34 C
Phnom Penh

ឧបនាយករដ្ឋមន្ត្រី​ដែលជំនួស​តំណែង​​លោក​ សុខ អាន​ នាំ​មក​នូវ​​ក្តី​​សង្ឃឹម​​នៃ​ការ​ធ្វើ​កំណែទម្រង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងរយៈពេលពីរទសវត្សរ៍ក្នុងនាមជាមន្ត្រីដ៏ស្និទ្ធបំផុតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយកនាយករដ្ឋមន្ត្រី សុខ អាន បានកាន់តំណែងយ៉ាងច្រើនដ៏គួរឱ្យភ្ញាក់ផ្អើលដោយធ្វើឱ្យលោកជាបុគ្គលដែលមានអំណាចគ្មាននរណាប្រដូចបាននៅក្នុងរចនាសម្ព័ន្ធដ៏ចាក់ស្រេះរបស់គណបក្សប្រជាជនកម្ពុជា។

ទោះបីជាការគ្រប់គ្រងមួយចំនួនបានបាត់បង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ តែនៅមានស្ថាប័នរដ្ឋ តំណែងក្នុងជួររដ្ឋាភិបាល និងតំណែងជាថ្នាក់ដឹកនាំជាច្រើនទៀតសម្រាប់អ្នកជំនាន់ក្រោយប្រកួតប្រជែងយក បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ ៦៦ឆ្នាំ។

តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងសំខាន់ជាងគេក្នុងចំណោមតំណែងសំខាន់ៗទាំងនោះ ត្រូវបានប្រគល់ភ្លាមៗកាលពីម្សិលមិញទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អាយុ ៦៧ឆ្នាំ ដែលក៏កំពុងរៀបចំពិធីបុណ្យសពលោក សុខ អាន ផងដែរនោះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា លោក ប៊ិន ឈិន ដែលមានតួនាទីជាប្រធានក្រុមចរចាសម្រាប់គណបក្សកាន់អំណាច ដូចលោក សុខ អាន ដែរនោះត្រូវបានជ្រើសរើស ព្រោះលោកជាបុគ្គលដែលទទួលបានការគោរពពីរដ្ឋមន្ត្រីផ្សេងៗទៀត ហើយថា លោក ប៊ិន ឈិន នឹងកាន់តំណែងនេះជាអចិន្ត្រៃយ៍ នៅពេលសភាបោះឆ្នោតផ្តល់ការគាំទ្រ។

លោក សុខ ឥសាន បានលើឡើងបន្ទាប់ពីរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍មួយស្តីអំពីការតែងតាំងនេះនៅអំឡុងពេលព្រឹកថា “ខ្ញុំគិតថា តំណែងនេះនឹងត្រូវបោះឆ្នោតផ្តល់ការគំាទ្រនៅខែមេសា។ គាត់មានឥទ្ធិពលស្រាប់ហើយនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ហេតុដូច្នេះគេរាល់គ្នាគោរពគាត់”។

តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានបង្កើតឡើងជាពិសេសសម្រាប់លោក សុខ អាន នៅក្នុងឆ្នាំ២០០៤ ហើយក្រៅពីលោក ហ៊ុន សែន គ្មាននរណាមានឥទ្ធិពលខ្លាំងដូចនេះឡើយនៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា។

ទោះបីជា លោក ប៊ិិន ឈិន មិនសូវជាទទួលបានការចាប់អារម្មណ៍ពីសាធារណជនក៏ដោយ ប៉ុន្តែលោកក៏ជាបុគ្គលដែលលោក ហ៊ុន សែន ជឿទុកចិត្តបំផុតផងដែរ។

cam-photo-front-800x533ជាសមាជិកនៃគណៈកម្មាធិការកណ្តាលនិងអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្ត្រមណ្ឌលព្រៃវែងនោះ តួនាទីរបស់លោក ប៊ិន ឈិន ក្នុងនាមជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីគឺស្ថិតក្នុងចំណោមតំណែងដ៏រសើបបំផុតក្នុងជួររដ្ឋាភិបាល ដោយសារតែវាមានជាប់ពាក់ព័ន្ធនឹងកំហឹងយ៉ាងខ្លាំងដែលផ្ទុះឡើងក្នុងចំណោមពលរដ្ឋខ្មែរជាច្រើន ដែលបាត់បង់ដីធ្លីរបស់ខ្លួនក្រោមកណ្តាប់ដៃរបស់ក្រុមហ៊ុនឯកជន  ដែលជារឿយៗតែងតែទទួលបានជំនួយពីមន្ត្រីរដ្ឋាភិបាលនោះ។

ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ លោក ប៊ិន ឈិន បានលើកឡើងត្រង់ៗចំៗនៅពេលនិយាយដល់សារៈសំខាន់នៃការធ្វើកំណែទម្រង់ដ៏សំខាន់ ជាពិសេសនៅក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលស្ថិតក្នុងដែនសមត្ថកិច្ចមួយផ្នែករបស់ក្រសួងបរិស្ថាន។

លោកបានថ្លែងទៅកាន់មន្ត្រីអំឡុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំនៅទីស្តីការក្រសួងកាលពីខែធ្នូថា “ពេលក្រសួងបរិស្ថានបរាជ័យ ខ្ញុំក៏បរាជ័យដែរ”។ លោកបានអំពាវនាវឱ្យរដ្ឋមន្ត្រីផ្សេងៗទៀតសហការជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងការគ្រប់គ្រងតំបន់ព្រៃការពារ និងដីសម្បទានសេដ្ឋកិច្ច។

លោកបានព្រមានមន្ត្រីទាំងនោះថា “ពេលអស់លោកចាញ់ការបោះឆ្នោត ឃុំ សង្កាត់និងការបោះឆ្នោតជាតិ អស់លោកក៏នឹងបាត់បង់ការងារដែរ”។

លោក ប៊ិន ឈិន ក៏ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០០៧ ផងដែរ និងបានដឹកនាំការពិភាក្សាចរចាជាមួយគណបក្សសង្គ្រោះជាតិអំឡុងវិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិចុងក្រោយដ៏ចម្រូងចម្រាស។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា ការតែងតាំងមន្ត្រីជើងចាស់របស់គណបក្សប្រជាជនកម្ពុជារូបនេះដែលមិនជាប់ឈ្មោះថា ជាអ្នកការបង្កើតបណ្តាញបក្ខពួកចាក់ស្រេះដូចលោក សុខ អាន នោះ អាចជាចំណាត់ការវិជ្ជមានរបស់គណបក្សកាន់អំណាច។

លោកបានមានប្រសាសន៍ថា “ខ្ញុំស្គាល់គាត់យូរមកហើយ ហើយគាត់ក៏ចាស់ហើយណាស់ដែរ តែគាត់ជាមនុស្សមានហេតុផល ហើយកេរ្តិ៍ឈ្មោះរបស់គាត់នៅក្នុងគណបក្សគឺល្អក្នុងចំណោមសមាជិក និងថ្នាក់ដឹកនាំបក្ស។ ប៉ុន្តែសម្រាប់ខ្ញុំ រឿងដែលល្អនោះនៅត្រង់ថា គាត់ជាមនុស្សដែលមិនសូវគិតពីខ្លួនឯង”។

លោកបានបន្ថែមទៀតថា “គាត់មិនមែនជាប្រភេទមនុស្សដែលចង់បានអំណាច  ឬលុយកាក់ខ្លាំងនោះទេ គាត់ជាមនុស្សមានចិត្តទូលាយ ហើយអ្វីដែលខ្ញុំបានដឹងពីគាត់នោះគឺថា សមាជិកក្មេងៗនៅក្នុងបក្សគោរពគាត់ខ្លាំងណាស់ ហេតុដូច្នេះខ្ញុំគិតថា ការតែងតាំងនេះត្រឹមត្រូវ”។

លោក ឆាំ ប៊ុនថេត បានលើកឡើងទៀតថា ការតែងតាំងអ្នកថ្មី ឲ្យកាន់ស្ថាប័នជាច្រើន ដែលលោក សុខ អាន ធ្លាប់កាន់ពីមុនមក ក៏អាចនាំមកនូវការធ្វើកំណែទម្រង់ផងដែរ។

លោកថ្លែងថា “[លោក ប៊ិន ឈិន] កាន់តំណែងមួយនេះ ហើយតំណែង១៩ផ្សេងទៀតនឹងត្រូវធ្លាក់ទៅលើសមាជិកក្មេងៗរបស់គណបក្សប្រជាជនកម្ពុជា ដែលមានចិត្តចង់បានតំណែងដ៏សំខាន់ៗទាំងនោះដើម្បីបង្ហាញថា ពួកគេមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានតំណែងដ៏ប្រសើរមួយ”។

ដោយតំណែងរបស់លោក សុខ អាន ក្នុងជួររដ្ឋាភិបាលបានបាត់បង់ខ្លះៗស្រាប់ទៅហើយដោយសារសុខភាពមិនល្អនោះ  ការទទួលមរណភាពរបស់លោកទំនងជាមិនបង្កផលប៉ះពាល់ដល់គណបក្សកាន់អំណាចនេះឡើយ នេះបើយោងតាមលោក សេបាស្ទៀន ស្ទ្រែងហ្គីអូ (Sebastian Strangio) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា ” Hun Sen’s Cambodia” (កម្ពុជារបស់ ហ៊ុន សែន)។

លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា ”បន្ទាប់ពីការបោះឆ្នោតចុងក្រោយ លោក ហ៊ុន សែន បានទទួលស្គាល់ថា  អំណាចប្រមូលផ្តុំនិងទ្រព្យសម្បត្តិយ៉ាងច្រើនដែលស្ថិតក្នុងកណ្តាប់ដៃរបស់លោកលោក សុខ អាន ធ្វើឲ្យគណបក្សធ្លាក់ប្រជាប្រិយភាព ហេតុដូច្នេះជំនួសឱ្យការជ្រើសរើសមន្ត្រីកំពូលមួយរូបផ្សេងទៀតដើម្បីជួយឲ្យលោក ហ៊ុន សែន នៅតែអាចបន្តគ្រប់គ្រងអំណាចនោះ គណបក្សប្រជាជនកម្ពុជាទំនងជានឹងស្វែងរកមន្ត្រីដែលស្មោះត្រង់ និងមានសមត្ថភាពដើម្បីធ្វើឲ្យរដ្ឋាភិបាលនៅតែមានដំណើរការទៅមុខដោយរលូន”។

លោកបានមានប្រសាសន៍ទៀតថា “នៅក្នុងករណីហ្នឹង កូនប្រុសរបស់លោក សុខ អាន សុទ្ធតែត្រូវបានដាក់ឱ្យកាន់តំណែងសំខាន់ៗទាំងអស់នៅក្នុងប្រព័ន្ធបក្ខពួកនិយម សម្រាប់គ្រួសាររបស់ពួកគេជាច្រើនឆ្នាំទៅមុខទៀត”។

លោក សុខ ពុទ្ធិវុធ ដែលរៀបការជាមួយកូនស្រីរបស់លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន ម៉ាលី នោះគឺជាប្រធានក្រុមហ៊ុនសោមា និងជាប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា លោក សុខ សុកាន បានក្លាយជាសមាជិកសភាដ៏ក្មេងបំផុតពេលលោកទទួលបានអាសនៈទំនេរក្នុងឆ្នាំ២០១៥។ លោក សុខ សុកេន គឺជាអនុរដ្ឋលេខាធិការក្រសួងការបរទេស រីឯលោក សុខ សង្វារ គឺជាមន្ត្រីជាន់ខ្ពស់មួយរូបនៅអាជ្ញាធរអប្សរាដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស