33 C
Phnom Penh

មន្ត្រី​​​ជាន់​​​ខ្ពស់​​​ជាច្រើន​​​មក​​គោរព​​​វិញ្ញាណក្ខន្ធ​​​សពលោក សុខ អាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានទៅគោរពវិញ្ញាណក្ខន្ធសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាពនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធក្នុងអាយុ៦៦ឆ្នាំជាប់មិនដាច់នៅគេហដ្ឋានរបស់លោកស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញអំឡុងកំពុងមានការរៀបចំពិធីបុណ្យសពដែលគ្រោងចំណាយថវិកា៧៥០.០០០ដុល្លារ។

សពលោក សុខ អានបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៦ព្រឹកដោយមានវត្តមានសមាជិកក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបរង់ចាំទទួលនៅផ្លូវចុះចតនៅអាកាសយានដ្ឋាន មុនពេលដឹកទៅកាន់គេហដ្ឋានរបស់លោកដែលមានកម្ពស់ច្រើនជាន់ស្ថិតក្នុងខណ្ឌដូនពេញ។នៅម៉ោងប្រហែល៩ព្រឹក មានការរៀបចំដំឡើងរោងរួចរាល់ខណៈក្រុមមន្ត្រីមួយចំនួនរួមមានលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះអង្គុយនៅខាងក្រៅញ៉ាំអាហារពេលព្រឹក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកកាលពីម្សិលមិញជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពិធីបុណ្យសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកកាលពីម្សិលមិញជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពិធីបុណ្យសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅពេលរសៀល លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចមួយចំនួនទៀតបានដើរចូលទៅក្នុងគេហដ្ឋានដើម្បីគោរពវិញ្ញាណក្ខន្ធបុរសរូបនេះដែលបានបម្រើការងារដ៏យូរក្នុងនាមជាដៃស្តាំរបស់លោកនាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យម្នាក់បានអានសាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី លើកសរសើរលោក សុខ អាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងប្រទេសកម្ពុជាសម័យទំនើបនេះ រួមមានការរួមចំណែកចំពោះ ”ការបង្រួបបង្រួមជាតិ” និង “ការការពារលទ្ធិប្រជាធិបតេយ្យ” ជាដើម ដែលសមិទ្ធផលទាំងនេះហើយធ្វើឱ្យលោកទទួលបានការប្រទានគោរមងារពីព្រះមហាក្សត្រជា “សម្តេច” កាលពីដើមសប្តាហ៍នេះ។

ថ្លែងនៅខាងក្រៅគេហដ្ឋាននេះ លោក ស៊ុន គន្ធរ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបាននិយាយសរសើរលោក សុខ អាន ដែលគេប្រដូចទៅនឹងតួអង្គអាទិទេពមានដៃច្រើនក្នុងសាសនាហិណ្ឌូ ដែលកាន់កាប់តួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋ។

លោកបានមានប្រសាសន៍ថា “ខ្ញុំបានចូលរួមក្នុងការងារជាច្រើនជាមួយគាត់ ហើយខ្ញុំក្រៀមក្រំណាស់ចំពោះការស្លាប់របស់គាត់ ពីព្រោះយើងលែងឃើញគាត់ទៀតហើយ ពីព្រោះគាត់ទៅចោលយើងរហូតហើយ”។

ពិធីបុណ្យសពនឹងបន្តរហូតដល់ព្រឹកថ្ងៃអាទិត្យ បន្ទាប់់មកសពលោក សុខ អាន នឹងត្រូវដង្ហែទៅបូជានៅសួនមុខវត្តបទុម។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប៉ាន់ស្មានពីការចំណាយក្នុងពិធីបុណ្យសពថា អស់ប្រហែល៧៥០.០០០ដុល្លារ ដោយប្រើប្រាស់ថវិការដ្ឋ។

លោកបានមានប្រសាសន៍ថា “យើងមិនអាចប៉ាន់ស្មានឱ្យជាក់លាក់ថា ចំណាយអស់ប៉ុន្មានសម្រាប់ការរៀបចំពិធីបុណ្យសពរយៈពេលបួនថ្ងៃបានឡើយ ប៉ុន្តែរដ្ឋាភិបាលបានផ្តល់សិទ្ធិដល់យើងឱ្យក្រសួងសេដ្ឋកិច្ចទុកប្រាក់៣ពាន់លានរៀលក្នុងធនាគារសម្រាប់ប្រើប្រាស់បន្ទាន់អំឡុងពិធីបុណ្យសព”។

ស្របពេលមានការកាន់ទុក្ខ និងការដឹងគុណនោះ ព័ត៌មានស្ដីអំពីពីការលៃលកប្រាក់ទុកសម្រាប់បុណ្យសពលោក សុខ អាន បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងតាមហ្វេសប៊ុក ដោយមានការលើកឡើងថា ឧបនាយករដ្ឋមន្ត្រីរូបនេះ និងក្រុមគ្រួសាររបស់លោករកបានប្រាក់គ្រប់គ្រាន់ហើយអំឡុងពេលលោកនៅកាន់អំណាចដើម្បីរ៉ាប់រងការចំណាយនេះដោយមិនចាំបាច់ប្រើប្រាស់ថវិការដ្ឋនោះឡើយ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស