37 C
Phnom Penh

សព​​ឧប​នាយក​​រដ្ឋ​​មន្ត្រី សុខ អាន ​ត្រូវ​បាន​បូជា​​លើ​សួន​​​ច្បារ​មុខ​វត្តបទុម ​ក្នុង​​រាជធានី​ភ្នំពេញ​ ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សពឧបនាយករដ្ឋមន្ត្រី សុខ អាន ម្នាក់ក្នុងចំណោមមនុស្សជំនិតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជឿទុកចិត្តបំផុត ត្រូវបានបូជានៅចំពោះមុខបណ្តាឥស្សរជន ព្រះសង្ឃ និងអ្នកគោរពស្រឡាញ់មកពីស្រុកកំណើតរបស់លោកដែលបានចូលរួមពិធីបូជាសពលោកនៅលើសួនច្បារមុខវត្តបទុមកាលពីព្រឹកម្សិលមិញ។

លោក សុខ អាន ដែលទ្រព្យសម្បត្តិគ្រួសាររបស់លោកបានកើនឡើងប្រដំប្រសងនឹងមុខតំណែងសាធារណៈរបស់លោកដែលក្នុងរយៈពេល៣៥ឆ្នាំមកនេះបានកាន់មុខតំណែងកំពូលៗយ៉ាងច្រើនក្នុងជួររដ្ឋាភិបាល បានទទួលមរណភាពកាលពីថ្ងៃពុធដោយសារជំងឺគ្មានការបញ្ជាក់ក្នុងជន្មាយុ៦៦ឆ្នាំ។

ពិធីដង្ហែសពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទាប់ពីពិធីបង្សុកូលតាមបែបប្រពៃណីព្រះពុទ្ធសាសនា  និងការអានវិយោគកថាសង្ខេបពីប្រវត្តិស្នាដៃការងាររបស់លោក សុខ អាន លោក ហេង សំរិន ប្រធានរដ្ឋសភាបានជូនព្រះអគ្គីដល់សពដែលតម្កល់នៅកណ្ដាលមេរុច្រើនជាន់ ធ្វើឱ្យផ្សែងខ្មៅហុយខ្មួលខ្មាញ់ទៅលើអាកាស។

លោក សុខ ពុទ្ធិវុធ កូនប្រុសរបស់លោក សុខ អាន បានអានវិយោគកថាសង្ខេបដូច្នេះថា “គ្រួសារខ្ញុំ និងខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសយ៉ាងខ្លាំងនៅក្នុងឱកាសនេះដោយសារអស់លោកបានអញ្ជើញមកចូលរួម និងទទួលស្គាល់សមិទ្ធផលសម្រេចបានរបស់សម្ដេច វិបុលបញ្ញា សុខ អាន នៅក្នុងរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេច ហ៊ុន សែន  ក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិ។ គ្រួសារខ្ញុំ និងខ្ញុំនឹងព្យាយាមរក្សាសមិទ្ធផលរបស់សម្ដេច វិបុលបញ្ញា សុខ អាន ដើម្បីនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន”។

គោរមងារកិត្តិយស “សម្ដេច វិបុលបញ្ញា” ដែលមានន័យថា “មានបញ្ញាលើសគេ” ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានដល់លោក សុខ អាន តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកទទួលមរណភាព។ លោកបានចូលបម្រើការងារក្នុងជួររដ្ឋាភិបាលមិនយូរប៉ុន្មានបន្ទាប់ពីខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ១៩៧៩។

លោក សុខ អាន បានក្លាយជាប្រធានខុទ្ទកាល័យនៅក្រសួងការបរទេសនៅឆ្នាំ១៩៨២ ពោលគឺ៣ឆ្នាំមុនពេលរដ្ឋាភិបាលក្រុងហាណូយ (វៀតណាម) បានលើកបន្តុបលោក ហ៊ុន សែន ឱ្យធ្វើជានាយករដ្ឋមន្ត្រី ហើយបានឡើងតំណែងជាបន្តបន្ទាប់រហូតក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់លោកនៅឆ្នាំ២០០៤។

លោកស្ថិតក្នុងចំណោមអ្នកចរចាសំខាន់ៗរបស់រដ្ឋាភិបាលនៅក្នុងកិច្ចចរចាសន្តិភាពដែលបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ បានដឹកនាំកម្ពុជា នៅក្នុងការចរចាជាមួយអង្គការសហប្រជាជាតិ បង្កើតសាលាក្ដីខ្មែរក្រហម និងបានដឹកនាំយុទ្ធនាការរបស់កម្ពុជា រហូតចុះបញ្ជីប្រាសាទព្រះវិហារជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដោយជោគជ័យ  ស្របពេលមានការជំទាស់យ៉ាងខ្លាំងពីប្រទេសថៃ។

ក្នុងចំណោមអ្នកចូលរួមដែលភាគច្រើនជាមន្ត្រីរដ្ឋាភិបាល មន្ត្រីរាជការស៊ីវិល ព្រះសង្ឃ និងដូនជី មានចាស់ៗប៉ុន្មានសិបនាក់បានធ្វើដំណើរពីស្រុកកំណើតរបស់លោក សុខ អាន ក្នុងខេត្តតាកែវ មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបុណ្យសពនេះ។

លោកតាម្នាក់ឈ្មោះ យិន យី អាយុ៧៣ឆ្នាំនិយាយថា “ខ្ញុំគិតថា ឯកឧត្ដម សុខ អាន ជាមន្ត្រីរដ្ឋាភិបាលល្អ  ព្រោះគាត់បានកសាងសាលារៀន និងប្រឡាយទឹកជាច្រើនសម្រាប់ប្រជាជនក្រីក្រនៅខេត្តតាកែវ។ ឯកឧត្ដម សុខ អាន តែងតែនាំយកអំណោយ និងថវិកាជូនប្រជាជនក្រីក្រ នៅពេលគាត់ចុះទៅតំបន់នោះ”។

ទោះជាយ៉ាងណា សម្រាប់បណ្តាអ្នករិះគន់លោកយល់ថា លោក សុខ អាន គឺជាបុគ្គលម្នាក់ស្ថិតក្នុងក្រុមដឹកនាំនយោបាយមានទំនាក់ទំនងស្អិតរមួតមួយដែលបានពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើរដ្ឋាភិបាលពុករលួយ និងកេងប្រវ័ញ្ច ដោយមានជំនួយពីបណ្ដាញគាំទ្រចាក់ឫសយ៉ាងជ្រៅ និងពេលខ្លះដោយប្រើកម្លាំងបាយឃោរឃៅ ខណៈការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈការលើកបន្តុបកូនៗរបស់ខ្លួនឱ្យឡើងកាន់តំណែងនៅក្នុងបណ្ដាញអំណាចនយោបាយនេះ។

 

កូនប្រុសបួននាក់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបួសមុខភ្លើង ចូលរួមដង្ហែសពឪពុករបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កូនប្រុសបួននាក់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបួសមុខភ្លើង ចូលរួមដង្ហែសពឪពុករបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ទោះបីជាលោកមានឥទ្ធិពលខ្លាំង និងមុខតំណែងច្រើនយ៉ាងនេះក្តី ក៏អ្នកចូលរួមដង្ហែសពលោក សុខ អាន កាលពីព្រឹកម្សិលមិញ ចេញពីភូមិគ្រឹះកណ្ដាលរាជធានីភ្នំពេញ របស់លោកឆ្ពោះទៅសួនច្បារមុខវត្តបទុម មានចំនួនតិចតួចណាស់ ពោលគឺមានអ្នកកាន់ទុក្ខតែពីរបីពាន់នាក់ប៉ុណ្ណោះដែលហែពីក្រោយក្តារមឈូសគ្របទង់ជាតិ ខណៈពិធីដង្ហែនេះហែជុំវិញវិមានឯករាជ្យតាមបណ្ដោយផ្លូវដែលបិទមិនឱ្យធ្វើចរាចរឆ្លងកាត់។ មានមនុស្សតិចតួចណាស់ដែលចេញមកមើលពិធីដង្ហែសពនេះ។

ចំនួននេះគឺតិចតួចណាស់បើធៀបទៅនឹងចំនួនអ្នកកាន់ទុក្ខយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបានចេញមកតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីខែកក្កដា ដែលមជ្ឈដ្ឋានជាច្រើនជឿថាជាឃាតកម្មនយោបាយ។

នៅពេលសពរបស់លោកដឹកចេញពីរាជធានីភ្នំពេញ កាលពីចុងខែនោះ មានមនុស្សរាប់សែននាក់ដង្ហែតាមពីក្រោយ បណ្តាលឱ្យវិថីសំខាន់ៗកកស្ទះរាប់ម៉ោង។ មនុស្សរាប់ម៉ឺននាក់ទៀតបានឈរតម្រង់ជួរតាមផ្លូវដើម្បីបង្ហាញពីការគាំទ្របុរសម្នាក់ (លោក កែម ឡី) ដែលមជ្ឈដ្ឋានជាច្រើនកោតសរសើរចំពោះការនិយាយចំៗចំណុចរបស់លោកអំពីការបំពានអំណាចដោយរដ្ឋាភិបាល។

ប៉ុន្មានខែក្រោយមក រដ្ឋាភិបាលបានបដិសេធសំណើសុំរៀបចំពិធីបុណ្យខួប១០០ថ្ងៃសម្រាប់សពលោក កែម ឡី នៅវត្តបទុម។

ផ្ទុយគ្នាស្រឡះ រដ្ឋបានលៃទុកថវិកាប្រមាណ៧៥០.០០០ដុល្លារសម្រាប់ចំណាយលើពិធីបូជាសពលោក សុខ អាន កាលពីម្សិលមិញ ជាហេតុធ្វើឱ្យបណ្តាអ្នករិះគន់គណបក្សកាន់អំណាចផ្ទុះកំហឹងភ្លាមៗតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

កាលពីថ្ងៃសៅរ៍ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាបានចេញសេចក្ដីថ្លែងការណ៍មួយក្នុងឋានៈលោកជាអនុប្រធានគណបក្សប្រជាជនកម្ពុជាថា លុយនេះត្រូវបានបង្វិលចូលថវិការដ្ឋវិញហើយ ហើយថា គណបក្សកាន់អំណាចនឹងរ៉ាប់រងការចំណាយនេះដោយខ្លួនឯង។

កាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា ការរិះគន់របស់សាធារណជនគ្មានអ្វីពាក់ព័ន្ធនឹងការបង្វិលថវិកានេះចូលរដ្ឋវិញឡើយ ហើយថា ថវិកា៧៥០.000ដុល្លារនេះជាប្រាក់កម្ចីដែលគណបក្សប្រជាជនកម្ពុជា នឹងត្រូវសងវិញ។

ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា ប្រាក់នេះជាប្រាក់កម្ចីទេ នៅពេលលោកលើកឡើងកាលពីសប្ដាហ៍មុនថា ថវិកានេះបានពីរដ្ឋ៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស