30 C
Phnom Penh

NGO ​​​ប្រយ័ត្ន​​​ប្រយែងចំពោះ​ការ​​​សន្យា​​​លុប​​​គម្រោង​​​វារី​​​អគ្គិសនី​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអភិរក្សនៅតែមានការប្រយ័ត្នប្រយែងចំពោះការសន្យារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះថានឹងទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែងដ៏ចម្រូងចម្រាស បន្ទាប់ពីរកឃើញថា គម្រោងនេះស្ថិតក្នុងបញ្ជីថ្មីដែលត្រូវអភិវឌ្ឍរបស់ក្រសួងរ៉ែនិងថាមពល។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋាភិបាលបានប្រកាសថា ផែនការសាងសង់ទំនប់វារីអគ្គិសនីនៅចំកណ្ដាលភ្នំក្រវាញ ក្នុងខេត្តកោះកុង ត្រូវបានផ្អាកដោយមិនកំណត់ ហើយជំនួសដោយការកែលម្អរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់វិញ។ នៅពេលនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់អភិរក្សកន្លែងនេះសម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។

ទោះជាយ៉ាងណា នៅថ្ងៃដដែលនេះលោក ផៃ ស៊ីផាន បានបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកនូវផ្នែកមួយនៃផែនការមេឆ្នាំ២០១៧-២០៣០របស់ក្រសួងរ៉ែនិងថាមពល រួមទាំងគម្រោងថាមពលដែលត្រូវអភិវឌ្ឍផងដែរ។

បញ្ជីនេះរួមមានទាំងការពង្រីករោងចក្រថាមពលដើរដោយធ្យូងថ្មក្នុងខេត្តព្រះសីហនុ និងទំនប់វារីអគ្គិសនីឆាយអារ៉ែង ដែលគ្រោងផ្សព្វផ្សាយតាមអុិនធឺណិតនៅឆ្នាំ២០២៣។

cam-photo-areng-WEB-800x530នៅពេលទាក់ទងកាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីបានសម្រេចអំពីរឿងនេះនៅកិច្ចប្រជុំកាលពីខែមុន ដើម្បីអភិរក្សតំបន់ជ្រលងអារ៉ែងនេះសម្រាប់ជាតំបន់ទេសចរណ៍ ហើយបានអះអាងថា ទំនប់វារីអគ្គិសនីនេះត្រូវបានដកចេញពីបញ្ជីសម្រាប់អភិវឌ្ឍហើយ។

លោកមានប្រសាសន៍ថា “វាគឺជាសំណើ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថាលោកមិនអនុញ្ញាតទេ។ ក្រសួងបរិស្ថាននឹងអនុវត្តតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី”។

លោក វិកទ័រ ចូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ផែនការមេនេះត្រូវបានបង្កើតកាលពីឆ្នាំមុន ហើយនៅតែជា “ឯកសាររស់” នៅឡើយ។ លោកបានថ្លែងថា “ក្រសួងរ៉ែនិងថាមពលរក្សាសិទ្ធិ

ផ្លាស់ប្តូរពីផែនការនោះ។ តាមពិតផែនការមេនេះត្រូវបានកែប្រែរៀងរាល់៣ឆ្នាំទៅ៥ឆ្នាំ។ អ្វីដែលយើងមាននៅក្នុងផែនការ ប្រហែលជាអ្នកទាំងអស់គ្នាមិនដឹងទេ។

ប៉ុន្តែអ្នកជំទាស់នឹងការសាងសង់ទំនប់វារីអគ្គិសនីដែលបានស្វាគមន៍ការអះអាងរបស់រដ្ឋាភិបាលថា នឹងយកវិស័យទេសចរណ៍ជាអាទិភាពជាងអគ្គិសនីនៅក្នុងតំបន់ជ្រលងនេះ នៅតែមានមន្ទិលនៅឡើយ។

អង្គការមាតាធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាលបានចំណាយពេលជាច្រើនឆ្នាំធ្វើយុទ្ធនាការប្រឆាំងគម្រោងនេះ ដោយព្រមានថា វានឹងធ្វើឱ្យលិចលង់ជម្រកដ៏សំខាន់របស់សត្វដ៏កម្រ និងជិតផុតពូជមួយចំនួន និងដីដូនតារបស់ជនជាតិដើមភាគតិចជងរាប់រយគ្រួសារ។ លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន ជនជាតិអេស្ប៉ាញ ជាសហស្ថាបនិកត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០១៥ បន្ទាប់ពីរដ្ឋាភិបាលមិនបន្តទិដ្ឋាការឱ្យដោយសារលោកបានដាក់របាំងបិទផ្លូវខុសច្បាប់មិនឱ្យចេញចូលតំបន់ជ្រលងអារ៉ែងនេះ។

លោកមានប្រសាសន៍ថា  ការដាក់បញ្ចូលគម្រោងទំនប់វារីអគ្គិសនីនេះទៅក្នុងផែនការមេថ្មីរបស់ក្រសួងរ៉ែនិងថាមពលធ្វើឱ្យយើងពីបាកជឿលើពាក្យសម្ដីរបស់រដ្ឋាភិបាលដែលបានបង្ហាញថាខ្លួនមានឆន្ទៈចុះហត្ថលេខាសម្រេចដាក់តំបន់ការពារដ៏ធំល្វឹងល្វើយទៅក្នុងគម្រោងអភិវឌ្ឍន៍ដែលបង្កជាផលប៉ះពាល់នានា។

លោកបានថ្លែងថា “ទីបំផុតភាពលោភលន់ និងភាពល្ងង់ខ្លៅរបស់រដ្ឋាភិបាលបានលុបលើរាល់សេចក្ដីសម្រេច  និងច្បាប់ពាក់ព័ន្ធទាំងអស់ ដូចដែលយើងបានឃើញជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា។ទី២ ប្រសិនបើរដ្ឋាភិបាលពិតជាបោះបង់ផែនការសាងសង់ទំនប់វារីអគ្គិសនីអារ៉ែងមែននោះជាការល្អ ចុះហេតុអ្វីបានជាគេកំពុងបន្តដំឡើងបណ្ដាញបញ្ជូនចរន្តអគ្គិសនីកម្លាំងខ្លាំងកាត់ទំនប់ដែលស្នើឡើងនេះ?។តើពិតជាតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់ទំនប់មែនឬ?”

នៅកិច្ចប្រជុំដូចគ្នានេះដែរកាលពីខែកុម្ភៈ ទីស្ដីការគណៈរដ្ឋមន្ត្រីបានផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីអារ៉ែងនេះ ហើយបានអនុម័តសាងសង់បណ្ដាញតភ្ជាប់ថាមពលពីរាជធានីភ្នំពេញទៅកាន់ទំនប់ស្ទឹងតាតៃ ដែលកំពុងប្រតិបត្តិការ  ដែលនឹងកាត់តាមតំបន់ជ្រលងអារ៉ែងនេះ។

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន បានថ្លែងថា  រដ្ឋាភិបាលគួរតែធ្វើឱ្យល្អប្រសើរជាងនេះតាមរយៈការបញ្ចុះបញ្ចូលសាធារណជនឱ្យជឿថា ទំនប់វារីអគ្គិសនីអារ៉ែងនេះលែងដំណើរការហើយ  និងជំនួសវិញដោយការតភ្ជាប់បណ្ដាញអគ្គិសនីដល់តំបន់ជ្រលងនេះ ហើយផ្ដល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ដល់គ្រួសារជនជាតិដើមភាគតិចជង ដែលពួកគាត់បានទាមទារច្រើនឆ្នាំមកហើយ។

ប័ណ្ណកម្មសិទ្ធិដីរួមផ្ដល់ឱ្យសហគមន៍ជនជាតិដើមភាគតិចនូវការការពារបន្ថែមប្រឆាំងនឹងក្រុមហ៊ុនអភិវឌ្ឍន៍ខាងក្រៅ ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាលនានាបានរិះគន់រដ្ឋាភិបាលចំពោះការផ្ដល់ឱ្យពួកគាត់បានតិចតួចខ្លាំងចាប់តាំងពីដំណើរការផ្ដល់ប័ណ្ណកម្មសិទ្ធិបែបនេះបានចាប់ផ្ដើមក្នុងឆ្នាំ២០០១មក៕សារុន

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស