33 C
Phnom Penh

អ្នក​​​ប្រមាថ​​​សពលោក សុខ អាន សូម​ទោស​​​ក្រោយ​​​មាន​​​ការ​​​គំរាម​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីគណបក្សសង្គ្រោះជាតិពីររូបបានសូមអភ័យទោសចំពោះក្រុមគ្រួសារលោកឧបនាយករដ្ឋមន្ត្រី សុខ អាន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានហៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារូបនេះដែលទើបតែទទួលមរណភាពក្នុងពេលថ្មីៗថា “អាមេជល់មាន់” នៅក្នុងការសន្ទនាតាមទូរស័ព្ទដែលបែកធ្លាយ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលមួយរូបលើកឡើងថា លោកគ្រោងប្តឹងអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិម្នាក់ចំពោះការសរសេរនៅលើទំព័រហ្វេសប៊ុកជាភាសាអង់គ្លេសដាក់បណ្តាសាឲ្យលោក សុខ អាន “Rest in Hell ” ឬមានន័យថា “ធ្លាក់នរកទៅ”។

នៅក្នុងការសន្ទនាគ្នាកាលពីថ្ងៃព្រហស្បតិ៍  លោក លិម គិមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិបានហៅទូរស័ព្ទទៅមិត្តភក្តិរបស់លោក គឺលោក ហីុង យឿន អគ្គលេខាធិការរងព្រឹទ្ធសភាដើម្បីជម្រាបប្រាប់លោកថា លោក សុខ អាន បានទទួលមរណភាពហើយ នៅមួយថ្ងៃមុន [ថ្ងៃពុធ] នោះ។

ខណៈមន្ត្រីគណបក្សសង្គ្រោះជាតិទាំងពីររូបនេះ បន្តរិះគន់លើការចំណាយប្រាក់   ចំនួន៧៥០.០០០ដុល្លារសម្រាប់ពិធីបុណ្យសពលោក សុខ អាន ដែលដំបូងឡើយទំនងជាចង់យកថវិការដ្ឋមកប្រើប្រាស់ មុនពេលគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួននឹងរាប់រងលើការចំណាយនេះនោះ លោក លិម គិមយ៉ា បានប្រាប់លោក ហីុង យឿន ថា “គេច្របាច់ករាស្ត្របានធ្វើអ្នកមាន” ។

ទំព័រហ្វេសប៊ុកឈ្មោះ សីហា បានបង្ហោះខ្សែអាត់សំឡេងស្តីពីការសន្ទនានេះនៅថ្ងៃដដែលនោះ ដោយធ្វើឲ្យវាក្លាយជាខ្សែអាត់សំឡេងថ្មីបំផុតក្នុងចំណោមខ្សែអាត់សំឡេងស្តីពីការសន្ទនាតាមទូរស័ព្ទ និងរូបភាពជាច្រើនដែលរិះគន់ធ្ងន់ៗលើមន្ត្រីគណបក្សសង្គ្រោះជាតិ និងដែលត្រូវបានបង្ហោះនៅលើគេហទំព័រនេះ។

កាលពីថ្ងៃសៅរ៍ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលបានចុះផ្សាយលិខិតមួយច្បាប់របស់សមាគមនិស្សិតបច្ចេកវិទ្យាកម្ពុជាដែលទាមទារឲ្យមន្ត្រីទាំងពីររូបនេះសូមអភ័យទោស ដោយលើកឡើងថាក្រុមរបស់ខ្លួនមាន “សិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងដោយផ្អែកលើច្បាប់ដើម្បីប្រឆាំងសម្តីអសីលធម៌របស់ឯកឧត្តមទាំងពីរ”។

នៅថ្ងៃដដែលនោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីររូបនេះបានចេញលិខិតសូមអភ័យទោសដាច់ដោយឡែកពីគ្នាប៉ុន្តែមានពាក្យពេចន៍ស្រដៀងគ្នាផ្ញើទៅកាន់ភរិយារបស់លោក សុខ អាន ដោយសូមអភ័យទោសចំពោះការសន្ទនារបស់ខ្លួន។

