29.3 C
Phnom Penh

មិនមានអ្វី​​​ថ្មីឡើយ​​​ ខណៈ​​​ការ​​​ងារ​​​​​​ទាំងអស់​​​របស់​​​លោក ​​​សុខ ​​​អាន ​​​​​​​​​ត្រូវបាន​​​ប្រគល់​​​ឱ្យលោក​​​ ប៊ិន​​​ ឈិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសន្និដ្ឋានដែលថា មរណភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រហែលជាអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជាបែងចែកការងាររបស់លោកទៅឲ្យមន្ត្រីថ្មីៗមួយចំនួននោះ ទំនងជាបញ្ចប់កាលពីម្សិលមិញ ដោយមានការប្រកាសថា អ្នកកាន់ការបន្តអាយុ៦៧ឆ្នាំតែមួយរូបគត់នឹងបន្តការងាររបស់លោកទាំងអស់។

មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីមរណភាពរបស់លោក សុខ អាន ដែលបានគ្រប់គ្រងការងារស្ទើរតែទាំងស្រុងលើបណ្តាញគាំទ្ររបស់គណបក្សកាន់អំណាច លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ត្រូវបានចាត់តាំងរួចហើយឲ្យជំនួសតំណែងរបស់លោកជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងកាន់ការងារដទៃទៀតរបស់លោកទាំងអស់ផងដែរ។លោក ផៃ ស៊ីផាន បានថ្លែងថា “វាជាអ្វីដែលយើងហៅថា និរន្តរភាព”។

cam-photo-front-800x533ប្រសិនបើពិតមែន លោក ប៊ិន ឈិន ដែលជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទ   ដីធ្លី នឹងក្លាយជាប្រធានក្រុមការងារពិសេសរបស់រដ្ឋាភិបាលទទួលបន្ទុកសាលាក្តីខ្មែរក្រហម ប្រធានអាជ្ញាធរអប្សរា ប្រធានអាជ្ញាធរគ្រប់គ្រងប្រាសាទព្រះវិហារ ប្រធានសមា គមជាតិកាយឫទ្ធិកម្ពុជា ប្រធានគណៈកម្មការជាតិអង្គការយូណេស្កូ និងជាប្រធានបណ្ឌិតសភាចារ្យនៅរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងតួនាទីផ្សេងៗមួយចំនួនទៀតផងដែរ។

តួនាទីជាង១០ទៀតដែលដឹកនាំដោយលោក សុខ អាន ដែរនោះត្រូវបានផ្ទេរទៅក្រសួងពាក់ព័ន្ធនៅក្នុងការរុះរើក្រោយការបោះឆ្នោតឆ្នាំ២០១៣ដែលមជ្ឈដ្ឋានទូទៅយល់ឃើញថាជាចំណាត់ការមួយដើម្បីសម្រាលភាពតានតឹងនៅក្នុងគណបក្សដោយ ការបែងចែកអំណាចមួយចំនួនរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ។

លោកស្រី ចៅស៊ុន កិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា នឹងមានការងារជាធម្មតានៅស្ថាប័ននេះដែលមើលការខុសត្រូវឧទ្យានបុរាណអង្គរ ជាគោលដៅទេសចរណ៍ដែលរកចំណូលបានច្រើនបំផុតរបស់ប្រទេស។

លោកស្រីបានថ្លែងថា “ឯកឧត្តម ប៊ិន ឈិន ទទួលបន្ទុកការងារនេះ ហើយការងារប្រព្រឹត្តទៅជាធម្មតា។ អ្វីៗដំណើរការធម្មតានៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។យើងបានបន្តសមិទ្ធផលរបស់លោក សុខ អាន”។

ការកាន់ការងារទាំងអស់របស់លោក សុខ អាន ដោយលោក ប៊ិន ឈិន មិនបានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនភ្ញាក់ផ្អើលឡើយ ព្រោះលោកបានកាន់តួនាទីដ៏សំខាន់បំផុតនៅក្នុងចំណោមតួនាទីទាំងនោះ គឺតំណែងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកាសពីមរណភាពរបស់លោក សុខ អាន។

ទោះជាយ៉ាងណា មានការសន្និដ្ឋានថា មុខតំណែងមួយចំនួនដែលមិនសូវសំខាន់ប្រហែល ជាប្រគល់ទៅឲ្យអ្នកផ្សេងនៅក្នុងគណបក្សកាន់អំណាច ហើយលោក ផៃ ស៊ីផាន មិនអាចបញ្ជាក់ថា តើការផ្ទេរអំណាចទៅឲ្យលោក ប៊ិន ឈិន នេះនឹងជាការផ្ទេរអចិន្ត្រៃយ៍ ឬយ៉ាងណានោះឡើយ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា លោកមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោក ប៊ិន ឈិន ជាឥស្សរជនដែលទទួលបានការគោរពកោតក្រែងខ្លាំងនៅក្នុងជួរគណបក្សកាន់អំណាច ត្រូវបានដាក់ឲ្យគ្រប់គ្រងស្ថាប័នយ៉ាងច្រើននេះជាបណ្តោះអាសន្ន។

អ្នកវិភាគរូបនេះបានលើកឡើងបន្ថែមទៀតថា “ខ្ញុំអាចនិយាយបានថា វាជារយៈពេលអន្តរកាល។ រយៈពេលនេះមានមនុស្សជាច្រើនកំពុងសម្លឹងចង់បានតំណែងទាំងនោះ ហើយក្នុងពេលជាមួយគ្នានេះ គេមិនអាចប្រគល់ឲ្យពីមួយទៅមួយបានទេ គេត្រូវពិនិត្យមើលថាតើអ្នកណាដែលស័ក្តិសមអាចប្រគល់ឲ្យបាន”៕ សារុន និង សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស