35 C
Phnom Penh

ឈើ​​​គ្រញូង​​​នៅ​​​តំបន់​​​ឧទ្យាន​​បុរាណ​អង្គរ​ដែល​​​ត្រូវគេ​​​កាប់នោះ​​​​​​ ត្រូវបាន​​​ឆ្លាក់​​​ជា​​​រូប​​​សំណាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឈើគ្រញូងដែលបុគ្គលិកអាជ្ញាធរអប្សរាបានកាប់កាលពីខែវិច្ឆិកា បានប្រែរូបរាងថ្មីជារូបសំណាកប្រាំដែលតំណាងឱ្យប្រវត្តិសាស្ត្រ  និងវត្ថុស័ក្ដិសិទ្ធ ដើម្បីធ្វើឱ្យអ្នកភូមិដែលមានកំហឹងចំពោះការកាប់ដើមឈើដ៏ស័ក្តិសិទ្ធនេះស្ងប់ចិត្ត។

បុគ្គលិកប្រាំនាក់នៃអាជ្ញាធរអប្សរាដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ ក្នុងខេត្តសៀមរាប ត្រូវបានចាប់ខ្លួនតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានការរិះគន់ទូទាំងប្រទេសទាក់ទិនជោគវាសនាដើមឈើចំណាស់រាប់សតវត្សរ៍ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាបនេះ។

ក្រុមអ្នកភូមិនគរក្រៅនិយាយថា ពួកគាត់ជឿថាដើមឈើចំណាស់២០០ឆ្នាំនេះមានអារក្សអ្នកតាសណ្ឋិតនៅដែលពួកគាត់គោរពបូជា ហើយបានចោទបុគ្គលិកទាំងនេះថាមានផែនការយកឈើដ៏មានតម្លៃនេះទៅលក់ ដែលមានតម្លៃរហូតដល់រាប់ម៉ឺនដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ។

លោក មឹក រិទ្ធ ជាមេឃុំបានមានប្រសាសន៍កាលពីម្សិលមិញថា ព្រះសង្ឃគង់នៅវត្តថ្មីដំរីសែនជ័យ កន្លែងដែលឈើនេះត្រូវបានកាប់នោះបានចំណាយបច្ច័យឆ្លាក់ឈើនេះជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ស្ដេចសម័យអង្គរដែលមានកម្ពស់១ម៉ែត្រ ព្រមទាំងរូបសំណាកព្រះអង្គចេកព្រះអង្គចម។រូបសំណាកពីរផ្សេងទៀតក៏ត្រូវបានឆ្លាក់ផងដែរ។

WP-LastImage-21-800x533លោក មឹក រិទ្ធ បានមានប្រសាសន៍ថា ក្រុមអ្នកភូមិ “ឥឡូវនេះពួកគាត់មិនអីទេ។ ពួកគាត់ឈប់ខឹងទៀតហើយ។ ពួកគាត់មកជួយជាប្រាក់ជួយចេញថ្លៃជាងអីខ្លះ”។

លោក រិន វុ៉ន នាយប៉ុស្តិ៍សង្កាត់បានប៉ាន់ប្រមាណថា មានមនុស្សប្រហែល១០.០០០នាក់បានមកកាន់វត្តថ្មីដំរីសែនជ័យ ដើម្បីគោរពបូជារូបសំណាកនេះនៅក្នុងពិធីមានរយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីម្សិលមិញ។

លោក មឹក រិទ្ធ បាននិយាយថា ដើមឈើនេះបង្ហាញពីសញ្ញាដុះឡើងវិញ ព្រោះវាបានចេញពន្លក១,៥ម៉ែត្រ ដែលក្រុមអ្នកភូមិបានយកដង្វាយមកថ្វាយ។ លោកបាននិយាយថា លោកមិនប្រាកដថាឈើដែលនៅសល់ប្រវែង៣,៥ម៉ែត្រ មុខកាត់១ម៉ែត្រនឹងត្រូវគេយកទៅធ្វើអ្វីនោះទេ។

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានអះអាងកាលពីម្សិលមិញថា  ទន្ទឹមនឹងនោះដែរ មន្ត្រីអាជ្ញាធរអប្សរាប្រាំនាក់ដែលត្រូវបានចាប់ខ្លួននោះនៅជាប់ពន្ធនាគារនៅឡើយ។ លោកមានប្រសាសន៍ថា ការស៊ើបអង្កេតបានបញ្ចប់ហើយ ប៉ុន្តែលោកមិនទាន់ប្រាកដថាតើនឹងបើកសវនាការជំនុំជម្រះនៅពេលណានោះឡើយ។

មន្ត្រីជាន់ខ្ពស់ពីរនាក់ត្រូវបានចាប់ខ្លួនចំពោះការបញ្ជាឱ្យកាប់ដើមឈើនេះ រីឯបីនាក់ទៀតត្រូវបានចោទប្រកាន់ពីបទកាប់រំលំដើមឈើនេះ ខណៈដែលអ្នកភូមិប្រហែល៣០០នាក់បានឈរមើល។

មន្ត្រីទាំងនេះអះអាងថា ពួកគេគ្រាន់តែមករំលំដើមឈើមួយដើមដែលជនមិនស្គាល់មុខបានលួចកាប់រួចហើយតែប៉ុណ្ណោះ ព្រោះវាបង្កគ្រោះថ្នាក់ដល់អ្នកភូមិ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស