30.9 C
Phnom Penh

លោក សុខ អាន រដ្ឋមន្ត្រី​​ “ដៃច្រើន” ទទួល​មរណភាព​​ក្នុងវ័យ​​៦៦​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី សុខ អាន ជាមន្ត្រីដ៏ស្មោះត្រង់របស់គណបក្សកាន់អំណាចដែលត្រូវបានគេប្រៀបប្រដូចទៅនឹង “អាទិទេពមួយដែលមានដៃ៤៨នៅក្នុងសាសនាហិណ្ឌូ” ដោយសារតែលោកគ្រប់គ្រងស្ថាប័នយ៉ាងច្រើនរបស់រដ្ឋាភិបាល រួមទាំងទីស្ដីការគណៈរដ្ឋមន្ត្រីផងនោះ បានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ កាលពីល្ងាចម្សិលមិញនៅទីក្រុងប៉េកាំង ប្រទេសចិន។

មរណភាពរបស់លោកកើតមានឡើងក្រោយពីមានការប៉ាន់ស្មានយូរមកហើយអំពីសុខភាពរបស់លោក រួមទាំងសេចក្ដីរាយការណ៍ក្លែងក្លាយថាលោកទទួលមរណភាពផងដែរ ហើយត្រូវបានប្រកាសតាមរយៈសេចក្ដីជូនដំណឹងផ្លូវការភ្លាមៗបន្ទាប់ពីលោកទទួលមរណភាពនៅវេលាម៉ោង៦និង៣២នាទីល្ងាច។ សូមបញ្ជាក់ថា លោកបានសម្រាកទទួលការព្យាបាលនៅមន្ទីរពេទ្យជាច្រើនខែមកហើយ។

សេចក្ដីជូនដំណឹងនោះមានខ្លឹមសារដូច្នេះថា “រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោកស្ដាយ សូមជូនដំណឹងដល់មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសាធារណជនឱ្យបានជ្រាបថា សម្ដេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពដោយរោគាពាធ”។

cam-sok-an_WEB-800x533យោងតាមគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលបានឱ្យដឹងថា សពរបស់លោកគ្រោងនឹងបញ្ជូនមកប្រទេសកម្ពុជានៅព្រឹកនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្ដាហ៍នេះបានបង្កើតគណៈកម្មការមួយក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដើម្បីរៀបចំពិធីបុណ្យសពរបស់លោក។

លោក សុខ អាន គឺជាតួអង្គដ៏សំខាន់នៅក្នុងការពង្រឹងអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាង៤ទសវត្សរ៍មកនេះ។ លោកទាំងពីរបានធ្វើការជាមួយគ្នាមិនយូរប៉ុន្មានក្រោយពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ ជាពេលដែលលោក ហ៊ុន សែន បានក្លាយជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលសង្គមនិយមដែលគាំទ្រដោយវៀតណាម។

លោក សុខ អាន បានក្លាយជាប្រធានខុទ្ទកាល័យនៅក្រសួងការបរទេសក្នុងឆ្នាំ១៩៨២ ពោលគឺ៣ឆ្នាំមុនពេលលោក ហ៊ុន សែន បានឡើងតំណែងជានាយករដ្ឋមន្ត្រី ហើយលោកបានបន្តឡើងតំណែងជាបន្តបន្ទាប់រហូតដល់ក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់រូបលោក។

បន្ទាប់ពីកាន់តំណែងបានមួយរយៈពេលខ្លីជាឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៨៥ លោក សុខ អាន បានត្រឡប់មកកម្ពុជាវិញក្នុងនាមជាអ្នកចរចាមួយរូបក្នុងចំណោមអ្នកចរចាសំខាន់ៗរបស់រដ្ឋាភិបាលក្រុងភ្នំពេញ នៅក្នុងកិច្ចចរចាសន្តិភាពដែលទីបំផុតបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ និងការបោះឆ្នោតបែបប្រជាធិបតេយ្យនៅរយៈពេល២ឆ្នាំក្រោយ។

ដោយកាន់តួនាទីជាប្រធានខុទ្ទកាល័យនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំ១៩៩៣ លោកទទួលបានការតែងតាំងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០០៤។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចៅហ្វាយរបស់លោកបានបន្សល់ទុកកេរដំណែលនៃការជួយស្ដារសន្តិភាពដល់កម្ពុជា ការគ្រប់គ្រងកិច្ចការចរចាព្រំដែនជាមួយប្រទេសជិតខាងរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមរាប់ទសវត្សរ៍ ការដឹកនាំការចរចាដើម្បីបង្កើតសាលាក្ដីខ្មែរក្រហម និងការដឹកនាំកិច្ចប្រឹងប្រែងអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា រួមទាំងយុទ្ធនាការជោគជ័យក្នុងការចុះបញ្ជីប្រសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅកម្ពុជាផងដែរ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា “ប្រទេសទាំងមូល សូម្បីតែគណបក្សប្រឆាំង គួរតែមានមោទនភាព” ហើយថា លោក សុខ អាន ក៏ធ្លាប់បានដឹកនាំកិច្ចប្រឹងប្រែងបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារឧទ្យានបុរាណអង្គរក្នុងឋានៈលោកជាប្រធានអាជ្ញាធរអប្សរាដែលគ្រប់គ្រងប្រាសាទបុរាណនេះ។ លោកក៏បានធ្វើយុទ្ធនាការដោយជោគជ័យផងដែរសម្រាប់ការបញ្ជូនវត្ថុបុរាណខ្មែរដែលត្រូវគេលួចយកទៅអំឡុងពេលប្រទេសកម្ពុជាជួបភាពវឹកវររាប់ទសវត្សរ៍។

លោក ផៃ ស៊ីផាន និយាយអំពីចៅហ្វាយរបស់លោកថា “គាត់ខំធ្វើការណាស់ តាំងពីម៉ោង៩ឬ១០ព្រឹករហូតដល់ពាក់កណ្ដាលអធ្រាត្រ ហើយពេលខ្លះទល់ភ្លឺក៏មានដែរ។ គាត់មិនដែលសម្រាកទេពេលធ្វើការ”។

ទោះជាយ៉ាងណា អ្នកផ្សេងទៀតនឹងចងចាំលោក សុខ អាន ថាជាអ្នកកាច់ចង្កូតនយោបាយដ៏ប៉ិនប្រសប់ដែលទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិអំណាចរបស់លោកបានកើនឡើងប្រដំប្រសងនឹងលោក ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតនៅក្នុងគណបក្សកាន់អំណាច។

លោក សេបាស្ទៀន ស្ទ្រែងហ្គីអូ (Sebastian Strangio) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “Hun Sen’s Cambodia” (កម្ពុជារបស់ ហ៊ុន សែន) បានលើកឡើងតាមរយៈសារអេឡិចត្រូនិកកាលពីម្សិលមិញថា “ទ្រព្យសម្បត្តិយ៉ាងច្រើន និងសិទ្ធិអំណាចយ៉ាងធំរបស់លោក សុខ អាន មានទំនាក់ទំនងគ្នាយ៉ាងស្មុគស្មាញទៅនឹងទ្រព្យសម្បត្តិ និងសិទ្ធិអំណាចរបស់លោក ហ៊ុន សែន ដែលគាត់បានបម្រើដោយស្មោះក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ”។

អ្នកនិពន្ធរូបនេះបានសរសេរបន្ថែមទៀតថា “ខណៈលោក ហ៊ុន សែន ជាអ្នកដើរតួខាងនយោបាយ លោក សុខ អាន ជាអ្នកគ្រប់គ្រងរដ្ឋាភិបាល គ្រប់គ្រងទីស្ដីការគណៈរដ្ឋមន្ត្រី ហើយនៅក្នុងកិច្ចការទូត គាត់ជាអ្នកទទួលខុសត្រូវចំពោះបញ្ហាសំខាន់ៗដូចជា ការចរចាដែលឈានទៅដល់ការបង្កើតសាលាក្ដីខ្មែរក្រហមជាដើម។ ក្នុងពេលជាមួយគ្នានេះ លោក សុខ អាន បានគ្រប់គ្រងចំណុចស្នូលដ៏សំខាន់នៃបណ្ដាញគាំទ្រចាក់ស្រេះដែលចេញពីលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោក ជាមុខតំណែងមួយបន្ថែមពីលើតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលធ្វើឱ្យគាត់អាចប្រមូលទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានយ៉ាងច្រើនសន្ធឹកសន្ធាប់”។

លោក សុខ អាន ដែលធ្លាប់គ្រប់គ្រងអាជ្ញាធរប្រេងកាតជាតិកម្ពុជាជាច្រើនឆ្នាំ បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងរបាយការណ៍ឆ្នាំ២០០៩របស់អង្គការក្លូប៊លវីតណេស មានឈ្មោះថា “Country for Sale” (ប្រទេសសម្រាប់លក់) ដែលបានពិនិត្យពិច័យវិធីជាច្រើនដែលគណបក្សកាន់អំណាចបានគ្រប់គ្រងឧស្សាហកម្មនិស្សារណកម្មគ្រប់ទិដ្ឋភាព ហើយទទួលផលប្រយោជន៍ពីឧស្សាហកម្មទាំងនោះ។

អង្គការប្រឆាំងអំពើពុករលួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសមួយនេះ បានលើកឡើងនៅក្នុងរបាយការណ៍ខាងលើថា “ក្នុងនាមជាអ្នកកាច់ចង្កូតនយោបាយដ៏ប៉ិនប្រសប់ គាត់បានអែបលោក ហ៊ុន សែន ជាប់នៅក្នុងការពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា ហើយពេលនេះគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជំនិតៗបំផុតរបស់នាយករដ្ឋមន្ត្រី”។

របាយការណ៍ដដែលបានលើកឡើងទៀតថា ”ក្នុងឋានៈជាអគ្គមេបញ្ជាការរងនៃរបបនេះ លោក សុខ អាន កាន់មុខតំណែងសំខាន់ៗជាច្រើនទៀតនៅក្នុងជួររដ្ឋាភិបាល គឺច្រើនដល់ថ្នាក់គាត់ត្រូវគេប្រដូចទៅនឹងអាទិទេពមួយដែលមានដៃច្រើននៅក្នុងសាសនាហិណ្ឌូ ដោយសារតែគាត់ចង់លូកដៃពាក់ព័ន្ធក្នុងកិច្ចការគ្រប់យ៉ាង”។

ខណៈលោក សុខ អាន បន្តកាន់តំណែងជាប្រធានស្ថាប័ន និងអង្គភាពរដ្ឋរាប់សិបរហូតមកទល់នឹងពេលលោកទទួលមរណភាព សិទ្ធិអំណាចគ្រប់គ្រងផ្ដាច់មុខរបស់លោកត្រូវបានកាត់បន្ថយក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ដែលពេលនោះអាជ្ញាធរប្រេងកាតជាតិកម្ពុជា និងស្ថាប័នជាង១០ផ្សេងទៀត ដូចជា ស្ថាប័នទទួលស្គាល់គុណភាពអប់រំដែលគ្រប់គ្រងសាកលវិទ្យាល័យនានាជាដើម ត្រូវបានប្រគល់ឱ្យទៅក្រសួងពាក់ព័ន្ធ។

លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ បានលើកឡើងកាលពីខែកញ្ញា ឆ្នាំ២០១៣ថា “លោក សុខ អាន មានតំណែងយ៉ាងច្រើននៅក្រោមទីស្ដីការគណៈរដ្ឋមន្ត្រី ហើយមន្ត្រីជាន់ខ្ពស់នានាក៏រអ៊ូរទាំចំពោះរឿងនោះដែរ។ នេះជាការធ្វើកំណែទម្រង់មួយបែបទៀត គឺកាត់ផ្ដាច់អំណាចពីប្រជាពលរដ្ឋ”។

លោក សុខ អាន កើតនៅខេត្តតាកែវ ក្នុងឆ្នាំ១៩៥០។ លោកបានក្លាយជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយបន្ទាប់ពីបញ្ចប់ការសិក្សារបស់លោក ហើយបានអួតថាលោកក្លាយជានាយករងនៃសាលានោះក្នុងវ័យ២២ឆ្នាំ ដោយសារតែលោកមានសញ្ញាបត្របញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រ និងចំណាយពេលមួយឆ្នាំទៀតសិក្សាផ្នែកច្បាប់។ ក្នុងសុន្ទរកថាមួយកាលពីឆ្នាំ២០១៣ លោកបានលើកឡើងថា នៅពេល ប៉ុល ពត ឡើងកាន់អំណាច លោកបានបង្ខំចិត្តចុះឈ្មោះចូលរៀននៅ “សាលាខ្មែរក្រហម” ។

មានការសរសេរតិចតួចណាស់អំពីពេលវេលារបស់លោកនៅក្រោមរបបខ្មែរក្រហម តែទោះជាយ៉ាងណា  ក្នុងចំណោមតួនាទីសំខាន់ៗបំផុតរបស់លោកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ គឺការដឹកនាំកិច្ចចរចាបង្កើតតុលាការអន្តរជាតិមួយ ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ក្នុងសម័យខ្មែរក្រហម។ លោកបានបង្ហាញវត្តមានអំឡុងជំនួបលើកដំបូងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៩ ពោលគឺមួយឆ្នាំបន្ទាប់ពីទ័ពព្រៃកុម្មុយនីស្តដែលនៅសេសសល់ចុងក្រោយបានទម្លាក់អាវុធចុះនៅក្បែរព្រំដែនថៃ។

សម្រាប់រាល់ភាពជោគជ័យរបស់សាលាក្ដីនេះ រួមទាំងសាលក្រមផ្ដន្ទាទោសមន្ត្រីខ្មែរក្រហមបីនាក់ដែលមនុស្សមួយចំនួនតូចគិតថា ខ្លួននឹងមិនបានឃើញផងដែរនោះ វាក៏ជាលោក សុខ អាន ដែរដែលធ្វើឱ្យតុលាការនេះមានគុណវិបត្តិ។ ចាប់ពីការចាប់ផ្ដើមចរចាមក វាបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហម ដែលក្នុងនោះរួមមានទាំងលោក ហ៊ុន សែន ផង បានព្យាយាមធ្វើយ៉ាងណាគ្រប់គ្រងលើតុលាការនេះឱ្យបានច្រើន។

កាលពីដើមសប្ដាហ៍នេះ លោក សុខ អាន ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារជា “សម្ដេចវិបុលបញ្ញា” ដែលមានន័យថា “មានបញ្ញាឈ្លាសវៃលើសគេ”។ នៅក្នុងគណបក្សកាន់អំណាច មានថ្នាក់ដឹកនាំជាន់ខ្ពស់តែប៉ុន្មានរូបប៉ុណ្ណោះដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារជាសម្ដេច។

លោក សុខ អាន បានស្លាប់ចោលភរិយា និងកូនប្រាំនាក់ ក្នុងនោះរួមមានទាំងកូនប្រុសឈ្មោះ សុខ ពុទ្ធិវុធ ដែលបានរៀបការជាមួយលោកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីផងដែរ ដែលធ្វើឱ្យលោកស្ថិតក្នុងចំណោមអ្នកជំនួញដែលមានខ្នងបង្អែកធំបំផុតនៅក្នុងប្រទេសកម្ពុជា៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស