30 C
Phnom Penh

គ្រាប់​បែក​ចាស់ៗ​ ធ្វើ​ឱ្យ​ជម្លោះ​បំណុល​សម័យ​សង្គ្រាម​ផ្ទុះ​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានប្រតិបត្តិករដោះមីនធំបំផុតនៅកម្ពុជា បានលើកឡើងពីការកម្ទេចចោលកាលពីម្សិលមិញ នូវគ្រាប់បែកអាមេរិក ពីរគ្រាប់ដែលមានអាយុកាលច្រើនទសវត្សរ៍ នៅក្នុងកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យអាមេរិក អាម៉ាស់មុខព្រមលុបចោលបំណុលសម័យសង្គ្រាមកើនឡើងខ្ពស់ ដែលពេលនេះមានចំនួនរហូតដល់ទៅប្រមាណ៥០០លានដុល្លារ។

អង្គភាពមុជទឹកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានចំណាយពេលប្រហែល២ម៉ោង ដើម្បីដោះគ្រាប់បែកទាំងនោះចេញពីទឹកជម្រៅប្រមាណ១ម៉ែត្រក្នុងបឹងព្រលូង នេះបើយោងតាមការឱ្យដឹងពីលោក ប៉ាល់ ជឿន អធិការស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកមានប្រសាសន៍ថា “ប្រជាពលរដ្ឋប្រទះឃើញវាយូរហើយនៅ ‘ឆ្នាំ៨០ ឬ៨១’។ ទឹកមានជម្រៅរាក់ ហើយពួកគាត់បានប្រទះឃើញវានៅពេលនេសាទ”។

WP-LastImage-18-800x533លោកបានបន្ថែមទៀតថា  ជាញឹកញាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរមៀល ហើយឱបគ្រាប់បែកទាំងនោះពេលកំពុងលេងទឹកប៉ុន្តែទីបំផុតបានឈប់ធ្វើបែបនេះប្រហែល១០ឆ្នាំមុន បន្ទាប់ពីអតីតយុទ្ធជនដែលស្គាល់យុទ្ធភណ្ឌទាំងនោះបានព្រមានពួកគេអំពីគ្រោះថ្នាក់។  គ្រាប់បែកទាំងនោះស្ថិតក្នុងចំណោមយុទ្ធភណ្ឌជាង៥០០.០០០តោនដែលសហរដ្ឋអាមេរិក បានទម្លាក់លើទឹកដីកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ក្នុងប្រតិបត្តិការដេញតាមកម្ទេចកងកម្លាំងវៀតណាមខាងជើង ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ទោះបីជា CMAC មានបទពិសោធន៍កម្ចាត់គ្រាប់មីន និងយុទ្ធភណ្ឌចាស់ៗច្រើនទសវត្សរ៍មកហើយក្ដី ក៏មជ្ឈមណ្ឌលនេះនៅតែខ្វះបទពិសោធន៍ដោះមីនក្រោមទឹក ហើយទើបតែពីរបីឆ្នាំមុនប៉ុណ្ណោះដែលអ្នកដោះមីនទទួលបានការបណ្ដុះបណ្ដាលក្រោមជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិក។

លោក ហេង រតនា អគ្គនាយក CMAC មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប៉ុន្តែនៅលើទំព័រហ្វេសប៊ុករបស់លោក លោកបានបញ្ជាក់ថា គ្រាប់បែកទាំងពីរជាប្រភេទគ្រាប់បែក MK-82 ដែលមានប្រវែងប្រហែល២,២ម៉ែត្រ និងទម្ងន់ប្រហែល៥០០ផោន (២២៧គីឡូ)។

លោកក៏បានឆ្លៀតឱកាសនេះដើម្បីវាយប្រហារសហរដ្ឋអាមេរិក ផងដែរចំពោះការបន្តទទូចឱ្យកម្ពុជា សងបំណុលដើម២៧៤លានដុល្លារបូករួមការប្រាក់ដែលខ្លួនបានឱ្យកម្ពុជា ខ្ចីកាលពីសម័យនោះ ហើយជាលទ្ធផលគ្រាប់បែកយ៉ាងច្រើនត្រូវបានទម្លាក់លើបណ្តាខេត្តភាគឦសាន។ មួយចំនួនធំនៃគ្រាប់បែកទាំងនោះមិនបានផ្ទុះទេ នៅពេលធ្លាក់ដល់ដី ហើយបានបន្តផ្ដាច់ជីវិត និងបង្កពិការភាពដល់ប្រជាពលរដ្ឋកម្ពុជា ជារៀងរាល់ឆ្នាំ។

លោកសរសេរថា “ស្ថានភាពបែបនេះគួរហៅថា៖ បងធំប្រមូលលុយ ហើយប្អូនតូចមានការភ័យខ្លាច សោកនាដកម្ម និងការស្លាប់កាន់តែច្រើន។ ដោយសារបំណុលជំពាក់ដោយសារសង្គ្រាម ធនាគារធំៗបានប្រើលក្ខខណ្ឌ និងដាក់សម្ពាធសេដ្ឋកិច្ច ជាកត្តាមួយដែលជាផ្នែកនៃបញ្ហា។ កម្ពុជាកំពុងព្យាយាមងើបពីទុក្ខវេទនា ភាពក្រីក្រ និងការភ័យខ្លាច”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនសងប្រាក់ដើម ឬការប្រាក់នេះឡើយ ពីព្រោះរដ្ឋាភិបាលមុនជាអ្នកជំពាក់ ហើយលោកមានប្រសាសន៍ថា សេចក្ដីសម្រេចនេះបានរារាំងកម្ពុជា មិនឱ្យទទួលបានឥណទានថ្មីៗពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកាមក លោក ហ៊ុន សែន បានរំឭកសាធារណជនម្តងហើយម្តងទៀតអំពីយុទ្ធនាការទម្លាក់គ្រាប់បែកសម័យសង្គ្រាមរបស់អាមេរិក ហើយនេះជាការព្យាយាមយ៉ាងច្បាស់ក្រឡែតដើម្បីធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាម៉ាស់មុខព្រមលុបចោលបំណុលនេះ។ ជាការឆ្លើយតប ស្ថានទូតអាមេរិក បានទាមទារម្ដងហើយម្ដងទៀតឱ្យកម្ពុជា សងបំណុលនេះ៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស