆាំងទៀត”។ មេភូមិរូបនេះបានមានប្រសាសន៍ទៀតថា “សង្កាត់នេះក្រណាស់ ចុះហេតុអ្វីបានជាអស់លោកមិនស្វែងរកដំណោះស្រាយជូនពួកយើង?”។

នៅក្នុងញត្តិថ្កោលទោសរបស់ខ្លួន លោក មូល វីរៈ បានអះអាងថា លោកបានធ្វើរឿងទាំងអស់នោះរួចហើយ។លោកបានអួតអាងថា សង្កាត់របស់លោកបានកសាងផ្លូវបេតុងចំនួន២១ខ្សែ ដាក់ប្រព័ន្ធលូថ្មីគ្រប់ទំហំបាន២១ខ្សែ និងបានស្តារប្រឡាយលូជាច្រើន ខ្សែ ព្រមទាំងបានចេញសំបុត្របញ្ជាក់កំណើត ផ្តល់អត្តសញ្ញាណប័ណ្ណ និងចេញសៀវភៅស្នាក់នៅផងដែរ។

លោក មូល វីរៈ បានលើកឡើងតាមទូរស័ព្ទ កាលពីម្សិលមិញថា “យើងមិនបម្រើខ្លួនឯងឯណា [ បក្ស] យើងបម្រើប្រជាពលរដ្ឋ យើងមិនដែលប្រកាន់និន្នាការនយោបាយទេ”។ លោកបានបន្ថែមថា “គោលការណ៍នេះ[ពាក្យ ស្លោករបស់គណបក្សសង្គ្រោះជាតិ] មើលងាយការខិតខំប្រឹងប្រែងរបស់យើងខ្លាំងណាស់”។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានធ្វើការលើកឡើងស្រដៀងគ្នានេះក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រ ដោយគំរាមចាត់វិធានការចំពោះគណបក្សសង្គ្រោះ ជាតិ ប្រសិនបើគណបក្សនេះបន្តប្រើប្រាស់ពាក្យស្លោកវាយប្រហារដោយប្រយោលទៅលើមេឃុំ ចៅសង្កាត់គណបក្សប្រជាជន។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានលើកឡើងកាលពីម្សលមិញថា “នៅពេលគេលើកគោលនយោបាយេនះឡើង វាប៉ះពាល់ដល់សតិអារម្មណ៍ និងមាក់ងាយទៅលើការខិតខំប្រឹងប្រែងរបស់លោកលោកស្រីចៅសង្កាត់យើង”។

ប៉ុន្តែ មេភូមិដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប៉ាន់ប្រមាណថា អាជ្ញាធរសង្កាត់និងខណ្ឌអនុម័តយល់ព្រមសំណើតែមួយប៉ុណ្ណោះ ក្នុងចំណោមសំណើ១០ ដែលលោកបានដាក់ជូនដើម្បីស្នើសុំគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្តល់សេវាផ្សេងៗនៅក្នុងភូមិរបស់លោក។

ដោយប្រៀបធៀបការណែនាំរបស់មន្ត្រីសង្កាត់ និងខណ្ឌ និងព័ត៌មានដែលខ្លួនបានស្តាប់តាមវិទ្យុអាស៊ីសេរីនោះ លោកបានមាន ប្រសាសន៍ថា “ពេលដែលថ្នាក់លើរបស់យើង និយាយគឺវាផ្ទុយពីអ្វីដែលយើងបានដឹងតាមរយៈការស្តាប់វិទ្យុ”។ លោកបានបន្តថា “ថ្នាក់ដឹកនាំកំពូលៗនិយាយតែរឿងល្អៗប៉ុណ្ណោះ មិនដែលនិយាយរឿងអវិជ្ជមានទេ”។

លោកបានបន្ថែមថា ការចាត់វិធានការរបស់រដ្ឋាភិបាលលើអ្នករិះគន់ខ្លួនបានធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចចំពោះអាជ្ញាធរនៅក្នុងមូលដ្ឋាន”។

មន្ត្រីនគរបាលខាងលើដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា “បងប្អូនគួរតែដឹងហើយហេតុអ្វីយើងមិនចង់បញ្ចេញឈ្មោះ”។ លោកបានបន្ថែមថា “លោក កែម ឡី បានរិះគន់ច្រើនណាស់ ហើយតើអ្វីបានកើតឡើងចំពោះគាត់? លោក គឹម សុខ ក៏បានរិះគន់ច្រើនណាស់ដែរចុះតើឥឡូវវាទៅជាយ៉ាងម៉េចហើយ?។

លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តារម៉ាតមួយកន្លែងកាលពីខែកក្កដា រីឯលោក គឹម សុខ វិញត្រូវបានចាប់ដាក់ ពន្ធនាគារកាលពីខែមុនដោយសារទំនងជាបានបន្ទោសការធ្វើឃាតលោក កែម ឡី លើរដ្ឋាភិបាល ពេលផ្តល់បទសម្ភាសន៍តាមវិទ្យុ។

លោក មូហាម៉េដ អូម៉ា ជាងដែកដែលសម្រាកនៅខាងក្រៅកន្លែងធ្វើការរបស់ខ្លួនក៏បានរិះគន់លើរដ្ឋាភិបាលចំពោះការអភិវឌ្ឍ ដ៏យឺតនៅក្នុងសង្កាត់នេះផងដែរ។

លោកបាននិយាយដោយសំដៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “បងប្អូនឃើញហើយឥឡូវនេះ អំណាចគឺស្ថិតនៅក្នុងដៃរបស់មេដឹកនាំ តែម្នាក់គត់”។ លោកបានបន្តថា “គាត់អាចធ្វើអ្វីក៏បានតាមចិត្តចង់។ ប្រសិនបើយើងនិយាយអ្វីអាក្រក់យើងអាចត្រូវបានចាប់ខ្លួន”។

ជាងដែកអាយុ៥២ឆ្នាំរូបនេះបាននិយាយ ទៅកាន់អ្នកយកព័ត៌មានបរទេសម្នាក់ថា “អ្នកមិនមែនរស់នៅកម្ពុជាទេ អ៊ីចឹងអ្នកមិនដឹងថា វាយ៉ាងម៉េចនោះទេ”។ ជាងដែករូបនេះបានបន្តទៀតថា “ប្រសិនបើអ្នកមានបញ្ហា អ្នក អាចធ្វើដំណើរត្រឡប់ទៅប្រទសរបស់អ្នកវិញបាន។ ចុះប្រជាពលរដ្ឋដែលរស់នៅទីនេះ?”។

មន្ត្រីនគរបាលខាងលើបានលើកឡើងទៀតថា ថ្នាក់លើរបស់ខ្លួនបានបញ្ជាឲ្យខ្លួនឃោសនាសម្រាប់គណបក្សកាន់អំណាចនៅតាមខេត្តនានាអំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ គណបក្សប្រជាជនកម្ពុជាមានអ្វីៗលើសពីគណបក្សប្រឆាំងឆ្ងាយបើនិយាយពាក់ព័ន្ធមូលនិធិ យានយន្ត និងកម្លាំងការងារ។

លោកបាននិយាយទាក់ទិននឹងលទ្ធផលដ៏អាក្រក់មិនធ្លាប់មានរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោត ចាប់តាំងពីឆ្នាំ១៩៩៨មកថា “ប៉ុន្តែ តើលទ្ធផលវាយ៉ាង ម៉េច?យើងទទួលបានសំឡេងឆ្នោតតែបន្តិចបន្តួចប៉ុណ្ណោះ”។ លោកបានបន្ថែមថា នៅអាណត្តិក្រោយប្រសិនបើរដ្ឋាភិបាល ឬតុលាការ នៅតែមិនផ្តល់យុត្តិធម៌យើងមិនអាចធានាថា ឈ្នះបានទេ”។

អ្នកស្រី ចាន់ សារ៉ែន ដែលជាជាងកាត់ដេរបានលើកឡើងទៀតថា អ្នកស្រីធ្លាប់ទទួល បានប្រាក់ដើម្បីធ្វើយុទ្ធនាការឃោសនាដល់គណបក្សប្រជាជនកម្ពុជា ដែលការខិតខំដើម្បី នាំសុខសន្តិភាពរបស់គណបក្សនេះត្រូវបានអ្នកស្រីកោតសរសើរនោះ។

អ្នកស្រីបាននិយាយថា”ប៉ុន្តែ ឥឡូវចិត្តរបស់ខ្ញុំបានងាកទៅរកគណបក្សប្រឆាំងវិញហើយ”។ អ្នកស្រីបបន្ថែមថា”ខ្ញុំចង់ចូលរួមក្នុង យុទ្ធនាការរបស់គណបក្សប្រឆាំងប៉ុន្តែ ខ្ញុំមិនហ៊ានបង្ហាញមុខជាមួយពួកគេទេ”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស