26 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិនៅ​​​មិនទាន់​​​សម្រេច​​​នៅ​​​ឡើយពាក់​​​ព័ន្ធ​​​អនាគតនៃ​​​​ពាក្យ​​​ស្លោក​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សប្រឆាំងរបស់លោកនៅមិនទាន់សម្រេចនៅឡើយទេថា តើនៅបន្តប្រើពាក្យស្លោកយុទ្ធនាការឃោសនាបន្តទៅមុខទៀតឬក៏អត់សម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ហើយបានបញ្ជាក់ពីការលើកឡើងរបស់លោកដែលធ្វើឡើងកាលពីចុងសប្តាហ៍មុន។ ពាក្យស្លោកនេះអាចធ្វើឲ្យគណបក្សនេះត្រូវចូលខ្លួនដោះស្រាយក្នុងតុលាការ។

គណបក្សប្រជាជនកម្ពុជាបានគំរាមប្តឹងគណបក្សនេះពីបទញុះញង់ពាក់ព័ន្ធនឹងពាក្យស្លោកដែលគណបក្សនេះបានបង្ហាញកាលពីដើមខែនេះអំឡុងសមាជបក្ស។ ពាក្យស្លោកនោះគឺ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ”។

កាលពីថ្ងៃសុក្រ វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីរបស់លោក សុន ឆ័យ មកថា គណបក្សសង្គ្រោះជាតិនឹងដាក់ចេញផែនការគោលនយោបាយ៥ចំណុចនៅមុនការបោះឆ្នោតនាថ្ងៃទី៤ខែមិថុនា ” ដោយមិនបានលើកឡើងពីពាក្យស្លោកនេះឡើយ” ជាការបង្ហាញឲ្យឃើញថា គណបក្សនេះបោះបង់ចោលពាក្យស្លោកនេះហើយ។

ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក សុន ឆ័យ បានលើកឡើងថា ការលើកឡើងរបស់ លោកត្រូវបានគេយកមកបកស្រាយខុស។

cam-photo-cnrp-channa-800x533លោកបានមានប្រសាសន៍ថា “ខ្ញុំបាននិយាយទៅកាន់ពួកគេថា យើងមិនព្រួយបារម្ភនឹងការសម្រេចណាមួយរបស់តុលាការឬគ.ជ.ប. [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] នោះឡើយ ប្រសិនបើពាក្យស្លោក នេះមិនសមរម្យ”។ លោកបានបន្ថែមថា “សម្រាប់យើង យើងមើលមិនឃើញថា ពាក្យស្លោកនេះមានបញ្ហានោះទេ”។

លោក សុន ឆ័យ បានលើកឡើងទៀតថា វាជាការពិតដែលថា ផែនការគោលនយោបាយ៥ចំណុចនឹងត្រូវបានផ្សព្វផ្សាយដោយគ្មានពាក្យស្លោកនេះ ប៉ុន្តែមិនមែនមានន័យថា គណបក្សសង្គ្រោះជាតិបោះបង់ពាក្យស្លោកនេះទេ។ លោកបានលើកឡើងបន្តទៀតថា គណបក្សរបស់លោកមិនចាំបាច់បន្តជំរុញពាក្យស្លោកនេះតទៅមុខទៀតនោះឡើយ ព្រោះឥឡូវនេះវាបានជ្រួតជ្រាបចូលក្នុងមនសិការសាធារណជនសព្វទិសទីរួចទៅហើយ។ លោកបានថ្លែងថា “ពាក្យស្លោកនេះ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងបានឮគ្រប់ៗគ្នាអស់ហើយ ហេតុដូច្នេះយើងមិនចាំបាច់ផ្សព្វផ្សាយពាក្យស្លោកនេះតទៅមុខទៀតនោះឡើយ”។

ទោះជាយ៉ាងណា នៅពេលសួរថា តើមន្ត្រីគណបក្សនឹងឈប់និយាយអំពីឃ្លានេះ ឬយ៉ាងណានោះ លោក សុន ឆ័យ មិនបានបញ្ចេញមតិយោបល់អ្វីនោះឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំអត់ដឹងទេ យើងមិនទាន់សម្រេចទេ”។ លោកបានបន្ថែមទៀតថា “វាមិនទាន់ដល់ពេលធ្វើយុទ្ធនាការឃោសនានៅឡើយទេ”។

រយៈពេលធ្វើយុទ្ធនាការឃោសនាផ្លូវការគ្រោងចាប់ផ្តើមធ្វើនៅថ្ងៃទី២០ឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា។

កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សរបស់លោកនឹងមិនបោះបង់ចោលការគំរាមប្តឹងរបស់ខ្លួននោះឡើយ លុះត្រាតែគណបក្សសង្គ្រោះជាតិចេញសេចក្តីថ្លែងការណ៍ជាសាធារណៈប្រកាសបោះបង់ចោលពាក្យស្លោកនេះជាមុនសិន។

គណបក្សប្រជាជនកម្ពុជានៅមិនទាន់បញ្ជាក់នៅឡើយទេថា តើច្បាប់ណាដែលខ្លួននឹងប្រើ ប្រសិនបើខ្លួនពិតជាប្តឹងគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងពាក្យស្លោកនេះមែននោះ ប៉ុន្តែថា ខ្លួននឹងមិនបោះបង់ចោលលទ្ធភាពប្រើប្រាស់ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែធ្វើវិសោធនកម្មថ្មីៗដើម្បីបញ្ចូលការញុះញង់ជាមូលហេតុសម្រាប់ ការរម្លាយគណបក្សមួយទាំងស្រុងចោលនោះឡើយ៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស