31 C
Phnom Penh

អភិបាល​​​រាជធានី​​​​​​ភ្នំពេញ​​​ចង់​​​ឱ្យ​​​ដក​​​ទូអេធីអឹម​​​​​​ ហើយ​​​បង្កើន​​​​​​សន្តិសុខ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីមានការដាក់សារធាតុកែច្នៃបំផ្ទុះធ្វើឲ្យបែកកញ្ចក់ទូដកប្រាក់អេធីអឹមរបស់ធនាគារកាណាឌីយ៉ាស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃសៅរ៍មក កាលពីម្សិលមិញ លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីបានមានប្រសាសន៍ថា ធនាគារទាំងអស់គួរបង្កើនការការពារសន្តិសុខ បើមិនដូច្នោះទេត្រូវដកទូដកប្រាក់របស់ខ្លួនចេញពីកន្លែងសាធារណៈ។

ដោយសង្ខេបអំឡុងការថ្លែងសុន្ទរកថានៅកិច្ចប្រជុំប្រចាំសប្តាហ៍របស់សាលារាជធានីកាលពីថ្ងៃច័ន្ទ លោកបានមានប្រសាសន៍ថា “យើងទាមទារឲ្យមានការត្រួតពិនិត្យ និងការទទួលខុសត្រូវខ្ពស់។យើងមិនអាចទុកឲ្យនៅអញ្ចឹងបានទេ”។

បុរសម្នាក់ដើរចេញពីទូដកប្រាក់អេធីអឹមដែលដាក់នៅខាងក្រៅការិយាល័យប្រៃសណីយ៍ក្នុងរាជធានីភ្នំពេញស្ថិតក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា /ឌឹ ខេមបូឌា ដេលី
បុរសម្នាក់ដើរចេញពីទូដកប្រាក់អេធីអឹមដែលដាក់នៅខាងក្រៅការិយាល័យប្រៃសណីយ៍ក្នុងរាជធានីភ្នំពេញស្ថិតក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា
/ឌឹ ខេមបូឌា ដេលី

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អ្នកដាក់សារធាតុបំផ្ទុះទូដកប្រាក់អេធីអឹមធនាគារកាណាឌីយ៉ាដែលកំពុងរត់គេចខ្លួននោះទំនងជាផ្តោតគោលដៅលើទូដកប្រាក់នេះតែម្តង ពីព្រោះវាស្ថិតក្នុងកន្លែងស្ងាត់ ហើយការបំផ្ទុះនេះបានកើតឡើងប្រហែលជាពាក់កណ្តាលអធ្រាត្រ តែមិនបានធ្វើឲ្យខូចប្រអប់ដាក់ប្រាក់ឡើយ។

របាយការណ៍ដែលចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិកាលពីថ្ងៃអាទិត្យបានលើកឡើងពីការមេរ៉ាសុវត្ថិភាពដែលបង្ហាញពីបុរសម្នាក់ដើរទៅជិតទូដកប្រាក់អេធីអឹម ហើយបានយកសារធាតុផ្ទុះចងភ្ជាប់ទូនោះជាមួយនឹងឆ្នួនបញ្ឆេះ ហើយដុតនឹងដែកកេះ។

សន្តិសុខយាមមន្ទីរពេទ្យដែលស្ថិតនៅក្បែរទូដកប្រាក់អេធីអឹមនោះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា មិត្តរួមការងាររបស់ខ្លួនដែលប្រចាំការនៅទីនោះនៅពេលមានហេតុការណ៍កើតឡើងបានដេកលក់មួយភាំង។លោក ម៉េត មាសភក្តី បានមានមានប្រសាសន៍ថា ការធ្វេសប្រហែសក្នុងការការពារសន្តិសុខបែបនេះត្រូវតែបញ្ឈប់។

លោកបានមានប្រសាសន៍ថា “គេត្រូវជ្រើសរើសកន្លែងសាធារណៈដែលងាយស្រួល និងមានសន្តិសុខខ្ពស់”។ លោកបានបន្ថែមថា ធនាគារទាំងអស់ដែលមានទូដកប្រាក់អេធីអឹមស្ថិតក្នុងកន្លែងចង្អៀត និងងាយរងគ្រោះត្រូវបានស្នើឱ្យដកចេញ បើមិនដូច្នោះទេ ត្រូវអនុវត្តនូវវិធានការសន្តិសុខថ្មី។

លោក ម៉េត មាសភក្តី បានថ្លែងថា “យើងគ្រាន់តែចង់ឲ្យម្ចាស់អេធីអឹមទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតចំពោះសុវត្ថិភាពអតិថិជន។ ម្ចាស់អេធីអឹមត្រូវទទួលខុសត្រូវដោយខ្លួនឯងដោយការដាក់សន្តិសុខយាមឲ្យបានត្រឹមត្រូវ”។

លោក Charles Vann អនុប្រធានប្រតិបត្តិនៃធនាគារកាណាឌីយ៉ា បានមានប្រសាសន៍កាលពីម្សិលមិញថា ធនាគារបាន”ចាត់វិធានការដើម្បីពង្រឹងសន្តិសុខដោយសារតែហេតុការណ៍កើតឡើងថ្មីៗនេះ” ប៉ុន្តែ លោកបានបដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ឡើយ។

លោកបានថ្លែងថា “យើងមិនចង់បញ្ចេញព័ត៌មានទាំងនោះទេ ព្រោះយើងត្រូវតែឃ្លាំមើល និងព្យាយាមជួយចាប់ចោរ”។

លោក Charles Vann បានបន្ថែមថា “ខ្ញុំគិតថា សម្រាប់ទូអេធីអឹមនៅតាមទីសាធារណៈទាំងអស់ យើងត្រូវមានប្រព័ន្ធឃ្លាំមើលសន្តិសុខ។ ប៉ុន្តែ ឥឡូវនេះយើងកំពុងតែពង្រឹងដោយសារហេតុការណ៍នេះគឺហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះឯង”។

លោក Sanzhar Abdullayev ជានាយកផ្នែក ផ្នែកកាត និង e-banking នៅធនាគារ ABA ដែលមានទូអេធីអឹមជាង១០០កន្លែងទូទាំងប្រទេសបានអះអាងថា ធនាគារបានដាក់សន្តិសុខយាមនៅតាមទូអេធីអឹមទាំងអស់២៤ម៉ោងលើ២៤ម៉ោង តាមរយៈការជួលដោយផ្ទាល់ពីធនាគារ និងតាមរយៈម្ចាស់ទីតាំង។

លោកបានថ្លែងថា ធនាគារដែលទូអេធីអឹមរបស់ខ្លួនត្រូវបានចោរលួចគាស់ជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កំពុងពិនិត្យមើលប្រព័ន្ធរបស់ខ្លួនដែលមានស្រាប់ឡើងវិញបន្ទាប់ពីមានការបំផ្ទុះកាលពីថ្ងៃអាទិត្យ។

លោក Abdullayev បានថ្លែងថា “យើងមិនខ្វល់ខ្វាយពេកទេរឿងសាច់ប្រាក់ ពីព្រោះវាត្រូវបានធានាហើយ ប៉ុន្តែយើងចែករំលែកការព្រួយបារម្ភនេះជាមួយរដ្ឋាភិបាលថាយើងត្រូវតែការពារប្រជាពលរដ្ឋ ដូច្នេះយើងនឹងពិនិត្យមើលនូវអ្វីដែលយើងអាចធ្វើបាន”។

លោកបានបន្ថែមថា “ខ្ញុំដឹងថា មានជំនួបមួយជាមួយ អ្នកដែលទទួលខុសត្រូវចំពោះសន្តិសុខធនាគាររួមគ្នាជាមួយផ្នែកព័ត៌មានវិទ្យារបស់យើង។ ដូច្នេះគេត្រូវបង្កើតវិធានការមួយចំនួនបន្ថែមទៀតពីវិធីដែលយើងអាចធ្វើឱ្យសន្តិសុខប្រសើរឡើង”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស