28 C
Phnom Penh

​​​នគរបាល​​​​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​​បំផ្ទុះ​​​ទូ​​​អេធីអឹម​​​ធនាគារ​​​កាណាឌីយ៉ា 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល និងអាជ្ញាធរមូលដ្ឋានកំពុងស្វែងរកជនសង្ស័យចោរប្លន់ម្នាក់ដែលបានបំផ្ទុះទូអេធីអឹមរបស់ធនាគារកាណាឌីយ៉ាខាងមុខជាប់របងមន្ទីរពេទ្យកុមារជាតិក្នុងរាជធានីកាលពីថ្ងៃអាទិត្យ  ប៉ុន្តែបានគេចខ្លួនដោយគ្មានយកបានអ្វីឡើយ។

លោក ម៉ា អៀងងួន នាយប៉ុស្តិ៍សង្កាត់ទឹកល្អក់១បានមានប្រសាសន៍ថា ការបំផ្ទុះនេះបានកើតឡើងក្រោយពេលរំលងអធ្រាត្របន្តិចហើយបានបំផ្លាញផ្នែកខាងក្រៅនៃម៉ាស៊ីនទាំងស្រុងដែលស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី។

លោក ប៉ាល់ សុធី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “យើងមិនដឹងទេពាក់ព័ន្ធអត្តសញ្ញាណជនសង្ស័យ ឬមូលហេតុនៃការបំផ្ទុះនេះ។ លុះណាតែយើងចាប់ជនសង្ស័យបាន ទើបយើងដឹងពីហេតុការណ៍នោះ”។

លោក ប៉ាល់ សុធី បានបន្ថែមថា រហូតមកទល់ពេលនេះ ការស៊ើបអង្កេតរបស់នគរបាលកំណត់បានថា ជនសង្ស័យចង់បានប្រាក់នៅក្នុងទូអេធីអឹមនោះ។ លោកបានថ្លែងថា  ”ជនសង្ស័យបានធ្វើសកម្មភាពបែបនេះដោយគិតថា ក្រោយពីការបំផ្ទុះ ពួកគេអាចយកលុយនោះបាន”។

WP-LastImage-28-800x533សេចក្តីរាយការណ៍មួយដែលបានចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិកាលពីម្សិលមិញពិពណ៌នាពីកាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីបុរសម្នាក់ដើរមកជិតទូអេធីអឹម ហើយបានយកសារធាតុផ្ទុះទៅចងភ្ជាប់ជាមួយទូដកប្រាក់ជាមួយនឹងឆ្នួនបញ្ឆេះ ហើយដុតនឹងដែកកេះ។

របាយការណ៍នេះឱ្យដឹងថា ១០នាទីក្រោយមក ទូអេធីអឹមនោះបានផ្ទុះ។ រូបថតនៅកន្លែងកើតហេតុបង្ហាញពីរបំណែកកញ្ចក់បែកខ្ចាត់ខ្ចាយពេញចិញ្ចើមផ្លូវនៅមុខទូដាក់ប្រាក់នេះ។

របាយការណ៍ដដែលនេះបន្តថា ទោះយ៉ាងណា ប្រអប់សុវត្ថិភាពសម្រាប់ដាក់ប្រាក់នោះមិនបានរងការខូចខាតអ្វីឡើយ ហេតុដូចនេះហើយជនសង្ស័យយកលុយមិនបានឡើយ។ របាយការណ៍បន្ថែមថា បុរសរូបនេះបានបន្សល់ទុកនូវស្កុតពណ៌ស្វាយ និងបំណែកក្រដាសមួយចំនួននៅកន្លែងកើតហេតុ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

នគរបាលជាតិ នគរបាលរាជធានី នគរបាលខណ្ឌ និងអភិបាលខណ្ឌទួលគោកសុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយ ឬមិនអាចទាក់ទងបានឡើយកាលលពីម្សិលមិញ។ បុគ្គលិកធនាការកាណាឌីយ៉ាមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។

សន្តិសុខម្នាក់ដែលអ្នកយកព័ត៌មានបានទាក់ទងកាលពីម្សិលមិញបាននិយាយថា គាត់មិនបានស្ថិតនៅទីនោះទេ នៅពេលការផ្ទុះបានកើតឡើង ហើយថា សន្តិសុខរូបនេះដែលមានភារកិច្ចយាមនៅពេលនោះបានដេកលក់នៅពេលទូអេធីអឹមត្រូវបានផ្ទុះឡើង។

បុគ្គលិកផ្នែកបម្រើសេវាអតិថិជនម្នាក់របស់ធនាគារកាណាឌីយ៉ាដែលបានប្រាប់ថាឈ្មោះ សុភក្តី បាននិយាយថាបុគ្គលិកទាំងអស់ត្រូវបានប្រាប់អំពីការផ្ទុះនេះដែលបានកើតឡើងកាលពីរំលងអធ្រាត្រយប់ម្សិលមិញ។

លោកបានថ្លែងថា “លោកប្រធានបានហៅបុគ្គលិកមកប្រជុំ។ ហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេត។ ថ្ងៃនេះជាថ្ងៃឈប់សម្រាក។ ព្រឹកនេះ យើងមិនទាន់ដឹងទេ ប៉ុន្តែថ្ងៃស្អែកយើងនឹងដឹង”៕សារុន  (រាយការណ៍បន្ថែមដោយ Aisha Down)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស