ក្រុមមន្ត្រីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតីថ្មីមួយក្នុងខេត្តកណ្ដាល ដែលនឹងផ្តល់កន្លែងស្នាក់នៅដល់អ្នកជាប់ឃុំមកពីមណ្ឌលអប់រំកែប្រែព្រៃស្ពឺដែលមានឈ្មោះមិនល្អស្ថិតក្នុងរាជធានីភ្នំពេញ ក្នុងចំណោមមណ្ឌលផ្សេងៗទៀត នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីសាលារាជធានីកាលពីម្សិលមិញ។
លោក ឯម ចាន់មករា អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះនឹងសាងសង់រួចរាល់នៅចុងឆ្នាំនេះ ហើយនឹងផ្ដល់កន្លែងស្នាក់នៅដល់អ្នកជំងឺពី៣០០ទៅ៥០០នាក់។ លោកបានមានប្រសាសន៍ថា ក្រុមមន្ត្រីកំពុងពិភាក្សាថាតើនឹងត្រូវផ្ដល់សេវាអ្វីខ្លះនៅមជ្ឈមណ្ឌលថ្មីនេះ។
យោងតាមលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីសេវាបានឱ្យដឹងថា សេវាកម្មនៅកន្លែងថ្មីនេះនឹងមិនគិតថ្លៃឡើយសម្រាប់អ្នកជំងឺទាំងអស់ រួមទាំងជនវិបល្លាសស្មារតីជាង១០០នាក់ដែលនឹងត្រូវផ្លាស់មកពីមណ្ឌលព្រៃស្ពឺ ដែលត្រូវគេហៅផ្លូវការថាមណ្ឌលសង្គមកិច្ចភ្នំពេញ។
លោកមានប្រសាសន៍ថា ”យើងនឹងមានមជ្ឈមណ្ឌលមួយដែលនឹងព្យាបាលពួកគាត់ឱ្យបានល្អប្រសើរ។ ព្រៃស្ពឺមិនមែនជាមណ្ឌលសម្រាប់ព្យាបាលទេ”។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ការសាងសង់មជ្ឈមណ្ឌលថ្មីនេះដែលស្ថិតនៅលើផ្ទៃដី២,៦ហិកតាក្នុងចំណោមបរិវេណមណ្ឌលកុមារកំព្រាទំហំ៧ហិកតាស្ថិតក្នុងឃុំឃុំបាគូរ ស្រុកកណ្ដាលស្ទឹងនោះ នឹងទទួលបានមូលនិធិទាំងស្រុងពីសាលារាជធានី។ លោកបានថ្លែងថា ក្រសួងសង្គមកិច្ចនឹងគ្រប់គ្រងមជ្ឈមណ្ឌលនេះនៅពេលសាងសង់រួចរាល់។
លោក ម៉េត មាសភក្ដី បានមានប្រសាសន៍ថា អាជ្ញាធររាជធានីនឹងនាំយកជនវិបល្លាសស្មារតី និងជនអនាថាដែលរស់នៅតាមដងផ្លូវក្នុងរាជធានីទៅដាក់មណ្ឌលព្រៃស្ពឺ ហើយនឹងស្វាគមន៍ពីលទ្ធភាពផ្ទេរពួកគេមកកាន់មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី។
លោក ម៉េត មាសភក្តី បានថ្លែងថា “ប្រសិនបើមានជនវិបល្លាសស្មារតីរស់នៅពាសវាលពាសកាលក្នុងរាជធានី វាមិនល្អសម្រាប់សណ្ដាប់ធ្នាប់សាធារណៈឡើយ។ដូច្នេះហើយយើងបញ្ជូនពួកគាត់ទៅកន្លែងសមរម្យដើម្បីមើលថែពួកគាត់។ ពួកគាត់នឹងទទួលបានផាសុកភាព ហើយនឹងត្រូវបានមើលថែត្រឹមត្រូវ”។
ព្រៃស្ពឺគឺជាគោលដៅនៃការរិះគន់ឥតឈប់ឈររយៈពេលជាង១ទសវត្សរ៍កន្លងមកថាជាកន្លែងឃុំខ្លួនខុសច្បាប់ និងការថែទាំមិនបានត្រឹមត្រូវ ហើយត្រូវបានញាំញីដោយការរត់គេចខ្លួនជារឿយៗ ការស្លាប់ដោយមានមន្ទិលសង្ស័យ និងការអះអាងពីការប្រើអំពើហិង្សា និងការរំលោភបំពានផ្លូវភេទពីសំណាក់សន្តិសុខជាដើម។
នៅក្នុងសុន្ទរកថាកាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ក្រុមអាជ្ញាធរឱ្យកែលម្អមណ្ឌលនេះ បើមិនដូច្នោះទេបិទចោលតែម្ដងទៅ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា លោករីករាយដែលរដ្ឋាភិបាលព្យាយាមបំពេញគម្លាតដ៏ធំក្នុងការថែទាំជនវិបល្លាសស្មារតី។ លោកបានថ្លែងថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានផ្ដល់ការព្យាបាលជនវិបល្លាសស្មារតីមួយចំនួន ប៉ុន្តែខ្វះការថែទាំអ្នកជំងឺប្រភេទនេះរយៈពេលយូរអង្វែង។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានថ្លែងថា លោកសង្ឃឹមថាមជ្ឈមណ្ឌលថ្មីនេះនឹងផ្ដល់នូវអ្វីដែលមណ្ឌលព្រៃស្ពឺខ្វះខាត ដូចជា ការថែទាំសុខភាពផ្លូវចិត្តជាដើម។
លោក អំ សំអាត បានមានប្រសាសន៍ថា “នៅពេលយើងសាងសង់អគារនេះ ឬមន្ទីរពេទ្យ យើងត្រូវការអ្នកជំនាញពិតប្រាកដ វេជ្ជបណ្ឌិតដែលមានជំនាញក្នុងវិស័យនេះ និងការបណ្ដុះបណ្ដាលបន្ថែមសម្រាប់ព្យាបាលអ្នកជំងឺ”៕ សារុន