កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីកំពុងសើុបអង្កេត នៅឡើយលើហេតុការណ៍ការដុតបំផ្លាញការិយាល័យឃ្លាំមើលព្រៃសហគមន៍ក្នុងខេត្តមណ្ឌលគិរីដែលបង្កឡើងដោយកសិករចងបិទមុខរាប់សិបនាក់ នៅក្នុងអ្វីដែលមន្ត្រីរដ្ឋាភិបាលសង្ស័យថា ជាការសងសឹកចំពោះការរារាំងមិនឲ្យដាំដុះដំឡូងមីនៅក្នុងតំបន់ការពារ។
មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា កាលពីថ្ងៃព្រហស្បតិ៍ មានមនុស្សប្រហែល៤០ទៅ៦០នាក់ ដែលភាគច្រើនមានចងក្រមាបិទមុខនោះ បានតតាំងនឹងឧទ្យានុរក្សម្នាក់នៅខាងក្រៅការិយាល័យដែលគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា មុនពេលពួកគេដុតការិយាល័យនេះ។
លោក គង់ សុធារ៉ា អ្នកគ្រប់គ្រងគម្រោងនៅដែនជម្រកសត្វព្រៃនេះបានលើកឡើងកាលពីថ្ងៃសុក្រថា ក្រុមនេះ បានខឹងសម្បា បន្ទាប់ពីពួកគេត្រូវអាជ្ញាធរមូលដ្ឋានរារាំងមិនឲ្យដាំដុះនៅលើតំបន់ការពារក្នុងឃុំស្រែព្រះ ស្រុកកែវសីមា។លោកបានកំណត់ថា ក្រុមនេះមានគ្នាសរុបប្រហែល៦០នាក់។
លោកបានមានប្រសាសន៍ថា “ក្នុងចំណោមពួកគេមានអ្នកខ្លះបានទាមទារឲ្យអនុញ្ញតឲ្យពួកគេរានដីព្រៃដើម្បីដាំដុះដំឡូងមី ស្រាប់តែអ្នកផ្សេងទៀតបានដុត[ការិយាល័យនេះ] តែម្តង”។ពេលការិយាល័យនេះកំពុងឆាបឆេះ ក្រុមនេះបានចែកជើងគ្នាដោយជិះគេចតាមម៉ូតូ។ គ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍ឆាបឆេះនេះទេ។
លោក ព្យឺ ពេ ដែលជាមេឃុំបានលើកឡើងថា ការិយាល័យនេះដែលធ្វើពីឈើប្រក់ស័ង្កសីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ក្នុងគោលបំណងទប់ស្កាត់ការកាប់រានព្រៃ។
មេឃុំរូបនេះបានមានប្រសាសន៍ថា “តាមខ្ញុំដឹងបុរសប្រហែល៤០នាក់ ដែលជិះម៉ូតូប្រហែល២៥គ្រឿង បានមកដល់ហើយបានចាប់ផ្តើមដុតកម្ទេចតែម្តង”។ លោកបានបន្ថែមថា លោកមិនស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យដែលនាំគ្នាដុតការិយាល័យនេះឡើយ។គ្រួសារមកពីខេត្តកំពង់ចាម ក្រចេះនិងព្រៃវែងបានផ្លាស់លំនៅមកកាន់តំបន់នេះក្នុងឆ្នាំ២០១៣ ហើយបានព្យាយាមកាប់រានព្រៃដោយខុសច្បាប់ដើម្បីដាំដុះ។
គ្រួសារថ្មីប្រហែល ៣០០គ្រួសារកំពុងធ្វើឲ្យការងារទប់ស្កាត់ការកាប់បំផ្លាញព្រៃ កាន់តែមានភាពលំបាកសម្រាប់ក្រុមជនជាតិដើមភាគតិចព្នងដែលបានរស់នៅលើដីនេះរាប់ជំនាន់មកហើយនោះ នេះបើយោងតាមការលើកឡើងបន្ថែមទៀតរបស់លោក ព្យឺ ពេ ដែលខ្លួនលោកផ្ទាល់ក៏ជាជនជាតិដើមភាគតិចព្នងដែរនោះ។
លោកបានថ្លែងថា “ជនជាតិព្នងរបស់យើងពឹងផ្អែកលើព្រៃនេះ ហើយពេលដែលព្រៃនេះបាត់បង់ វាពិតជាមានការលំបាកណាស់សម្រាប់ពួកយើងក្នុងការរស់នៅបន្តទៅមុខទៀត”។
លោក ប៉ែន ប៊ុនរឿន ដែលជានាយប៉ុស្តិ៍នគរបាលឃុំបានលើកឡើងកាលពីម្សិលមិញថា លោកកំពុងតែសើុបអង្កេតលើករណីនេះ ប៉ុន្តែ នៅមិនទាន់ច្បាស់នៅឡើយទេថាតើនរណាជាអ្នកត្រូវទទួលខុសត្រូវ។លោកបានមានប្រសាសន៍ថា “យើងនៅមិនទាន់ទទួលបានលទ្ធផលណាមួយនៅឡើយទេ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)