26 C
Phnom Penh

តុលាការកំពូល​ច្រាន​ចោល​​​​​​​សំណើ​​​​​​សុំ​នៅ​ក្រៅឃុំ​​របស់​មន្ត្រី​​​​​​​​​​​​​​​​​​អាដហុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុកនឹងនៅតែជាប់ពន្ធនាគារដដែល  បន្ទាប់ពីតុលាការកំពូលកាលពីម្សិលមិញ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលសម្រេចបន្តឃុំខ្លួនពួកគាត់ ខណៈរង់ចាំសវនាការនៅឡើយ  ប៉ុន្តែមិនបានប្រាប់ហេតុផលនៃការសម្រេចនេះទេ។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក និងអនុប្រធានរបស់លោកគឺលោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត ព្រមទាំងលោកស្រី លឹម មុន្នី ដែលជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ បានជាប់ពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញអស់រយៈពេលជាង១០ខែមកហើយ បន្ទាប់ពីត្រូវបានចោទប្រកាន់កាលពីខែឧសភាពីបទសូកបា៉ន់ស្រីកំណាន់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឱ្យនាងឆ្លើយបដិសេធស្នេហាលួចលាក់របស់ខ្លួន។

សំណើសុំដោះលែងនៅក្រៅឃុំរបស់ពួកគាត់ត្រូវបានសាលាឧទ្ធរណ៍ច្រានចោលជាលើកទី៤កាលពីខែមុន។

លោកស្រី លឹម មុន្នី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុកដែលជាប់ពន្ធនាគារ ពេលទៅដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកស្រី លឹម មុន្នី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុកដែលជាប់ពន្ធនាគារ ពេលទៅដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ហេង ព្រីយ៉ា បានថ្លែងទៅកាន់សាលសវនាការកាលពីម្សិលមិញថា “តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ”។ ទោះជាយ៉ាងណា លោកមិនបានផ្ដល់ការបកស្រាយណាមួយទេ។

លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងជាអតីតមន្ត្រីបម្រើការងារនៅសមាគមអាដហុក ត្រូវបានចោទប្រកាន់ពីបទសមគំនិតកាលពីខែឧសភា  រួមជាមួយមន្ត្រីសិទ្ធិមនុស្សទាំងបួនរូបខាងលើ។ លោកមានសវនាការជំនុំជម្រះដោយឡែកមួយនៅថ្ងៃទី២៤ ខែមីនា។

ការឃុំខ្លួនបុគ្គលទាំងប្រាំរូបនេះត្រូវបានបន្ថែមរយៈពេល៦ខែកាលពីខែតុលា។

ព្រះរាជអាជ្ញារង ចាន់ តារារស្មី បានលើកឡើងកាលពីសប្ដាហ៍មុនថា ចាំបាច់ត្រូវតែឃុំខ្លួនបុគ្គលទាំងបួនរូបនេះ ពីព្រោះអ្នកស៊ើបអង្កេតកំពុងសាកសួរសាក្សីនៅឡើយ។ លោកមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

ទោះជាយ៉ាងណា លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា សាលដីកានេះផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (ស្តាំ) និងអនុប្រធានរបស់លោកគឺ លោក យី សុខសាន្ត ពេលទៅដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកស្រីថ្លែងថា “ការឃុំខ្លួនបុគ្គលទាំងប្រាំរូបរយៈពេលជិត១ឆ្នាំគិតរហូតមកទល់ពេលនេះ ដោយគ្មានភ័ស្តុតាងបញ្ជាក់ពីមូលហេតុបន្តឃុំខ្លួនពួកគាត់  គឺប្រឆាំងនឹងសិទ្ធិដែលត្រូវបានការពារជាអន្តរជាតិ និងដោយរដ្ឋធម្មនុញ្ញដែលសន្មតថាគ្មានទោសពៃរ៍ ព្រមទាំងសិទ្ធិរបស់ពួកគាត់ក្នុងការទទួលបានការកាត់ទោសក្នុងពេលវេលាសមរម្យ”។

លោក ឡោ ចន្ធី មេធាវីការពារក្រុមនេះមានបំណងសរសេរលិខិតផ្ញើទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំហេតុផលសម្រាប់ការបន្ថែមការឃុំខ្លួននេះ។ លោកបានបន្តថា តុលាការមិនបានបញ្ជាក់ថាការស៊ើបអង្កេតសម្រាប់សវនាការនេះនឹងបញ្ចប់នៅពេលណា ឬថាតើខ្លួនមានគម្រោងបន្ថែមការឃុំខ្លួនអ្នកទោសទាំងនេះម្ដងទៀតនៅខែក្រោយឬយ៉ាងណានោះទេ នៅពេលការបន្ថែមទោសរយៈពេល៦ខែបច្ចុប្បន្នបញ្ចប់។ តុលាការត្រូវបានអនុញ្ញាតឱ្យបន្ថែមការឃុំខ្លួនរយៈពេល៦ខែដល់ទៅ២ដង។

លោកស្រី ចក់ សុភាព ថ្លែងថា “បើសមត្ថកិច្ចមានភ័ស្តុតាង គួរតែនាំខ្លួនបុគ្គលទាំងប្រាំរូបទៅជំនុំជម្រះដោយគ្មានការពន្យារពេល។ បើអត់ទេ គួរតែដកការចោទប្រកាន់លើពួកគាត់ភ្លាមៗ ហើយអនុញ្ញាតឱ្យអ្នកទាំងប្រាំរូបត្រឡប់ទៅផ្ទះវិញ ជួបជុំអ្នកជាទីស្រឡាញ់របស់ពួកគាត់ដែលបានរងការឈឺចាប់ដោយសារការបែកគ្នាអស់រយៈពេលជាង១០ខែមកហើយ”៕ សុខុម (រាយការណ៍បន្ថែមដោយ Hannah Hawkins)

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស