33 C
Phnom Penh

លោក កឹម សុខា មាន​ភាព​ជឿជាក់​ ខណៈ​លោក ស ខេង ធ្វើការវិភាគ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា រដ្ឋាភិបាលប្រហែលជាមិនទទួលស្គាល់គណបក្សប្រឆាំងទេនៅក្នុងការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើរកឃើញថា ការផ្ទេរតំណែងប្រធានបក្សទៅលោក កឹម សុខា បំពានបទបញ្ជាផ្ទៃក្នុងផ្ទាល់ខ្លួនរបស់គណបក្សសង្គ្រោះជាតិ។ ស្របពេលជាមួយគ្នានេះ លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា គណបក្សរបស់លោកនឹងមិនចាញ់ប្រៀបសត្រូវដែលខ្លួនស្គាល់ច្បាស់ឡើយ។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្មីមួយខ្សែនៅខេត្តកំពង់ស្ពឺ លោក ស ខេង មានប្រសាសន៍ថា លោកកំពុងពិនិត្យមើលឯកសារដែលគណបក្សសង្គ្រោះជាតិបានដាក់ជូនដើម្បីស្នើសុំឱ្យរដ្ឋាភិបាលទទួលស្គាល់សុពលភាពសមាជបក្សរបស់ខ្លួនធ្វើឡើងកាលពីដើមខែនេះ ដែលក្នុងនោះលោក កឹម សុខា ត្រូវបានតែងតាំងជាប្រធានគណបក្សក្រោយពីលោក សម រង្ស៊ី លាលែងពីតំណែង។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់បេក្ខភាពមេឃុំ-ចៅសង្កាត់ កាលពីម្សិលមិញនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់បេក្ខភាពមេឃុំ-ចៅសង្កាត់ កាលពីម្សិលមិញនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកមានប្រសាសន៍ថា “សុំប្រយ័ត្ន តាមដឹងលក្ខន្តិកៈរបស់គាត់ [CNRP] មុន កាលណាអវត្តមានប្រធានចាស់មិនដល់១៨ខែ គឺកន្លែងហ្នឹងគេទុកទំនេរ”។ ប៉ុន្តែជំនួសឱ្យការរង់ចាំរយៈពេលវែងបន្ទាប់ពីលោក សម រង្ស៊ី លាលែងពីតំណែង គណបក្សសង្គ្រោះជាតិបានលើកលោក កឹម សុខា ឱ្យធ្វើជាប្រធានគណបក្ស។

លោកបន្ថែមថា “អាហ្នឹងក្រែងគាត់មិនបានគោរពលក្ខខណ្ឌគាត់ តែខ្ញុំគ្រាន់តែស្មានទេ ដល់តែយកឯកសារមើល។ នេះជាអ្វីដែលខ្ញុំឮ”។

លោកបញ្ជាក់ថា ប្រសិនបើរកឃើញថា គណបក្សសង្គ្រោះជាតិបំពានបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន វានឹង “ពិបាកទទួលស្គាល់” គណបក្សនេះ ព្រោះគណបក្សផ្សេងនឹងធ្វើតាម ហើយមិនខ្វល់ពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។

សំណុំរឿងតុលាការជាច្រើនរបស់លោក សម រង្ស៊ី និងតំណែងរបស់លោកជាប្រធានគណបក្ស បានធ្វើឱ្យគណបក្សសង្គ្រោះជាតិងាយរងគ្រោះក្រោមវិសោធនកម្មដែលត្រូវបានអនុម័តថ្មីៗនេះលើច្បាប់ស្ដីពីគណបក្សនយោបាយដែលអនុញ្ញាតឱ្យតុលាការមានសិទ្ធិរម្លាយចោលគណបក្សនយោបាយណាដែលថ្នាក់ដឹកនាំរបស់ខ្លួនជាប់ទោសព្រហ្មទណ្ឌ ឬបទល្មើសជាច្រើនផ្សេងទៀតដែលគ្មានការបញ្ជាក់ច្បាស់លាស់។

គណបក្សសង្គ្រោះជាតិបានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន នៅពេលគណបក្សនេះអនុម័តតំណែងប្រធានបក្សរបស់លោក កឹម សុខា ដើម្បីឱ្យស្របទៅនឹងការធ្វើវិសោធនកម្មដែលតម្រូវឱ្យគណបក្សដែលបាត់បង់ប្រធានរបស់ខ្លួនជំនួសតំណែងនេះវិញក្នុងរយៈពេល៩០ថ្ងៃ។

cam-photo-politics-1-channa-800x534លោក ស ខេង បានទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិប្រហែលជាអនុវត្តតាមវិសោធនកម្ម ហើយមិនបានបំពានបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនទេ។ លោកបន្ថែមថា “អ្វីដែលខ្ញុំនិយាយមិនមានន័យថា គាត់ [CNRP] ខុសទេ ហើយខ្ញុំក៏មិននិយាយថាត្រូវនោះដែរ”។

នៅឯទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក កឹម សុខា បានថ្លែងទៅកាន់បេក្ខជនឃុំ  សង្កាត់គណបក្សប្រឆាំងប្រមាណ១០០នាក់កាលពីម្សិលមិញថា គណបក្សស្គាល់សត្រូវនយោបាយរបស់ខ្លួនច្បាស់ណាស់ ដូច្នេះមិនអាចធ្លាក់ចូលក្នុងជម្លោះផ្លូវច្បាប់នោះទេ។

លោកមានប្រសាសន៍អំពីគណបក្សប្រជាជនកម្ពុជាថា “យើងស្គាល់គូប្រកួតយើងច្បាស់៣០-៤០ឆ្នាំហើយ  គឺយើងស្គាល់ច្បាស់”។ លោកបន្តថា “បើយើងមិនស្គាល់គូប្រកួតច្បាស់ គឺយើងធ្លាក់ក្នុងអន្ទាក់គេហើយ ហើយរម្លាយគណបក្សនេះបាត់ទៅហើយ”។

លោកថ្លែងថា “នៅក្នុងបរិបទនយោបាយនេះ ខ្ញុំសូមបងប្អូនកុំនិយាយពីគេច្រើនទៀតអី គិតពីរឿងយើងវិញ។ រឿងគេ [CPP] មិនមែនដឹងតែប្រជាពលរដ្ឋក្នុងប្រទេសទេ ពិភពលោកទាំងមូលដឹងអស់ហើយ នរណាជានរណា”។

លោក កឹម សុខា បានប្រើវិធីស្រដៀងគ្នាពាក់ព័ន្ធការជជែកអំពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាកាលបរិច្ឆេទដែលកងកម្លាំងវៀតណាម ផ្ដួលរំលំរបបខ្មែរក្រហម។ ជាយូរមកហើយដែលឥស្សរជនក្នុងគណបក្សប្រឆាំងរួមទាំងលោក កឹម សុខា និងលោក សម រង្ស៊ី ផង បានប្រើប្រាស់កាលបរិច្ឆេទនេះដើម្បីប្រឆាំងការត្រួតត្រាកម្ពុជារាប់ទសវត្សរ៍ដោយយោធាវៀតណាម ព្រមទាំងប្រឆាំងលោក ហ៊ុន សែន ដែលត្រូវបានរដ្ឋាភិបាលក្រុងហាណូយ លើកបន្តុបតាំងពីដើមមក។

លោក កឹម សុខា បានជំរុញឱ្យសមាជិកបក្សចៀសវាងកុំនិយាយអំពីអ្វីដែលលោកចាត់ទុកថាជាការពិតដែលគេដឹងទូទៅពាក់ព័ន្ធកាលបរិច្ឆេទនេះ។ លោកមានប្រសាសន៍ថា “មិនបាច់ទៅកកូរកកាយ ទៅអួត មិនចាំបាច់ទៅបង្អាប់ពីរឿងអតីតកាលអី”។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្មីមួយខ្សែនៅខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ។ Fresh News

លោកក៏មានប្រសាសន៍ដែរថា ពាក្យស្លោកបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិ “ប្ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” គឺអនុវត្តទៅលើគណបក្សសង្គ្រោះជាតិឱ្យដូចគណបក្សប្រជាជនកម្ពុជាដែរ។

លោកបានគូសបញ្ជាក់ថា ”អ្នកដែលជាប់ជាមេឃុំលេខល្អ  ប៉ុន្តែមិនអនុវត្តតាមគោលការណ៍របស់គណបក្សដែលជាប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋ យើងឱ្យពលរដ្ឋជាអ្នកវាយតម្លៃ ជាអ្នកដាក់ពិន្ទុ”។

បច្ចុប្បន្នបេក្ខភាពមេឃុំ ចៅសង្កាត់គណបក្សប្រឆាំងមួយចំនួនមានការភ្ញាក់ផ្អើលពេលឃើញឈ្មោះរបស់ខ្លួនជំនួសដោយឈ្មោះរបស់អ្នកផ្សេងនៅក្នុងបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ញ៉ាំងឱ្យលោក ស ខេង ចោទប្រកាន់គណបក្សនេះថាលាក់ពុតត្បុត។

លោកបានមានប្រសាសន៍អំពីគណបក្សសង្គ្រោះជាតិថា នៅពេលមាន “ចៅសង្កាត់ ឬចៅសង្កាត់រងណាដែលខ្លួនគិតថាគេក្បត់នឹងខ្លួន ឬមិនស្មោះត្រង់ចំពោះខ្លួន គេបណ្ដេញចេញទាំងក្រុម។ ម៉េចក៏ធ្វើបែបនោះ?”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទទួលស្គាល់ថាពិតជាមានការច្របូកច្របល់ខ្លះមែននៅក្នុងបញ្ជីឈ្មោះបេក្ខជនរបស់គណបក្ស ជាពិសេសក្នុងចំណោមបេក្ខជនមួយក្រុមដែលលោកគ្រប់គ្រងនៅភ្នំពេញ ប៉ុន្តែមានប្រសាសន៍ថា ការដាក់បេក្ខភាពថ្មីៗគឺជាការចាំបាច់ដើម្បី  ”បម្រើផលប្រយោជន៍ជាតិ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស