ស្ត្រីម្នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្តៅទឹកមួយបានផ្ទុះប៉ើងទៅលើអាកាស ហើយធ្លាក់សង្កត់លើពួកគាត់ ខណៈពួកគាត់កំពុងទទួលទានអាហារថ្ងៃត្រង់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញដែលផលិតសម្លៀកបំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi’s របស់អាមេរិក ។
លោក ឈុំ សារាយ នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា រោងចក្រ សិនតៃ ហ្គាមេន ដែលគ្រប់គ្រងដោយជនជាតិចិនស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានស៊ើប អង្កេតបន្ទាប់ពីឡចំយាយកម្តៅទឹកដែលប្រើក្នុងដំណាក់កាលចុងក្រោយសម្រាប់ផលិតសម្លៀកបំពាក់ខូវប៊យ បានបណ្តាលឲ្យកម្មការិនីម្នាក់ឈ្មោះ គល់ សាម៉ន អាយុ៤៥ឆ្នាំស្លាប់។

សាក្សីដែលត្រូវបានសាកសួរនៅរោងចក្រនេះកាលពីរសៀលម្សិលមិញ បាននិយាយថា នៅម៉ោងប្រហែលល១១និង៤០នាទីថ្ងៃត្រង់ឡចំហាយកម្តៅទឹកបានផ្ទុះបុើងទៅលើអាកាស ហើយធ្លាក់មកវិញចំដំបូលកន្លែងទទួលទានអាហារដែលស្ថិតនៅខាងក្រៅរោងចក្រចម្ងាយប្រហែល១០០ម៉ែត្រ។
លោក ឈុំ សារាយ បានមានប្រសាសន៍ថា “យើងរកមូលហេតុមិនទាន់ឃើញនៅឡើយទេ ប៉ុន្តែ វាអាចបណ្តាលមកពីកម្តៅនៃឡចំហាយកម្តៅទឹក ដែលបណ្តាលឲ្យមានសម្ពាធខ្ពស់ខ្លាំងពេក។
អ្នកស្រី សុខ សូណា បុគ្គលិកម្នាក់នៅរោងចក្រនេះបាននិយាយថា អ្នកស្រីបានទទួលទានអាហារថ្ងៃត្រង់រួច ហើយដើរត្រឡប់ទៅច្រកទ្វាររោងចក្រស្រាប់តែអ្នកស្រីបានឮសំឡេងលាន់យ៉ាងខ្លាំង។ អ្នកស្រីបានក្រឡេក មើលទៅកន្លែងដែលរងការខូចខាត។
អ្នកស្រីបាននិយាយថា “នៅពេលឡចំហាយ កម្តៅទឹកធ្លាក់មកដី វាប៉ះត្រូវក្បាលរបស់កម្មការិនីម្នាក់បណ្តាលឲ្យស្លាប់”។ អ្នកស្រីបានបន្ថែមថា កម្មករមួយចំនួនបានរងរបួស រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ផង ដោយរបួសបាក់ឆ្អឹង និងប្រេះលលាដ៍ក្បាល។
លោក យឿន ផានិត ជាសន្តិសុខ បាននិយាយថា ការធ្វេសប្រហែសរបស់អ្នកទទួលបន្ទុកខាងឡនេះជាហេតុបណ្តាលឲ្យផ្ទុះ។ គាត់បាននិយាយថា ភ្លើងនៅខាងក្រោមឡសម្រាប់ដាំទឹកឲ្យចេញចំហាយប្រហែលជាទុកឲ្យឆេះចោលយូរពេកបណ្តាលឱ្យឡើងកម្តៅខ្លាំង។
គាត់បាននិយាយថា “គេគួរតែបិទសន្ទះហើយមិនគួរភ្លេចពន្លត់ភ្លើងទេ។ខណៈពេលពួកគេទៅទទួលទានអាហារថ្ងៃត្រង់…វាបានបណ្តាលឲ្យកម្តៅកើនឡើងខ្លាំង ហើយផ្ទុះតែម្តង”។លោក យឿន ផានិត បាននិយាយថា នគរបាលបានសាកសួរអ្នកកាន់ឡចំហាយកម្តៅទឹករួចហើយ។
អ្នកស្រី គល់ សាន់នី បងថ្លៃរបស់អ្នកស្រីគល់ សាម៉ន ដែលធ្វើការនៅរោងចក្រនេះដែរ ប៉ុន្តែ គាត់បានទៅបន្ទប់ទឹកនៅពេលហេតុការណ៍នេះកើតឡើងបាននិយាយថា គាត់បានឮពីកម្មករផ្សេងទៀតថា ឡចំហាយកម្តៅទឹកនេះបានផ្ទុះម្តងមកហើយពីមុនមក។
អ្នកស្រីបាននិយាយថា គាត់សង្ឃឹមថា ក្រុមហ៊ុននឹងផ្តល់សំណងសមរម្យដល់គ្រួសាររបស់គាត់ដែលគាត់រំពឹងថានឹងទទួលបានប្រហែល១.០០០ដុល្លារ។

រោងចក្រ សិនតៃ បានចុះបញ្ជីជាមួយរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជា ជាកម្មវិធីមួយដែលគ្រប់គ្រងដោយអង្គការពលកម្មអន្តរជាតិដើម្បីធានាសុវត្ថិភាព និងលក្ខខណ្ឌការងារសមរម្យនៅក្នុងរោងចក្រនានាដែលនាំចេញទំនិញរបស់ខ្លួន។ យោងតាមគេហទំព័ររបស់កម្មវិធីនេះបានឱ្យដឹងថា រោងចក្រនេះត្រូវបានវាយតម្លៃចុងក្រោយក្នុងខែតុលាឆ្នាំ២០១៥ ហើយរោងចក្រមិនបានអនុវត្តតាម “លក្ខខណ្ឌសំខាន់”ចំនួនពីរឡើយគឺទី១”ឲ្យកម្មករអាចចូលរួម និងបង្កើតសហជីពដោយសេរី” ហើយទី២ “មិនត្រូវចាក់សោច្រកចេញគ្រាអាសន្នអំឡុងម៉ោងការងារ”។
ទោះជាយ៉ាងណា លោកស្រី Esther Germans ប្រធានកម្មវិធីរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា គេហទំព័រនេះមិនទាន់បានធ្វើបច្ចុប្បន្ន ភាពដើម្បីដាក់បញ្ចូលការវាយតម្លៃថ្មីបំផុតរបស់ខ្លួនអំពីរោងចក្រនេះដែលបានធ្វើឡើងកាលពីខែធ្នូនៅឡើយទេ ហើយរកមិនឃើញមានបញ្ហាសំខាន់ៗទេ។ លោកស្រីបានថ្លែងថា តាមធម្មតាការវាយតម្លៃត្រូវរួមទាំងការពិនិត្យគ្រឿងចក្រផង។លោកស្រីបានលើកឡើងតាមអីុម៉េលថា “តាមធម្មតាយើងពិនិត្យមើលប្រភេទម៉ាស៊ីនអំឡុងការវាយតម្លៃរបស់យើង រួមទាំងឯកសារទាក់ទងនឹងសុវត្ថិភាពផង”។
លោកស្រី Germans បានថ្លែងថា លោកស្រីនឹងចុះទៅពិនិត្យមើលរោងចក្រនេះនៅថ្ងៃនេះ ហើយថា ការវាយតម្លៃនៅពេលខាងមុខដោយរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជានឹងផ្តោតអាទិភាពលើសុវត្ថិភាពគ្រឿងម៉ាស៊ីនជាចម្បង៕សារុន