ដោយប្រើប្រាស់គោរមងារដែលព្រះមហាក្សត្រព្រះរាជទានដល់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មុនពេលលោកទទួលមរណ ភាពនោះ លោក លិម គិមយ៉ា បានសរសេរក្នុងលិខិតសូមអភ័យទោសនោះថា “ខ្ញុំសុំលោកជំទាវ និងក្រុមគ្រួសារមេត្តាអធ្យាស្រ័យចំពោះកំហុសឆ្គងនៃការសន្ទនារបស់ខ្ញុំដែលបានធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃសពសម្តេចវិបុលបញ្ញា សុខ អាន “។

ពេលទាក់ទងកាលពីម្សិលមិញ លោក លិម គិមយ៉ា បានលើកឡើងថា លោកបានសូមអភ័យទោស ព្រោះលោកចង់ “ឲ្យស្ថានភាពស្ងប់ស្ងាត់”។

លោកបានមានប្រសាសន៍ថា “វាមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដល់គណបក្ស ឬកេរ្តិ៍របស់ខ្ញុំទេ ព្រោះអ្វីដែលខ្ញុំបាននិយាយមិនមែនជាសាធារណទេ”។

ស្របពេលដំណាលគ្នានោះលោក ហៃ វណ្ណា ជាអ្នកជំនាញខាងថាមពល និងជាអ្នកប្រាថ្នាចង់ក្លាយជាអ្នកនយោបាយដែលកំពុងធ្វើការនៅប្រទេសជប៉ុន ក៏បានសំដែងការសោកស្តាយដែរ បន្ទាប់ពីបង្ហោះរូបកាន់មរណទុក្ខលោក សុខ អាន ដោយមានអបនឹងការសរសេរអក្សរបន្ថែមដាក់បណ្តាសាឲ្យមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនរូបនេះ “ធ្លាក់នរកទៅ” នៅលើទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។កាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានលើកឡើងថា ការបង្ហោះទាំងនោះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងប្រមាថដល់លោក សុខ អាន ហើយ ” ប្រមាថដល់ទំព័រហ្វេសប៊ុករបស់ខ្ញុំ”។ លោកបានបន្ថែមថា លោកបានការសោកស្តាយអាឡោះអាឡ័យដោយស្រក់ “ទឹកភ្នែករាប់ពាន់លានដំណក់ដោយសារបាត់បង់វីរបុរសរបស់ខ្ញុំ”។

ដោយប្តេជ្ញាថា នឹងចាត់វិធានការនៅក្នុងសប្តាហ៍នេះនោះ លោកបានមានប្រសាសន៍ថា “ប្រសិនបើ [លោក ហៃ វណ្ណា] ធ្វើអ៊ីចឹងដាក់ខ្ញុំ ខ្ញុំមានសិទ្ធិប្តឹង”។

លោក ហៃ វណ្ណា បានលើកឡើងកាលពីម្សិលមិញថា លោកមិនខ្លាចពាក្យបណ្តឹងឡើយ”សូម្បីតែបន្តិច”។

លោកបានសរសេរសារនៅក្នុងទំព័រហ្វេសប៊ុកថា “ខ្ញុំសូមធ្វើការសុំអភ័យទោសជាសាធារណៈចំពោះការសរសេរលើសលោះចំពោះក្រុមគ្រួសារលោក សុខ អាន”។

លោកបានលើកឡើងបន្តទៀតថា ” លទ្ធផលដែលខ្ញុំចង់បាន គឺចង់ឲ្យអ្នកមានបុណ្យស័ក្តិខ្ពស់ទាំងនោះ បានឮពីការស្រែកទាមទាររបស់យើង ឲ្យឈប់ធ្វើរឿងអាក្រក់ៗបែបនេះទៀត…ហេតុដូច្នេះពេលដល់វេនពួកគេស្លាប់ អ៊ីចឹងពលរដ្ឋខ្មែរយើងនឹងមិននិយាយអាក្រក់ៗអំពីការស្លាប់បស់ពួកគេទៀតនោះទេ ប្រសិនបើពួកគេកែខ្លួន ឲ្យក្លាយជាមន្ត្រីរដ្ឋាភិបាលដ៏ល្អនោះ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស