31 C
Phnom Penh

នៅតាម​​​ហាង​កាហ្វេ​មាន​ការ​ភ័យ​ខ្លាច​​ក្នុង​ការ​​​​​ជជែក​​​​​​​​​រឿង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាអ្នកវិភាគនយោបាយដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចូលចិត្តធ្វើបទសម្ភាសន៍កន្លងមក ពេលនេះមិនលើកទូរស័ព្ទរបស់ខ្លួនទេ។ អ្នកទាំងនោះនិយាយថា ពួកគាត់ជាប់រវល់ការងារ ធ្វើដំណើរទៅបរទេស ឬជាប់រវល់ផ្ដោតលើការសិក្សារបស់ខ្លួន។

សូម្បីអ្នកវិភាគបរទេសក៏បញ្ចេញមតិដោយប្រយ័ត្នប្រយែងដែរ។ ពេលនេះ លោក អ៊ា សុផល សាស្ត្រាចារ្យនៅរដ្ឋកាលីហ្វ័រញ៉ា មានដើមកំណើតនៅកម្ពុជា ដែលប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេស ចូលចិត្តដកស្រង់សម្ដី បានសរសេរអុីម៉េលក្រើនរំឭកអ្នកយកព័ត៌មាននានាកុំឱ្យលើកឡើងថា លោកជា “អ្នករិះគន់រដ្ឋាភិបាល” ឬ “និយាយថា ខ្ញុំនិយាយនេះនោះពីបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនៅកម្ពុជា”។

ក្រោយកើតមានករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា ការដាក់ពន្ធនាគារលោក កឹម សុខ អ្នកអត្ថាធិប្បាយនយោបាយកាលពីខែមុន និងការគំរាមកំហែងអ្នកវិភាគនានាជាបន្តបន្ទាប់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនមានតែអ្នកអាជីពទាំងនេះទេដែលប្រយ័ត្នប្រយែងចំពោះការបញ្ចេញមតិរបស់ខ្លួន។

នៅតាមហាងកាហ្វេនានាក្នុងរាជធានីភ្នំពេញ អ្នកតាមដានស្ថានការណ៍នយោបាយវ័យកណ្ដាលដែលមិនសូវមានការងារធ្វើនិយាយថា ពួកគាត់ក៏ភ័យខ្លាចដែរ គឺមិនសូវហា៊ននិយាយឮៗទេនៅពេលមានអ្នកមិនសូវដឹងចិត្តថ្លើមនៅក្បែរពួកគាត់។

នៅហាងកាហ្វេមួយស្ថិតនៅម្ខាងផ្លូវពីសារមន្ទីរជាតិ បុរសម្នាក់ឈ្មោះ សុធី អាយុ៦៤ឆ្នាំដែលជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីនិយាយថា “នៅទីនេះ ខ្ញុំទុកចិត្តមិត្តភក្ដិខ្ញុំ។ ប៉ុន្តែក្រៅពីកន្លែងនេះ ខ្ញុំមិនទុកចិត្តអ្នកណាទាំងអស់ គេអាចនឹងធ្វើអីមកលើយើង”។

cam-coffee-talk-channa-800x533សម្រាប់អ្នកនយោបាយតុកាហ្វេនៅក្នុងរាជធានីភ្នំពេញ ដែលមួយចំនួនធំបញ្ចេញទស្សនៈមិនពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជាយល់ថា ចារកិច្ចមានគ្រប់កន្លែងចាប់ពីអ្នកស្លៀកពាក់ស៊ីវិលអង្គុយនៅតុជាប់គ្នារហូតដល់មេភូមិដែលចាំលួចស្ដាប់យកការណ៍ពីអ្នកអង្គុយនៅតុអាហារដែលបញ្ចេញមតិប្រឆាំងរដ្ឋាភិបាលនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក សុធី និយាយថា “បើចង់ធ្វើអី យើងត្រូវក្រឡេកមើលជុំវិញខ្លួនសិន ព្រោះពេលនេះអំណាចស្ថិតក្នុងដៃមនុស្សតែម្នាក់”។

បណ្តាអ្នកទទួលទានកាហ្វេនិយាយថា វាមានរយៈពេលច្រើនឆ្នាំមកហើយដែលពួកគាត់មានអារម្មណ៍ភ័យខ្លាចក្នុងការបញ្ចេញមតិនៅទីសាធារណៈ លើកលែងតែនៅកន្លែងមានសុវត្ថិភាព គឺនៅតុជុំគ្នាជាមួយមិត្តភក្ដិល្អៗឆ្ងាយពីត្រចៀកអាជ្ញាធរ។ ស្ទើរតែគ្មានអ្នកហា៊នប្រាប់ឈ្មោះពេញរបស់ខ្លួនទៅអ្នកយកព័ត៌មានដោយសារពួកគាត់ខ្លាចពន្ធនាគារ និងការវាយដំពីសំណាក់រដ្ឋាភិបាល។

អ្នកស្រី ចន្ថា ជាស្ត្រីតែម្នាក់គត់ដែលអង្គុយនៅតុជុំគ្នាជាមួយមិត្តភក្ដិនៅហាងកាហ្វេមួយក្បែរវត្តភ្នំនិយាយថា “ខ្ញុំគិតថា គ្មានកន្លែងណាមានសុវត្ថិភាពទេក្រៅពីផ្ទះខ្ញុំ។ បើមានមនុស្សប្លែកមុខមកដល់ យើងប្រុងប្រយ័ត្ន ហើយឈប់និយាយ”។

ទាក់ទិនបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ថា សាធារណជនគ្មានអ្វីដែលត្រូវខ្លាចមិនហ៊ាននិយាយអ្វីចេញពីចិត្តរបស់ខ្លួននោះទេ កុំឱ្យតែពួកគាត់ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅបានហើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំយល់ថា រដ្ឋាភិបាលគ្មានគោលនយោបាយចាត់វិធានការតាមផ្លូវច្បាប់លើបងប្អូនដែលទទួលទានកាហ្វេ ហើយជជែកគ្នាអំពីបញ្ហានយោបាយនោះទេ។ បងប្អូនអាចនិយាយអ្វីក៏បាន វាជាសិទ្ធិបញ្ចេញមតិរបស់បងប្អូន។ ប៉ុន្តែហាមធ្វើការចោទប្រកាន់។ បើបងប្អូនធ្វើការចោទប្រកាន់ យើងប្រហែលជាសួររកភ័ស្តុតាង ហើយបើបងប្អូនគ្មានភ័ស្តុតាងទេ បងប្អូនត្រូវតែទទួលខុសត្រូវ”។

ប៉ុន្តែអ្នកទទួលទានកាហ្វេមួយចំនួនតូចដែលត្រូវបានធ្វើបទសម្ភាសន៍សុទ្ធតែយល់ថា ស្ថានការណ៍នយោបាយក្នុងរយៈពេល១៨ខែមកនេះបានប៉ះពាល់យ៉ាងខ្លាំងលើសេរីភាពបញ្ចេញមតិរបស់ពួកគាត់នៅក្នុងរាជធានីភ្នំពេញ ដែលជាមូលដ្ឋានគាំទ្ររឹងមាំយូរមកហើយរបស់គណបក្សប្រឆាំង។

អ្នកឃ្លាំមើលស្ថានការណ៍នយោបាយមួយចំនួនលើកឡើងថា ការវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបកាលពីខែតុលា ឆ្នាំ២០១៥ ពីសំណាក់អង្គរក្សបីនាក់របស់លោក ហ៊ុន សែន ដែលទទួលបានការដំឡើងឋានន្តរស័ក្ដិបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារគឺជាសញ្ញានៃការចាប់ផ្ដើមបង្ក្រាបរបស់រដ្ឋាភិបាល។

មនុស្សមួយចំនួនធំបានលើកឡើងពីករណីលោក កែម ឡី ធ្វើជាឧទាហរណ៍ដែលគួរប្រយ័ត្នប្រយែងចំពោះការបញ្ចេញមតិ ហើយនិយាយថា អ្នកវិភាគរូបនេះត្រូវគេសម្លាប់ដោយសារនិយាយប្រឆាំងរដ្ឋាភិបាល។ ការលើកឡើងបែបនេះហើយដែលបានធ្វើឱ្យលោក កឹម សុខ ជាប់ពន្ធនាគារ។

លោក ម៉ាណា អាយុ៥២ឆ្នាំដែលជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីនិយាយថា ”ច្បាប់ស្ថិតនៅលើមាត់រដ្ឋាភិបាល”។

បុរសម្នាក់ទៀតឈ្មោះ ធី វ័យ៥៥ឆ្នាំដែលរួមតុជាមួយលោក ម៉ាណា និយាយថា សម្ពាធដែលធ្វើឲ្យពួកគាត់មិនហា៊ននិយាយស្ដីគឺ “ធ្ងន់ធ្ងរ” ជាងកាលពី៥ឆ្នាំ ឬ១០ឆ្នាំមុនទៅទៀត។ គាត់និយាយថា “ខ្ញុំមិនដឹងថាវាមកពីជិតដល់ពេលបោះឆ្នោតឬក៏យ៉ាងណាទេ ប៉ុន្តែខ្ញុំដឹងថា ពេលនេះស្ថានភាពគឺធ្ងន់ធ្ងរណាស់”។

លោក ធី បានប៉ាន់ប្រមាណថា អ្នកជិតខាងរបស់គាត់៨០ភាគរយគាំទ្រគណបក្សប្រឆាំង ប៉ុន្តែនៅទីសាធារណៈពួកគាត់ធ្វើពុតជាមិនគាំទ្រគណបក្សប្រឆាំង។ គាត់និយាយថា ចៅសង្កាត់ និងមេភូមិក្នុងមូលដ្ឋានបានបញ្ចុះបញ្ចូលគាត់ និងអ្នកជិតខាងរបស់គាត់ដោយការឱ្យលុយ និងរបស់របរប្រើប្រាស់បន្តិចបន្តួចដើម្បីទិញទឹកចិត្តឱ្យពួកគាត់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

គាត់បាននិយាយថា “យើងបានបង្ហាញថាយើងគាំទ្រ ប៉ុន្តែក្នុងចិត្ត យើងមិនជឿពួកគេទេ”។

យ៉ាងតិចបុរសពីរនាក់បានប្រៀបធៀបអារម្មណ៍បែបនេះទៅនឹងអារម្មណ៍របស់ខ្លួនអំឡុងរបបខ្មែរក្រហម។

លោក អ៊ា សុផល សាស្ត្រាចារ្យរងបង្រៀនផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College ក្នុងទីក្រុងឡូសអែនជើឡេស មានប្រសាសន៍ថា ការធ្វើឃាតលោក កែម ឡី ទាំងកណ្ដាលថ្ងៃចែស និងការដាក់ពន្ធនាគារលោក កឹម សុខ ទំនងជាបន្លាចសាធារណជនមិនឱ្យហ៊ានបញ្ចេញមតិដោយបើកចំហ។

លោកបានសរសេរក្នុងអុីម៉េលថា “សុភាសិតមួយរបស់ចិននិយាយថា  ’សម្លាប់មាន់ គំរាមស្វា’។ ខ្ញុំយល់ថា វិធីសាស្ត្រនេះមានប្រសិទ្ធភាព។ ប្រជាពលរដ្ឋខ្លាចលែងហ៊ាននិយាយស្ដី”។

ប៉ុន្តែអ្នកស្រី ចន្ថា ដែលជាម្ចាស់ហាងបានព្យាករថា ការគាបសង្កត់ដោយគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យមានការប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំង។ គាត់បាននិយាយថា “ពេលរដ្ឋាភិបាលគាបសង្កត់ប្រជាពលរដ្ឋខ្លាំង ប្រជាពលរដ្ឋនឹងឆ្លើយតបវិញខ្លាំងៗ”។

លោក ធី ក៏យល់ស្របដូច្នេះដែរ ប៉ុន្តែនិយាយថា ការភ័យខ្លាចនៅតែជាបញ្ហាធំដែលធ្វើឱ្យគាត់មិនហ៊ានធ្វើអ្វី។ គាត់បន្តថា “យើងចង់ធ្វើមហាបាតុកម្មណាស់ ព្រោះយើងស្អប់រដ្ឋាភិបាលបច្ចុប្បន្ន។ ប៉ុន្តែបើយើងទៅ គ្មានជម្រើសអីក្រៅពីក្លាយជាសាកសព ឬជាប់គុកទេ”។

បុរសរូបនេះគិតថា ប្រសិនបើការបោះឆ្នោតធ្វើឡើងដោយសេរី គណបក្សកាន់អំណាចនឹងចាញ់ ប៉ុន្តែបានព្យាករថា លោក ហ៊ុន សែន នឹងនៅតែក្រាញអំណាចដដែល ប្រសិនបើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាលបរទេសទេនោះ។ គាត់បាននិយាយថា “ខ្ញុំគិតថា បើគាត់ចាញ់ឆ្នោត គាត់នឹងប្រើ ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិឱ្យធ្វើរដ្ឋប្រហារដើម្បីក្រាញអំណាច”។

លោក ខៀវ យ៉ង អាយុ៥៤ឆ្នាំដែលជាអ្នករត់ម៉ូតូឌុបបានបដិសេធថា គាត់គ្មាននិន្នាការនយោបាយទេ ប៉ុន្តែការបន្តបញ្ចេញមតិគឺជាភារកិច្ចរបស់គាត់។ គាត់លើកឡើងថា “ខ្ញុំគិតថាគ្មានអ្នកណារស់បានអាយុ១០០ឆ្នាំទេ។ ខ្ញុំគិតថា យើងគួរតែធ្វើអ្វីដែលយើងគួរធ្វើ”។

គាត់និយាយថា គាត់មិនចូលចិត្តទេនៅពេលការជជែកអំពីបញ្ហានយោបាយឈានទៅដល់ការជេរប្រមាថ។ ”ប្រទេសរបស់យើងគឺដូចរាងកាយមនុស្សម្នាក់អញ្ចឹង។ យើងមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែរកមិនបានវេជ្ជបណ្ឌិតដែលព្យាបាលមានប្រសិទ្ធភាព”។

លោក អ៊ា សុផល បានយល់ស្របថា ការបញ្ចេញមតិមានសារៈសំខាន់ចំពោះកម្ពុជា។ លោកថ្លែងថា “បើការជជែកអំពីបញ្ហានយោបាយកាន់តែស្ងាត់ទៅ ទីបំផុត ប្រជាធិបតេយ្យដែលកំពុងតែត្រដរខ្យល់ស្រាប់ទៅហើយ នឹងសាបសូន្យ។ លទ្ធិប្រជាធិបតេយ្យស្លាប់ហើយ ជយោលទ្ធិប្រជាធិបតេយ្យ!”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស