28 C
Phnom Penh

មន្ត្រី​​​នគរបាល​​​ប្រឈម​​​​​ទណ្ឌកម្ម​ បន្ទាប់ពី​ចោទ​​មេថាពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃបានបញ្ចប់ការស៊ើបអង្កេតពីការដាក់ពាក្យបណ្តឹងចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយដ៏រាលដាលរបស់ស្នងការនគរបាលខេត្តកំពង់ធំ ដោយការសម្រេចដាក់ទោសទាំងដើមចោទ និងចុងចោទ នេះបើយោងតាមរបាយការណ៍ដែលក្រសួងបានដាក់ជូននគរបាលជាតិ។

លោក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ថា ទាំងដើមចោទនិងចុងចោទទទួលទោសដូចគ្នា  ពីព្រោះពួកគេប្រព្រឹត្តកំហុសដូចគ្នា”។

ការស៊ើបអង្កេតលើលោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំបានចាប់ផ្ដើមបន្ទាប់ពីកូនចៅរបស់ខ្លួនប្រាំមួយនាក់បានដាក់ពាក្យបណ្ដឹងកាលពីខែកុម្ភៈ ចោទរូបលោកថាបានទាមទារប្រាក់សម្រាប់ការដំឡើងតួនាទី ដោយយកប្រាក់ចាប់ពី៥០០ដុល្លារដល់៧.០០០ដុល្លារ។ កូនចៅរបស់លោកពីរនាក់ គឺលោក អុិត គឹមស្រ៊ុន និងលោក ខៀវ ចាន់នី ក៏ត្រូវបានចោទប្រកាន់ផងដែរ។

cam-photo-corruption-1ពាក្យបណ្ដឹងនោះត្រូវបានចាត់ទុកថា គ្មានភ័ស្តុតាងបញ្ជាក់ ប៉ុន្តែការស៊ើបអង្កេតមួយទៀតបានធ្វើឡើងនៅពេលមានពាក្យបណ្ដឹងដំបូង ដោយអះអាងជាថ្មីម្តងទៀតថា ឧត្ដមសេនីយ៍ទោ ជូ សំអាន ប្រព្រឹត្តអំពើពុករលួយក្នុងការដំឡើងតួនាទី ឬការតែងតាំង។

របាយការណ៍ចុងក្រោយដែលក្រសួងមហាផ្ទៃបានបញ្ជូនទៅនគរបាលជាតិកាលពីថ្ងៃសុក្រលើកឡើងថា មន្ត្រីប្រាំមួយនាក់ដែលជាប់ពាក់ព័ន្ធក្នុងការដាក់ពាក្យបណ្ដឹងនោះ នឹងត្រូវដាក់វិន័យ មន្ត្រីបីនាក់នឹងត្រូវដកចេញពីតួនាទី ហើយពីររូបទៀតនឹងចូលនិវត្ត។

របាយការណ៍ដដែលនេះមិនបានលើកឡើងថាតើមន្ត្រីរូបណានឹងទទួលបានការដាក់ទោសអ្វីនោះឡើយ។ លោក ប៉ែន វិបុល បានមានប្រសាសន៍ថា ទាំងលោក អុិត គឹមស្រ៊ុន និងលោក ខៀវ ចាន់នី នឹងត្រូវដាក់ទោស ប៉ុន្តែលោកមិនបាននិយាយថានឹងត្រូវដាក់ទោសយ៉ាងម៉េចនោះឡើយ។ទាំងរបាយការណ៍ និងលោក ប៉ែន វិបុល មិនបានបញ្ជាក់អំពីជោគវាសនារបស់ឧត្ដមសេនីយ៍ទោ ជូ សំអាន ឡើយ ប៉ុន្តែលោក ប៉ែន វិបុល លើកឡើងកាលពីដើមខែនេះថា ដោយមានអាយុ៥៩ឆ្នាំទៅហើយនោះ លោកអាចចូលនិវត្តនៅពេលឆាប់ៗ។

លោក ប៉ែន វិបុល មិនបានបញ្ជាក់កាលពីម្សិលមិញពីអ្វីដែលលោកបាននិយាយឡើយហើយនៅពេលនោះលោកបាននិយាយថា ទាំងដើមចោទនិងចុងចោទបានប្រព្រឹត្ត “កំហុសដូចគ្នា”។ លោកបានថ្លែងថា ទោះយ៉ាងណាកូនចៅរបស់ឧត្ដមសេនីយ៍ទោ ជូ សំអាន នឹងត្រូវដាក់ទោស ពីព្រោះពួកគេមួយចំនួនទៀតចេះតែធ្វើតាមមិត្តភក្ដិរបស់ខ្លួនដាក់ពាក្យបណ្ដឹងដោយមិនបានដឹងថា តើការអះអាងនោះពិតឬមិនពិតនោះឡើយ។

លោកបានមានប្រសាសន៍ថា “វាមិនត្រឹមតែស្នងការនគរបាលខេត្តរូបនេះទេដែលនឹងទទួលទោសនោះ ប៉ុន្តែយើងក៏បានរកឃើញផងដែរថា មនុស្សច្រើនទៀតក៏មានកំហុសដែរហើយពួកគេក៏នឹងទទួលការដាក់វិន័យ ហើយត្រូវដកចេញពីតួនាទីដែរ។ យើងបានចាត់តាំងឱ្យមានការដាក់ទោសដល់មន្ត្រីនគរបាលទាំងនោះដែលបានផ្ដិតមេដៃលើពាក្យបណ្ដឹងប្ដឹងស្នងការនគរបាលខេត្តរូបនេះ ប៉ុន្តែមិនមានភ័ស្តុតាង”។

បើទោះជាលោក ប៉ែន វិបុល ធ្លាប់បានលើកឡើងពីមុនថា លោកសង្ស័យថា ឧត្ដមសេនីយ៍ទោ ជូ សំអាន ពិតជាបានទទួលសំណូកដោយសារភាពមិនស្របគ្នាពីវិធីដែលលោកបានដំឡើងតួនាទីមន្ត្រីមួយចំនួនក៏ដោយ តែកាលពីម្សិលមិញ លោកបានលើកឡើងថា បញ្ហានេះគឺដោយសារមានការធ្វើផ្ទុយពីនីតិវិធីដោយអចេតនា។

លោកបានមានប្រសាសន៍ថា “យើងមិនមានភ័ស្តុតាងដើម្បីបង្ហាញថា ស្នងការខេត្តរូបនេះបានទទួលប្រាក់ពីមន្ត្រីនគរបាលសម្រាប់ការតែងតាំងតួនាទីឡើយ ប៉ុន្តែក្រុមអធិការកិច្ចរបស់យើងបានរកឃើញថា ស្នងការនគរបាលរូបនេះបានតែងតាំងមន្ត្រីមួយចំនួនផ្ទុយនឹងនីតិវិធី”។

ឧត្ដមសេនីយ៍ទោ ជូ សំអាន មានប្រសាសន៍ថា កំហុសរបស់លោកត្រង់ថាលោកបានចុះហត្ថលេខាលើឯកសារលឿនពេក ហើយថាកូនចៅរបស់លោកដែលមានការច្រណែនបានព្យាយាមផ្ដួលរូបលោកដោយគ្មានហេតុផលត្រឹមត្រូវ។

លោកបានថ្លែងថា “ខ្ញុំមិនបានពិនិត្យឯកសារច្បាស់លាស់ឡើយ ពីព្រោះខ្ញុំទុកចិត្តកូនចៅរបស់ខ្ញុំ ប៉ុន្តែពួកគេបានបោកប្រាស់ខ្ញុំ។ ពួកគេបានដូរឈ្មោះ ហើយដាក់អ្នកថ្មីជំនួស”៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស