34 C
Phnom Penh

សហគមន៍​​ខ្មែរអុិស្លាម​​ជ្រោយចង្វារ​​ហាក់ដក​​ការ​​​​​​គាំទ្រ​​​ច្រើន​ពី​​​​ CPP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលសាកសួរបុរសខ្មែរអុិស្លាមម្នាក់ឈ្មោះ កើ មើទ្រី ដែលជាអ្នករត់តាក់ស៊ីថា តើគាត់នឹងគាំទ្រគណបក្សមួយណានៅក្នុងការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខ ជាដំបូងគាត់បានសរសើរគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង។

នៅឯហាងលក់អាហារសម្រន់មាត់ទន្លេមួយកន្លែងក្នុងសង្កាត់ជ្រោយចង្វារកាលពីម្សិលមិញ លោក កើ មើទ្រី និយាយថា “ខ្ញុំគាំទ្រគណបក្សបច្ចុប្បន្ន  ព្រោះពួកគេបាននាំអ្នកវិនិយោគយ៉ាងច្រើនមកអភិវឌ្ឍប្រទេស។ យើងមិនជឿជាក់លើគណបក្សប្រឆាំងទេ”។

ទោះជាយ៉ាងណា ប៉ុន្មាននាទីក្រោយមក បុរសវ័យ៣០ឆ្នាំរូបនេះហាក់មិនប្រាកដប្រជាដូចពីដំបូងឡើយ។ គាត់និយាយថា “មិត្តភក្ដិ និងសាច់ញាតិខ្ញុំប្រាកដជាមិនគាំទ្រគណបក្សកាន់អំណាចទេ។ គណបក្សកាន់អំណាចបានបង្កបញ្ហាយ៉ាងច្រើនដល់ប្រទេស”។

គាត់គូសបញ្ជាក់ថា ជាយូរមកហើយដែលភូមិរបស់គាត់ក៏ដូចជាសហគមន៍ខ្មែរអុិស្លាមជាច្រើននៅទូទាំងប្រទេសកម្ពុជា បានគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយមានលក្ខខណ្ឌថាពួកគេត្រូវធ្វើការកែលម្អលើបញ្ហានានាដូចជាអំពើពុករលួយ និងការប្រើប្រាស់គ្រឿងញៀនជាដើម។

គាត់លើកឡើងទៀតថា “ប៉ុន្តែយើងមិនឃើញមានការផ្លាស់ប្ដូរទេ ហើយពេលនេះយើងមិនប្រាកដទេថា យើងអាចគាំទ្រពួកគេនៅក្នុងការបោះឆ្នោតលើកក្រោយ”។

អ្នកជាច្រើនទៀតនៅក្នុងសហគមន៍របស់លោក កើ មើទ្រី ដែលភាគច្រើនជាខ្មែរអុិស្លាម ក៏មិនប្រាកដប្រជាដូចគាត់ដែរ។ នៅក្នុងការសម្ភាសកាលពីម្សិលមិញ អ្នកខ្លះនិយាយថា ពួកគាត់នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា  ដែលបានស្វាគមន៍ឱ្យខ្មែរអុិស្លាមកាន់តំណែងខ្ពស់ៗក្នុងជួររដ្ឋាភិបាល និងបានជំរុញឱ្យមានសេរីភាពផ្នែកសាសនា បន្ទាប់ពីការធ្វើទុក្ខបុកម្នេញដ៏គ្រោះថ្នាក់ក្រោមរបបខ្មែរក្រហម។ ប៉ុន្តែនៅពេលចុចសួរ អ្នកផ្សេងទៀតឆ្លើយថា ពួកគាត់លែងគាំទ្រគណបក្សប្រជាជនកម្ពុជាទៀតហើយ ហើយពួកគាត់ក៏មិនជឿជាក់ថាគណបក្សប្រឆាំងនឹងដឹកនាំបានល្អជាងគណបក្សនេះដែរ។

WP-LastImage-31-800x533អ្នកស្រី ម៉ាត់ អាហ្ស៊ី អាយុ៤៥ឆ្នាំ ដែលជាម្ចាស់ហាងលក់អាហារសម្រន់បានប៉ាន់ស្មានថា ប្រជាជនពាក់កណ្ដាលនៅក្នុងសហគមន៍នេះគាំទ្រគណបក្សប្រឆាំង។ ខណៈពេលគាត់យោលក្មួយស្រីដែលកំពុងគេងលក់លើអង្រឹង គាត់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គាត់មិនគាំទ្រគណបក្សប្រឆាំងទេ។

ម្ចាស់ហាងរូបនេះមិនចូលចិត្តតាមដានព័ត៌មាននយោបាយទេ។ គាត់និយាយថា “មានតែមន្ត្រីរដ្ឋាភិបាលទេដែលដឹងច្បាស់ថាមានអ្វីកំពុងកើតឡើង” ប៉ុន្តែគាត់គ្រោងជួយគណបក្សកាន់អំណាចធ្វើយុទ្ធនាការឃោសនានៅក្នុងសង្កាត់នេះ។ គូសបញ្ជាក់ពីផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ គាត់និយាយថា “គណបក្សកាន់អំណាចកំពុងតែជួយយើងកសាងជីវិតល្អប្រសើរ”។

ស្ត្រីរូបនេះជឿថា គណបក្សសង្គ្រោះជាតិនឹងធ្វើមិនបានល្អជាងនេះប៉ុន្មានឡើយ។ អ្នកស្រីបន្តថា “ទោះបីគណបក្សបច្ចុប្បន្នចាញ់ការបោះឆ្នោតក្ដី ក៏ខ្ញុំមិនគិតថានឹងមានអ្នកផ្លាស់ប្ដូរគោលនយោបាយដើម្បីធ្វើឲ្យការរកស៊ីរបស់ខ្ញុំ ឬសហគមន៍របស់ខ្ញុំប្រសើរឡើងនោះទេ”។

យោងតាមលោក អាល់បឺតូ ពើរ៉េស ពើរ៉េរ៉ូ (Alberto Perez-Pereiro) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Breogan Consulting ធ្វើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម និងទីផ្សារដែលបានសិក្សាយ៉ាងទូលំទូលាយអំពីសហគមន៍ខ្មែរអុិស្លាមបានឲ្យដឹងថា ជាយូរមកហើយដែលទស្សនៈបែបនេះបានជំរុញឱ្យបងប្អូនខ្មែរអុិស្លាមយ៉ាងច្រើននាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ជាប្រវត្តិសាស្ត្រ មូស្លីម (អ្នកកាន់សាសនាអុិស្លាម) តែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក”។ លោកគូសបញ្ជាក់ថា គណបក្សកាន់អំណាចបានព្យាយាមយ៉ាងខ្លាំងដើម្បីទាក់ទាញការគាំទ្រពីសហគមន៍មូស្លីម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរងការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធយ៉ាងសកម្មនៅក្នុងការសម្លាប់រង្គាលជនជាតិចាមនៅក្នុងឆ្នាំ១៩៧៥ ក្នុងឋានៈជាមេបញ្ជាការរងរបស់ខ្មែរក្រហម បានធ្វើឱ្យមានការព្រួយបារម្ភថា ការផ្លាស់ប្ដូររដ្ឋាភិបាលអាចនឹងនាំមកនូវមហន្តរាយដល់ខ្មែរអុិស្លាមរាប់សែននាក់នៅក្នុងប្រទេស។

តាមរយៈសារហ្វេសប៊ុកមួយស្តីពីបុណ្យចូលឆ្នាំខ្មែរអុិស្លាមក្នុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីបានព្រមានថា គណបក្សប្រឆាំងកំពុងបង្កឲ្យមានបដិវត្តន៍ដូចដែលបានកើតមាននៅក្នុងប្រទេសអុីរ៉ាក់ ស៊ីរី ឬអេហ្ស៊ីប ដែលមូស្លីម “រត់គេចពីសង្គ្រាមស្ទើរតែរាល់ថ្ងៃ”។

លោកបានសរសេរផ្ញើទៅកាន់ខ្មែរអុិស្លាមប្រមាណ៤០០.០០០នាក់នៅទូទាំងប្រទេសថា ”យើងមិនត្រូវការការផ្លាស់ប្តូរប្រភេទទាំងនេះទេនៅក្នុងប្រទេសយើង។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរអុិស្លាមនឹងផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតលើការឃោសនានេះនៅក្នុងសហគមន៍របស់បងប្អូន”។

ប៉ុន្តែបុរសនេសាទម្នាក់ឈ្មោះ ឡី ឡេះ អាយុ៣៨ឆ្នាំដែលផ្ទះរបស់គាត់គឺជាទូកមួយបោះយុថ្កាជាប់នឹងជម្រាលភាគខាងត្បូងនៃសណ្ឋាគារសុខាភ្នំពេញ មានការព្រួយបារម្ភច្រើនជាងនៅក្នុងការស្វែងរកផ្ទះអចិន្ត្រៃយ៍ បន្ទាប់ពីរយៈពេលបីទសវត្សរ៍មកនេះធ្វើបម្លាស់ទីពីទីតាំងចតទូកបណ្ដោះអាសន្នពីមាត់ទន្លេមួយទៅមាត់ទន្លេមួយដោយសាររដ្ឋាភិបាលបណ្ដេញចេញ។

គាត់និយាយថា ”នោះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវស្វែងរកផ្ទះសម្រាប់ពួកយើងរស់នៅតាមដងទន្លេ”។ គាត់និយាយទៀតថា គាត់រីករាយនឹងទទួលយកប្រាក់ចំនួន២០.០០០រៀលដែលគណបក្សប្រជាជនកម្ពុជា ចែកឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីឲ្យអ្នកទាំងនោះជួយធ្វើយុទ្ធនាការឃោសនាជំនួសខ្លួន ប៉ុន្តែមិនប្រាកដថាគណបក្សនេះទទួលបានសន្លឹកឆ្នោតរបស់គាត់ឡើយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។

គាត់បាននិយាយថា “ខ្ញុំគាំទ្រគណបក្សកាន់អំណាច ព្រោះពេលខ្លះអាជ្ញាធរមូលដ្ឋានឱ្យលុយយើងបន្តិចបន្តួចសម្រាប់ធ្វើពិធីបុណ្យសព ឬស្បៀងអាហារ និងការពារសុវត្ថិភាពរបស់យើង ប៉ុន្តែខ្ញុំប្រហែលជាផ្លាស់ប្ដូរនិន្នាការ”។

ប៉ុន្តែគាត់ក៏មិនសូវមានជំនឿលើគណបក្សសង្គ្រោះជាតិប៉ុន្មានដែរ។ គាត់បានចោទជាសំណួរថា “ទោះជាយើងប្ដូរមកគាំទ្រគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតក្តី តើយើងជឿបានប៉ុន្មានថាពួកគេនឹងធ្វើតាមការសន្យារបស់ខ្លួននៅពេលខាងមុខ?”

លោក អ៊ុក សុខ ដែលជាអ្នកជិតខាងរបស់គាត់ គឺជាអ្នកគាំទ្រនយោបាយ ដោយពីដំបូងបានកោតសរសើរការឆ្លើយតបរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន មុនពេលផ្លាស់ប្ដូរទស្សនៈយល់ឃើញរបស់គាត់ បន្ទាប់ពីអ្នកឈរមើលមួយក្រុមតូចបានចាកចេញទៅបាត់។

បុរសគ្មានការងារធ្វើដែលមានប្រពន្ធជាអ្នកលក់សាច់គោរូបនេះនិយាយថា “បើលោក ហ៊ុន សែន កាន់អំណាចច្រើនអាណត្តិ នោះការបោះឆ្នោតលែងមានន័យហើយ។ ខ្ញុំមិនប្រាកដទេថាពួកគេនឹងឈ្នះ”។

លោក អ៊ុក សុខ បានសរសើរគណបក្សប្រឆាំងដែលជួយគាំទ្រកម្មករកម្មការិនីរោងចក្រកាត់ដេរ ប៉ុន្តែគាត់មិនចូលចិត្តទេដែលពួកគេពឹងផ្អែកលើការធ្វើបាតុកម្ម។ គាត់បញ្ជាក់ថា គាត់មិនទាន់សម្រេចចិត្តទេថា តើត្រូវបោះឆ្នោតគាំទ្រគណបក្សមួយណា។ “ប៉ុន្តែប្រហែលជា យើងត្រូវការការផ្លាស់ប្ដូរ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស