29 C
Phnom Penh

អនុប្រធាន​​​សាលា​​​ដំបូង​​​ត្រូវ​​​បានស៊ើប​​​អង្កេត​​​ពីការ​​​គំរាម​​​សម្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺបានសុំទោសក្រឡាបញ្ជីជាជនពិការម្នាក់ចំពោះការយកឈើច្រត់គ្រវែងចោលជាការលេងសើច ប៉ុន្តែមិនបានលើកឡើងពីការចោទប្រកាន់ដាច់ដោយឡែកមួយទៀតដែលថា លោកបានយកកាំភ្លើងខ្លីភ្ជង់ក្បាលបង្ខំឱ្យក្រឡាបញ្ជីនោះផឹកស្រាឡើយ។

យោងតាមការលើកឡើងរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលកំពុងស៊ើបអង្កេតករណីនេះបានឱ្យដឹងថា លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីបានដាក់ពាក្យបណ្ដឹងប្ដឹងលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងកាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សររបស់ខ្លួនលោក ឈៀវ គឹមហាក់ លើកឡើងថា លោកបានពិសាអាហារពេលល្ងាចជាមួយមិត្តភក្ដិនៅល្ងាចមួយកាលពីខែវិច្ឆិកាឆ្នាំមុន ស្រាប់តែពេលនោះលោក ម៉ែន វណ្ណៈ បានដើរចូលមកក្នុងភោជនីយដ្ឋាននោះ។

គាត់បាននិយាយថា “លោក ម៉ែន វណ្ណៈ ស្រវឹងស្រា ហើយបញ្ជាឱ្យខ្ញុំផឹកស្រាអស់ជាច្រើនកែវ។ ប៉ុន្តែដោយសារសុខភាពខ្ញុំមិនល្អ និងដោយសារខ្ញុំជាជនពិការផងនោះ វាលំបាកសម្រាប់ខ្ញុំក្នុងការបើកបរ  ប្រសិនបើខ្ញុំផឹកច្រើននោះ”។

គាត់បានបន្តថា “ខ្ញុំបានសុំការអនុញ្ញាតពីគាត់ឈប់ផឹក ប៉ុន្តែលោក ម៉ែន វណ្ណៈ មិនយល់ព្រមឡើយ ហើយបានបង្ខំឱ្យខ្ញុំផឹកបន្ថែមទៀត ប៉ុន្តែខ្ញុំបានបដិសេធ ហើយបន្ទាប់មកគាត់បានដកកាំភ្លើងខ្លីចេញពីកាបូប  អាមេ ហើយយកមកភ្ជង់ក្បាលនិងពោះរបស់ខ្ញុំ ហើយគំរាមបាញ់សម្លាប់ខ្ញុំ បើខ្ញុំមិនព្រមផឹក”។

គាត់បាននិយាយថា ពេលនោះមេរបស់គាត់បានយកគ្រាប់កាំភ្លើងដាក់ក្នុងកែវរបស់គាត់ ហើយប្រាប់ឱ្យគាត់ផឹក តែគាត់បានបដិសេធ។ ដំបូងឡើយ គាត់សម្រេចមិនដាក់ពាក្យបណ្ដឹងទេ ដោយខ្លាចញញើតមេរបស់ខ្លួន ប៉ុន្តែបានប្ដូរចិត្តវិញបន្ទាប់ពីមានហេតុការណ៍មួយទៀតកាលពីថ្ងៃទី៦ ខែមីនា ខណៈដែលគាត់នៅខាងក្រៅពិធីជប់លៀងមួយស្រាប់តែពេលនោះលោក ម៉ែន វណ្ណៈ បានយកឈើច្រត់របស់គាត់គ្រវែងចោលពីកន្លែងដែលគាត់កំពុងអង្គុយ ហើយបានសើចចំអកពីជើងពិការរបស់គាត់។

លោក គឹម សន្តិភាព បានមានប្រសាសន៍កាលពីម្សិលមិញថា លោក អង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើឱ្យស៊ើបអង្កេតករណីនេះជាបន្ទាន់។

លោកថ្លែងថា “យើងបានចុះទៅសាលាដំបូងខេត្តកាលពីថ្ងៃសុក្រ ហើយបានសួរនាំមនុស្សមួយចំនួននៅទីនោះ ប៉ុន្តែខ្ញុំឥឡូវនេះមិនអាចប្រាប់លទ្ធផលដល់អ្នកបានទេ ព្រោះការស៊ើបអង្កេតមិនទាន់បញ្ចប់នៅឡើយ”។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរចុះកាលបរិច្ឆេទថ្ងៃសុក្រ លោក ម៉ែន វណ្ណៈ បានសុំទោសចំពោះការយកឈើច្រត់គ្រវែងចោល ដែលលោកនិយាយថាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ប៉ុន្តែមិនបាននិយាយពីហេតុការណ៍យកកំាភ្លើងភ្ជង់ឡើយ។

គេមិនអាចទាក់ទងលោក ឈៀវ គឹមហាក់ និងលោក ម៉ែន វណ្ណៈ ដើម្បីសុំអត្ថាធិប្បាយបានទេ។

លោក កែវ សុធា ប្រធានតុលាការបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានព្យាយាមសម្របសម្រួលរកដំណោះស្រាយចំពោះវិវាទនេះ ប៉ុន្តែយល់ព្រមចារលើពាក្យបណ្ដឹងនេះក្រោយពីលោក ឈៀវ គឹមហាក់ មិនព្រមទទួលយកការសុំទោសរបស់លោក ម៉ែន វណ្ណៈ៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស