29 C
Phnom Penh

ក្រសួងការបរទេស​​​​​​នឹង​​​បញ្ចប់​​​ការ​​​សាង​​​សង់​​​​​​វិទ្យាស្ថាន​​​ការទូត​​​ដំបូងក្នុងរយៈ​​​ពេល​​​២​​​​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសរំពឹងថា នឹងបញ្ចប់ការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលដំបូងរបស់ ខ្លួនសម្រាប់មន្ត្រីការទូតក្នុងស្រុកក្នុងរយៈពេល២ឆ្នាំ នេះបើយោងតាមមន្ត្រីនៅក្រសួង នេះបានឲ្យដឹងកាលពីម្សិលមិញ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា ការងារសាងសង់វិទ្យាស្ថានការទូត និងការសិក្សាលើផ្នែកទំនាក់ទំនងអន្តរជាតិបានចាប់ផ្តើមកាលពីខែធ្នូ ហើយគ្រោងបញ្ចប់ក្នុងរយៈពេល១៨ខែ។

ការចំណាយលើអគារថ្មីនេះដែលនឹងមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងនេះក្បែររដ្ឋសភាក្នុងរាជធានីភ្នំពេញនឹងបានមកពីថវិការបស់ក្រសួងនេះតែម្តង ប៉ុន្តែ លោកជុំ សុន្ទរី មិនដឹងថាគម្រោងនេះនឹងចំណាយអស់ប៉ុន្មានទេ។

អនាគតទីតាំងវិទ្យាស្ថានការទូត និងការសិក្សាលើផ្នែកទំនាក់ទំនងអន្តរជាតិ កាលពីម្សិលមិញនៅក្នុងបរិវេណក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អនាគតទីតាំងវិទ្យាស្ថានការទូត និងការសិក្សាលើផ្នែកទំនាក់ទំនងអន្តរជាតិ កាលពីម្សិលមិញនៅក្នុងបរិវេណក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានមានប្រសាសន៍ថា គម្រោងនេះបានចាប់ផ្តើមដំណើរការបន្ទាប់ពីក្រសួងបានជ្រើសរើសបុគ្គលិកថ្មីជាច្រើនដែលតម្រូវ ឲ្យមានការបណ្តុះបណ្តាលជាក់លាក់សម្រាប់ការបំពេញការងារឲ្យបានត្រឹមត្រូវ។

លោកបានថ្លែងថា “អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗបំផុតនៃគោលនយោបាយរបស់កម្ពុជាគឺត្រូវបញ្ចូលកម្ពុជាទៅក្នុងសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិក្នុងចំណោមអង្គការអន្តរជាតិផ្សេងៗ”។ លោកបានបន្ថែមថា”គោលនយោបាយការបរទេសសម្រេចទៅបានវាតម្រូវឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងវិស័យធនធានមនុស្ស”។ លោក ជុំ សុន្ទរី បានបន្ថែមថា វិទ្យាស្ថាននេះនឹងផ្តោតសំខាន់លើការផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកក្រសួងការបរទេសប៉ុន្តែ ក៏នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រសួងផ្សេងៗផងដែរ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានពិភាក្សាអំពីគម្រោងសាងសង់នេះជាមួយលោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិក អំឡុងលោកស្រីមកបំពេញទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

លោក ប្រាក់ សុខុន ត្រូវបានគេដកស្រង់សម្តីមកថា លោកមានបំណងអភិវឌ្ឍទំនាក់ទំនងរវាងវិទ្យាស្ថានការទូតកម្ពុជា និងវិទ្យាស្ថានកិច្ចការបរទេសរបស់អូស្ត្រាលី។

លោក ជុំ សុន្ទរី បានលើកឡើងទាក់ទិននឹងសំណើសុំឲ្យមានការសហការជាដៃគូថា “យើងនឹងអាចផ្លាស់ប្តូរបទពិសោធន៍ការទូតគ្នាទៅវិញទៅមក”។

អនាគតទីតាំងវិទ្យាស្ថានការទូត និងការសិក្សាលើផ្នែកទំនាក់ទំនងអន្តរជាតិ កាលពីម្សិលមិញនៅក្នុងបរិវេណក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អនាគតទីតាំងវិទ្យាស្ថានការទូត និងការសិក្សាលើផ្នែកទំនាក់ទំនងអន្តរជាតិ កាលពីម្សិលមិញនៅក្នុងបរិវេណក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ជាក្រុមកសាងអ្នកអត្ថាធិប្បាយនយោបាយបានលើកឡើងថា លោកសង្ឃឹមថា វិទ្យាស្ថានថ្មីនេះនឹងផ្តល់វគ្គបណ្តុះបណ្តាលប្រកបដោយគុណភាពដល់អ្នកដែលកំពុងសម្លឹងឆ្ពោះទៅចាប់អាជីពផ្នែកការទូត។

លោកថ្លែងថា “ប្រសិនបើ[ក្រសួងនេះ] បង្កើត វាឡើងត្រឹមតែដើម្បីបម្រើផលប្រយោជន៍ ឲ្យអ្នកមានអំណាចមួយចំនួន និងដើម្បីជ្រើសក្រុមខ្លួននោះ វានឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិទេ។ “ប្រសិនបើគោលបំណង នៃការបង្កើតអគារនេះពិតជាផ្តល់ផលប្រយោ ជន៍ដល់ជាតិមែននោះ ខ្ញុំអបអរសាទរ”។

ខណៈករណីបែបនេះកើតមាននៅក្នុងជួររដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ ក្រសួងការបរទេសមានប្រវត្តិថា កូនរបស់អ្នកមានអំណាចនៅក្នុងក្រសួងនេះឡើងឋានៈយ៉ាងឆាប់រហ័ស។

លោក ហោ ណាំបូរ៉ា កូនប្រុសរបស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស ទទួលបានតំណែងជាឯកអគ្គរាជទូតជាច្រើន អំឡុងឪពុករបស់លោកនៅកាន់តំណែង។ លោក ឡុង ឌីម៉ង់ កូនប្រុសរបស់លោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងនេះកាលពីឆ្នាំមុនត្រូវបានតែងតាំងឲ្យធ្វើជាឯកអគ្គរាជទូតកូរ៉េខាងត្បូងទោះបីជាមានបទពិសោធន៍ការទូតតិចតួចក៏ដោយ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស