30 C
Phnom Penh

អត្ថប្រយោជ​ន៍​​​​នៃ​​​ការ​​​បន្ទាប​​​អត្រាការប្រាក់​​​របស់​​​មីក្រូ​​​ហិរញ្ញ​​​ វត្ថុ​​ ​ស្ថិត​​​ក្នុង​​​ភាព​​​មិនច្បាស់​លាស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានគាំទ្រសេចក្តី សម្រេចរបស់ខ្លួននៅក្នុងការកំណត់ពិដានអត្រាការប្រាក់ឥណទានលើកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជាមធ្យោបាយជួយអ្នកក្រីក្រកុំឲ្យជាប់បំណុលវ័ណ្ឌក ខណៈក្រុមអ្នកវិភាគបានចាត់ទុកការសម្រេចនេះថា ជាចំណាត់ការនយោបាយដែលនឹងមានផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលយូរលើសេដ្ឋកិច្ចនៅទីជនបទ។

ស្របពេលមានគោលនយោបាយថ្មីនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋធំជាងប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកបានមានប្រសាសន៍ថា “នៅពេលដែលយើងអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាបំណុលមិនបានទេ វាឈានទៅដល់ការអនុវត្តកិច្ចសន្យាថា សងមិនគ្រប់ទេ វាចេះតែកើនឡើងជាការប្រាក់ និងវាទៅជារឿងគេរឹបអូសផ្ទះ និងដីធ្លីដែលប៉ះពាល់ដល់ជីវភាពប្រជាជន”។

WP-LastImage-51-800x533ទោះជាយ៉ាងណាអ្នកផ្សេងទៀតបានលើកឡើងថា ចំណាត់ការនេះគឺដើម្បីចំណេញ សន្លឹកឆ្នោត នៅប៉ុន្មានខែមុនការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា ហើយថាវាមិនទំនងជាជួយកាត់បន្ថយភាពក្រីក្រទេ ហើយវាអាចធ្វើឲ្យប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់។

ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនសម្រេចកំណត់អត្រាការប្រាក់ប្រចាំឆ្នាំលើកម្ចីថ្មីទាំងអស់ ឬកម្ចីរៀបចំឡើងវិញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រឹម១៨% ដោយនឹងអនុវត្ត ចាប់ពីថ្ងៃទី១ ខែមេសាទៅ។ ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែវិច្ឆិកាថា គោលនយោបាយបែបនេះអាចធ្វើឲ្យអ្នកផ្តល់កម្ចី “បដិសេធមិនផ្តល់ឥណទានដល់អ្នកក្រីក្រ”។

លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបានពិនិត្យបញ្ហានេះ និងបានពិភាក្សាពិគ្រោះយោបល់ជាមួយធនាគារជាតិដែលបន្ទាប់បានពិភាក្សាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីពិចារណាលើគ្រប់ចំណុចទាំងអស់ពាក់ព័ន្ធមីក្រូឥណទាននៅក្នុងការបង្កើតគោលនយោបាយរបស់ខ្លួន។

ទោះជាយ៉ាងណា លោក ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលមិនបានពិភាក្សាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ មុនពេលសម្រេចកំណត់ពិដានអត្រាការប្រាក់ឥណទាននេះ។

លោកបានមានប្រសាសន៍ថា “ថ្ងៃដែលគាត់ចុះហត្ថលេខាចេញច្បាប់ហ្នឹង ទើបគាត់មកជួបជជែកគ្នាជាមួយយើងថា គាត់បានចេញអ៊ីចឹងហើយ”។ បញ្ហានេះបានក្លាយជាបញ្ហាមានជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយភ្លាមៗកាលពីម្សិលមិញ។

លោក សុខ ឥសាន ដែលបានបន្ទរតាមការអះអាងស្រដៀងគ្នារបស់មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាដើមនោះ បានលើកឡើងថា វិធានថ្មីនេះគឺជាការឆ្លើយតបទៅនឹងការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថា គណបក្សរបស់ខ្លួននឹងលុបបំណុលរបស់អ្នកខ្ចីប្រាក់ ប្រសិនបើពួកគេឈ្នះឆ្នោតនោះ។

WP-LastImage-66-800x533លោកបានមានប្រសាសន៍ថា “ខ្ញុំយល់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោយពីពិនិត្យឃើញនូវប្រជាពលរដ្ឋមួយចំនួនធំដែលជឿឃោសនារបស់គណបក្សប្រឆាំងពេលណាដែលគេជាប់ឆ្នោត គេនឹងលុបចោលបំណុលធនាគារទាំងអស់”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបដិសេធកាលពីម្សិលមិញថា គណបក្សប្រឆាំងរបស់លោកមិនដែលបានឃោសនាសន្យាបែបហ្នឹងទេ។

លោកបានមានប្រសាសន៍ថា “យើងមិនដែលនិយាយអ៊ីចឹងទេ”។ លោកបានបន្ថែមថា “វាមិនមែនជាគោលនយោបាយរបស់យើងទេ”។

មុនពេលវិធានស្តីពីអត្រាការប្រាក់នេះត្រូវបានប្រកាសកាលពីដើមសប្តាហ៍នេះលោក សុន ឆ័យ បានលើកឡើងថា រដ្ឋាភិបាលបានគេចវេះមិនទទួលខុសត្រូវនៅក្នុងការទប់ស្កាត់កុំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកេងប្រវ័ញ្ចពីអ្នកខ្ចីប្រាក់ ហើយយកល្អគួរតែគ្រប់គ្រងលើវិស័យនេះ ក្នុងនោះដូចជាតាមរយៈការកំណត់អត្រាការប្រាក់ជាដើម។

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនគ្មានជំហរផ្លូវការទេ ពាក់ព័ន្ធនឹងការកំណត់អត្រាការប្រាក់របស់ធនាគារជាតិនៃកម្ពុជា។

លោក យ៉ង សាំងកុមារ សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃអាទិត្យ បានលើកឡើងពីវិធានការផ្សេងៗមួយចំនួនដែលរដ្ឋាភិបាលអាចយកមកប្រើប្រាស់ដើម្បីជួយកាត់បន្ថយបំណុល ក្នុងនោះរួមមានដូចជា រៀបចំការសងកម្ចីឡើងវិញបន្ធូរបន្ថយពន្ធសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការនៅតាមតំបន់ជនបទនិងកាត់បន្ថយអត្រាការប្រាក់ជាដើម។

លោកបានលើកឡើងទៀតថា ជាជាងយកបញ្ហានេះធ្វើជារឿងនយោបាយ រដ្ឋាភិបាលគួរតែសិក្សាឲ្យបានត្រឹមត្រូវលើបញ្ហានេះ ហើយស្វែងរកដំណោះស្រាយគោលនយោបាយ។

លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ ថា”រដ្ឋាភិបាលប្រហែលជាព្រួយបារម្ភព្រោះគាត់គិតថា បញ្ហាជំពាក់បំណុលអាចធ្វើឲ្យគាត់បាត់បង់សំឡេងឆ្នោតមួយចំនួន”។ លោកបានបន្ថែមថា “ប្រសិនបើចង់ទទួលបានសំឡេងឆ្នោតបន្ថែមពីប្រជាពលរដ្ឋ ត្រូវជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាជំពាក់បំណុលរបស់ពួកគាត់”។

ចំនួនគ្រួសារដែលទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការមិនមែនរដ្ឋាភិបាលបានកើនឡើងជិតទ្វេដងក្នុងរយៈពេល៥ឆ្នាំ ពោលគឺពីប្រហែល១,១លានគ្រួសារ ក្នុងឆ្នាំ២០១១ ដល់ប្រហែល២,១លានគ្រួសារបើគិតត្រឹមខែវិច្ឆិកា ឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។ បន្ទាប់ពីកម្ចីមិនទាន់សងទាំងអស់បានកើនឡើងជិត៥០ ភាគរយក្នុងឆ្នាំ២០១៥ អ្នកវិភាគបានចាប់ផ្តើមព្រមានអំពីពពុះឥណទានដែលកើតមានឡើងនៅក្នុងវិស័យនេះ ។

កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈនៅគណបក្សសង្គ្រោះជាតិបានលើកឡើងក្នុងអីុម៉េលមួយកាលពីថ្ងៃអាទិត្យថា”វិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលយើងកំពុងតែមាននៅក្នុងពេលបច្ចុប្បន្ន គឺដោយសារតែខ្វះព័ត៌មាន និងច្បាប់ត្រឹមត្រូវ”។

កញ្ញា កឹម មនោវិទ្យា បានលើកឡើងទៀតថា គណបក្សរបស់ខ្លួនបានស្នើឲ្យមានកំណែទម្រង់មួយចំនួនរួមមានដូចជា បង្កើតច្បាប់ស្តីពីការប្រកាសក្ស័យធន និងច្បាប់ការពារអតិថិជន កំណត់ចំនួនកម្ចីដែលផ្អែកលើទ្រព្យបញ្ចាំសម្រាប់អ្នកខ្ចីដែលគ្មានប្រាក់ចំណូល និងកំណត់កម្ចីមិនឲ្យលើលពី១ភាគ៣នៃប្រាក់ចំណូលដែលទូទាត់ពន្ធរួចរបស់អ្នកខ្ចីប្រាក់។

បន្ទាប់ពីការប្រកាសកំណត់ពិដានអត្រាការប្រាក់ឥណទាន ក្រុមអ្នកវិភាគបានលើកឡើងកាលពីម្សិលមិញថា ដោយមិនបានធ្វើតាមគោលនយោបាយសេដ្ឋកិច្ចដ៏ប្រសើរនោះគណបក្សប្រជាជនកម្ពុជាកំពុងតែព្យាយាមទាញយកប្រយោជន៍នយោបាយក្នុងចំណោមកអ្នកខ្ចីប្រាក់ដែលមានចំណូលទាប ហើយមិនបានគិតដល់ផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារតែច្បាប់នេះឡើយ។

លោក អៀ សុផល សាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អែនជឺឡេស បានលើកឡើងក្នុងអីុម៉េលមួយថា “ពេលណាមានការកំណត់អត្រាការប្រាក់ នេះគឺជាការជ្រៀតជ្រែកចូលក្នុងទីផ្សារ។ ពេលជ្រៀតជ្រែកចូលក្នុងទីផ្សារ រឿងដែលត្រូវសង្ស័យនោះ គឺរឿងនយោបាយហ្នឹងហើយ”។

លោកបន្ថែមថា”ហេតុផលដែលមានការសម្រេចណាមួយបែបនេះ…គឺធ្វើឡើងមុនពេលការបោះឆ្នោតមកដល់ដើម្បី បង្ហាញថា ខ្លួនគិតគូរពីប្រយោជន៍របស់ប្រជាពលរដ្ឋ”។

cam-photo-nbc-channa-800x533ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដែលធ្វើប្រតិបត្តិការនៅតាមទីជនបទបច្ចុប្បន្នយកអត្រាការប្រាក់ពី២០%ទៅ៣០%ក្នុងមួយឆ្នាំដើម្បីរ៉ាប់រងការចំណាយនោះ អ្នកជំនាញខាងវិស័យនេះបានលើកឡើងថា ការកំណត់នេះទំនងជានឹងជំរុញឲ្យពួកគាត់ឈប់ផ្តល់កម្ចីតូចៗដល់កសិករដែលជួបការលំបាកខ្លាំងក្នុងការទទួលបានឥណទាន។

លោក ស្តេហ្វិន ហីកហ្គីន (Stephen Higgins) ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនវិនិយោគ និងផ្តល់ប្រឹក្សាយោបល់ Mekong Strategic Partners បានលើកឡើងកាលពីថ្ងៃច័ន្ទថា ពលរដ្ឋមួយចំនួនប្រហែលជាស្វាគមន៍អត្រាការប្រាក់ដ៏ទាបនេះក្នុងជំហានដំបូង ប៉ុន្តែ នឹងមានការខកចិត្តក្នុងរយៈពេលយូរ។

លោកបានមានប្រសាសន៍ថា សម្រាប់គណបក្សប្រជាជនកម្ពុជា “នឹងទទួលបានប្រយោជន៍នយោបាយក្នុងរយៈពេលខ្លី ខណៈប្រជាពលរដ្ឋគិតថា ពួកគាត់បង់ការប្រាក់ទាប”។ លោកបានបន្ថែមថា”ទោះជាយ៉ាងណា ពេលពួកគាត់ដឹងថា ខ្លួនលែងអាចទទួលបានកម្ចីបានដូចមុនទៀតនោះ វាទំនងជានឹងខាតបង់ប្រយោជន៍ផ្នែកនយោបាយវិញ”។

លោក មីហ្គូអែល ចាន់កូ (Miguel Chanco) អ្នកវិភាគលេចធ្លោប្រចាំតំបន់អាស៊ាននៅ Economist Intelligence Unit បានលើកឡើងថា លោកជឿថា ការកំណត់នេះគឺជាចំណាត់ការផ្នែកនយោបាយនិងជាការកំណត់មួយដ៏អាក្រក់។

លោកបានលើកឡើងក្នុងអីុម៉េលមួយថា “យើងទទួលការបញ្ជាក់មួយចំនួនស្តីពីហេតុផលរបស់ធនគារជាតិនៃកម្ពុជានៅថ្ងៃនេះហើយវាងាយយល់ទេ គឺវាទំនងជាថា រដ្ឋាភិបាលបានជំរុញឲ្យធនាគារជាតិដាក់ចេញពិដានអត្រាការប្រាក់ឥណទាននេះ”។ លោកបានបន្ថែមថា “បើបែបហ្នឹង វាធ្វើឲ្យខ្ញុំដឹងកាន់តែច្បាស់ថា វាទំនងជាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយដោយសារចំណាត់ការនេះកើតមានឡើងមុនការបោះឆ្នោតដ៏សំខាន់នៅឆ្នាំនេះ និងឆ្នាំក្រោយ”។

លោកបានលើកឡើងទៀតថា ប៉ុន្តែ ដោយសារពិដានអត្រាការប្រាក់នេះទំនងជាកំណត់ការទទួលបានឥណទានរបស់អ្នកខ្ចីដែលមានប្រាក់ចំណូលទាបនោះ ទីបំផុតប្រជាពលរដ្ឋ នឹងលែងមានជម្រើស ហើយនឹងងាកទៅរកជម្រើសមិនប្រាកដប្រជាដូចជាអ្នករកស៊ីចងការប្រាក់ជាដើម។

លោកបានមានប្រសាសន៍ទាក់ទិននឹងពិដានការប្រាក់នេះថា “បើអ៊ីចឹងមែននោះ វាទំនងជាផ្តល់ផលប៉ះពាល់ក្នុងរយៈពេលយូរ”។ លោកបានមានប្រសាសន៍បន្ថែមថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននឹងមិនអាចមានលទ្ធភាពពង្រីកកម្ចី ក្នុងអត្រាការប្រាក់ប៉ុណ្ណឹងបានឡើយដោយវានឹងធ្វើឲ្យអ្នកខ្ចីប្រាក់ងាកទៅរកអ្នករកស៊ីចងការប្រាក់ដែលទំនងជាយកការប្រាក់ខ្ពស់ខ្លាំង”៕ ស៊ុយឈាង

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស