37.2 C
Phnom Penh

ធានាគារជាតិ​នៃ​កម្ពុជា​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​​ឥណទាន​១៨% ដោយ​បង្ក​ឲ្យ​មាន​ការ​​​ព្រួយបារម្ភ​​​​​​យ៉ាង​​​ខ្លាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីម្សិលមិញថា ខ្លួនសម្រេចកំណត់ពិដានអត្រាការប្រាក់ឥណទាន១៨ភាគរយសម្រាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយធ្វើឲ្យមានការព្រួយបារម្ភថា អ្នកផ្តល់កម្ចីនឹងឈប់ផ្តល់កម្ចីតូចៗ ដែលជារឿយៗតែងតែជួយដល់អ្នកភូមិក្រីក្របំផុតនោះ។

វិធានការនេះដែលនឹងដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៧នេះជាកំហិតនោះ ផ្ទុយពីការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវសេដ្ឋកិច្ចម្នាក់នៅធនាគារជាតិនៃកម្ពុជានេះនៅក្នុងរបាយការណ៍មួយចេញកាលពីឆ្នាំមុនដែលផ្តល់មតិជំទាស់នឹងការបង្កើតពិដានអត្រាការប្រាក់ឥណទាន ដោយ លើកឡើងពីផលប៉ះពាល់លើអ្នកខ្ចីប្រាក់តូចតាច។

ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីម្សិលមិញនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ដោយអត្រាការប្រាក់ប្រចាំឆ្នាំជាមធ្យមមានហានិភ័យខ្ពស់ កម្ចីតូចៗដែលបច្ចុប្បន្នយកការប្រាក់ពី២០ទៅ៣០ភាគរយនោះ ពិដានការប្រាក់ថ្មីនេះនឹង “ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់ក្នុងអត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធភាព”។

សេចក្តីប្រកាសព័ត៌មានទី២ដែលចេញដោយធនាគារជាតិនៃកម្ពុជាដដែលនេះបានលើកឡើងថា វិធានថ្មីនេះមានប្រសិទ្ធភាពអនុវត្តចំពោះកិច្ចសន្យាឥណទានថ្មីរួមទាំងឥណទានរៀបចំឡើងវិញ (Restructured Loan)។មន្ត្រីធនាគារជាតិនៃកម្ពុជាមិនអាចទាក់ទងដើម្បីសុំធ្វើការអត្ថាធិប្បាយបានទេ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលសិក្សាស្រាវជ្រាវដោយលោក ឡេង សុខឡុង អគ្គទេសាភិបាលរងនៃធនាគារជាតិនេះនៅពេលនោះ និងដែលចេញកាលពីខែវិច្ឆិកានោះ ការដាក់ចេញនូវពិដានការប្រាក់ឥណទាននេះប្រហែលជាធ្វើឲ្យ “ធនាគារនានាបដិសេធមិនផ្តល់ឥណទានដល់អ្នកក្រីក្រ”។

របាយការណ៍នេះបានលើកឡើងថា ការកំណត់អត្រាការប្រាក់ប្រហែលជាបង្កើនអត្រាការប្រាក់ក្រៅផ្លូវការដល់អ្នកខ្ចី ធ្វើឲ្យការទទួលបានកម្ចីតូចៗធ្លាក់ចុះ និងទីបំផុតពង្រីកទីផ្សារដល់អ្នករកស៊ីចងការប្រាក់។

cam-photo-nbc-channa-800x533ក្រុមអ្នកវិភាគកាលពីម្សិលមិញ បានបន្ទរតាមក្តីព្រួយបារម្ភជាច្រើនដែលបានលើកឡើងក្នុងរបាយការណ៍នេះ ដោយមានអ្នកខ្លះលើកឡើងថា ការកំណត់កាត់បន្ថយអត្រាការប្រាក់នេះ អាចធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកខ្ចីជាពិសេសពលរដ្ឋអ្នកក្រីក្រខ្លាំងដែលរដ្ឋាភិបាលលើកឡើងថា មានបំណងជួយពួកគាត់នោះ។

លោក ជូ ង៉ែត ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋ កិច្ច និងអភិវឌ្ឍន៍នៅក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting បានព្យាករថា វិធានការនេះអាចធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពាក់កណ្តាលក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ដែលមានប្រតិបត្តិការនៅ កម្ពុជាក្ស័យធន។

លោកបានមានប្រសាសន៍ថា “ដល់ពេលតែដាក់ប៉ុណ្ណឹងទៅ Revenue(ប្រាក់ចំណូល) របស់គាត់ត្រូវធ្លាក់ខ្លាំង ប៉ុន្តែ Fixed Costs (ការចំណាយថេរ) ដូចជាប្រាក់ខែ ថ្លៃឈ្នួលផ្សេងៗ និង Financial costs (បន្ទុកចំណាយហិរញ្ញវត្ថុ)នៅតែដដែល ហើយការខ្ចីលុយពីបរទេសមកក៏ការប្រាក់នៅតែដដែលដែរ”។

លោកបានមានប្រសាសន៍បន្ថែមថា “កម្ចីកាន់តែតូច អត្រាការប្រាក់កាន់តែខ្ពស់ ដែលអាចរហូតដល់ ២ភាគរយ ឬ២,៥ភាគរយក្នុងមួយខែ និង២៤ទៅ៣០ភាគរយក្នុងមួយឆ្នាំ។ ហើយកម្ចីខ្លះអាចខ្ពស់ជាងនេះអាស្រ័យតាមស្ថាប័នមួយចំនួន”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “ថ្វីត្បិតតែយើងយល់ឃើញអ៊ីចឹង ជាពិសេសស្ថាប័នដែលផ្តល់កម្ចីជាក្រុម ជាធានាគារភូមិអាហ្នឹង វាត្រូវយកការប្រាក់ខ្ពស់ហើយ ព្រោះគាត់ត្រូវធ្វើប្រតិបត្តិការដល់ភូមិ ទាំងទម្លាក់កម្ចី និងប្រមូលកម្ចី គឺនៅភូមិ” ។

លោក ស្តេហ្វិន ហីកហ្គីន (Stephen Higgins) ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនវិនិយោគ និងផ្តល់ប្រឹក្សាយោបល់ Mekong Strategic Partners បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗភាគច្រើនបានចំណាយប្រតិបត្តិការនិងចំណាយផ្សេងៗលើសពីប្រាក់ចំណូលពីការយកអត្រាការប្រាក់ជាមធ្យម១៨ភាគរយលើសម្ពាធឥណទានរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា “យកត្រឹម១៨ ភាគរយនោះមានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើននឹងខាត”។ លទ្ធផលគឺថា អ្នកផ្តល់កម្ចីនឹងឈប់ផ្តល់កម្ចីតូចៗដែលមានទំហំទឹកប្រាក់៥០០ដុល្លារ ឬតិចជាងនេះដោយធ្វើឲ្យអ្នកក្រីក្រភាគច្រើនលែងទទួលបានឥណទានទៀតហើយ។

លោកបានបន្ថែមទៀតថា “ចាប់ពីថ្ងៃទី១ខែមេសាទៅ វានឹងមានផលលំបាកខ្លាំងសម្រាប់កសិករតូចតាចក្នុងការទទួលបានកម្ចី”។ លោកបានបន្ថែមទៀតថា “អ្នកដែលចង់បានកម្ចីតូចៗនឹងលែងទទួលបានទៀតហើយ លុះត្រាតែពួកគាត់ទៅរកអ្នកស៊ីចងការប្រាក់ដែលយកការប្រាក់ខ្ពស់ខ្លាំង”។

លោក សេ្តហ្វិន ហីកហ្គីន បានលើកឡើងទៀតថា ផលប៉ះពាល់ដែលមាននៅលើសេដ្ឋ កិច្ចជាតិ “នឹងធ្ងន់ធ្ងរខ្លាំង”។ លោកបានបន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិនិយោគប្រាក់ប្រហែលល១ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចនៅតាមទីជនបទជារៀងរាល់ថ្ងៃ។ ផលិតផលក្នុងស្រុកសរុប គឺប្រហែល១៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។

លោកបានថ្លែងថា “មនុស្សជាច្រើននឹងមានការលំបាកក្នុងការទិញជី ទិញគ្រាប់ពូជ លុះត្រាតែពួកកាត់ទៅរកខ្ចីប្រាក់ពីអ្នករកស៊ីចងការប្រាក់ដែលយកការប្រាក់មិនទៀងទាត់”។

លោកបានគូសបញ្ជាក់ទៀតថា កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏អាចត្រូវបានយកទៅប្រើប្រាស់សម្រាប់អ្វីផ្សេងៗទៀតដូចជាការជួសជុលផ្ទះជាដើម ដែលមានន័យថា វាធ្វើឲ្យការលក់របស់អ្នកផ្គត់ផ្គង់សម្ភារតាមមូលដ្ឋានប្រសើរឡើង និងផ្តល់ការងារដល់កម្មករក្នុងស្រុក។

លោក ស្តេហ្វិន ហីកហ្គីន បានមានប្រសាសន៍ ថា “សកម្មភាពសេដ្ឋកិច្ចទាំងអស់នោះនឹងលែងមានដំណើរការទៀតហើយ”។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហោះសារតាមទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ ដោយអះអាងថា ការដាក់ពិដានអត្រាការប្រាក់ឥណទាននេះនឹងជួយលុបបំបាត់បញ្ហាដែលបង្កឡើងដោយការយកអត្រាការប្រាក់ខ្ពស់។

លោកបានលើកឡើងថា បងប្អូនមួយចំនួន “បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងនោះដែលមានការប្រាក់ខ្ពស់រហូតដល់២០ភាគរយ ៣០ភាគរយក្នុងមួយឆ្នាំ ដែលធ្វើឲ្យពួក គាត់ប្រឈមនឹងបញ្ហា”។

ការយកអត្រាការប្រាក់១៨ភាគរយប្រចាំ ឆ្នាំ “នឹងជួួយជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង”។

ការសម្រេចនេះកើតមានឡើងស្របពេលរដ្ឋាភិបាលបានផ្សព្វផ្សាយជាសាធារណៈ ដោយជម្រាបថា រដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ ក្នុងនោះភាគច្រើនគេបានឮតាម Ringtones របស់ក្រុមហ៊ុនទូរស័ព្ទធំៗដោយប្រាប់ប្រជាពលរដ្ឋថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ។

លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា សារទាំងនោះមានសារៈសំខាន់ ព្រោះអ្នកនយោបាយមួយចំនួនបានសន្យាលុបបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិនបើពួកគេឡើងកាន់អំណាច ដែលលោកបានគូសបញ្ជាក់ថា នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធធនាគារ៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Matt Surrusco និង វណ្ណ រើន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស