30 C
Phnom Penh

ដំរី​​​មួយ​​​ក្បាល​​​ត្រូវ​​​ចរន្ត​​​អគ្គិសនី​​​ឆក់ងាប់​​​​​​ពេល​​​ត្រដុស​​​នឹង​​​បង្គោលភ្លើង​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអាជ្ញាធរខេត្តបានឲ្យដឹងថា សត្វដំរីអាស៊ីមួយក្បាលត្រូវខ្សែភ្លើងដែលមាន ចរន្តខ្លាំងឆក់ងាប់កាលពីព្រឹកម្សិលមិញ នៅក្នុងភូមិមួយក្នុងខេត្តព្រះសីហនុ ដែលមានសត្វដំរីឆ្លងកាត់ជាញឹកញាប់។

លោក អ៊ាត វីរៈ នាយប៉ុស្តិ៍ឃុំអូរបាក់រទេះស្រុកកំពង់សិលាបានមានប្រសាសន៍ថា កម្មករចម្ការទុរេនបានប្រទះឃើញខ្មោចដំរីឈ្មោលមួយក្បាលដែលគេប៉ាន់ប្រមាណថា មានអាយុ ខ្ទង់៤០ឆ្នាំនៅជាប់ខ្សែភ្លើងដែលគ្មានចរន្ត និងបង្គោលភ្លើងមួយដើមដែលដួលរលំ។

បន្ទាប់ពីនិយាយជាមួយក្រុមអ្នកភូមិរួចលោក អ៊ាត វីរៈ បានថ្លែងថា សត្វដំរីនេះទំនងជាងាប់កាលពីព្រឹកព្រលឹមថ្ងៃពុធ បន្ទាប់ពីវាានព្យាយាមដើរកាត់ខ្សែភ្លើងដែលនៅមានចរន្តនៅឡើយ។

លោកបានថ្លែងថា “នៅពាក់កណ្តាលអធ្រាត្រ គេឮសំឡេងសត្វដំរីស្រែក ហើយក៏មានការដាច់ចរន្តអគ្គិសនីផងដែរ”។

WP-LastImage-33-800x533តាមរូបភាពវីដេអូបង្ហោះតាមប្រព័ន្ធអីុនធឺណិតដោយអង្គការសម្ព័ន្ធភាពសត្វព្រៃជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថានបានឲ្យដឹងថា សត្វដំរីនេះបានដើរជាមួយកូនដំរីពីរក្បាលទៀត។ ប្រសិនបើចរន្តអគ្គិសនីមិនត្រូវបានកាត់ផ្តាច់ទេនោះនៅពេលដែលវាដើរប៉ះរបង ប្រាកដជាងាប់ដំរីច្រើនក្បាលទៀតជាមិនខានឡើយ នេះបើតាមការលើកឡើងរបស់អ្នកភូមិម្នាក់ប្រាប់ឧទ្យានុរក្សនៅ ក្នុងវីដេអូឃ្លីបនោះ។

តាមរូបភាពដែលបង្ហោះនោះ ខ្មោចដំរីនេះត្រូវបានប្រគល់ទៅឲ្យអង្គការសម្ព័ន្ធភាពសត្វព្រៃ ដែលនឹងយកដំរីនេះទៅកប់នៅសួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងខេត្តតាកែវ។

លោក ហួត ចន្ធីអធិការនគរបាលស្រុកកំពង់សិលាបានមានប្រសាសន៍ថា សត្វដំរីជាច្រើនក្បាលបានដើរទៅកាន់ផ្ទះអ្នកស្រុកជាញឹកញាប់ ដោយបំផ្លាញផលដំណាំ និងត្រដុស បង្គោលភ្លើងជាដើម។ លោកបានបន្ថែមថា ជួនកាលអ្នកភូមិបានដុតផាវដើម្បីបង្អើលសត្វដំរី ប៉ុន្តែពីរបីថ្ងៃក្រោយដំរីទាំងនេះក៏ត្រឡប់មកវិញក្នុង។

អធិការនគរបាលរូបនេះបានមានប្រសាសន៍ ថា លោកបានរាយការណ៍អំពីសកម្មភាពសត្វដំរីជាប្រចាំប្រាប់ឧទ្យានុរក្សក្នុងមូលដ្ឋានដែលធ្វើការជាមួយអង្គការសម្ព័ន្ធភាពសត្វព្រៃ ប៉ុន្តែ លោកមិនទាន់ដឹងថាតើមានការអនុវត្តវិធានការការពារហើយឬនៅទេ។

លោក ចែម មឺុន ប្រធានមន្ទីរបរិស្ថានខេត្តដែលប្រចាំការនៅភូមិស្ទឹងច្រាលបានមានប្រសាសន៍ថា ខ្សែភ្លើងដែលមានចរន្តខ្លាំងរត់កាត់តាមស្រុកកំពង់សិលា ចំផ្លូវសត្វដំរីដើរនៅពេលសត្វដំរីចុះពីភ្នំប្រហែល៤ដងក្នុងមួយខែ។

លោក ថូម៉ាស ហ្គ្រេ (Thomas Gray) ប្រធាន ផ្នែកវិទ្យាសាស្ត្រនៅអង្គការសម្ព័ន្ធភាព សត្វព្រៃបានថ្លែងថា ចំណុចប្រសព្វដ៏គ្រោះថ្នាក់នៃផ្លូវ សត្វព្រៃឆ្លងកាត់និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់មនុស្សកម្រមានណាស់ក្នុងប្រទេសកម្ពុជា ប៉ុន្តែថា ស្ថានភាពស្រដៀងៗគ្នាបានក្លាយជាបញ្ហាដ៏ធំនៅក្នុងពិភពលោក។

លោក ហ្គ្រេ បានថ្លែងថា “លុះណាតែមានស្ថានភាពផែនការប្រើប្រាស់ដីធ្លីទូលំទូលាយត្រឹមត្រូវស្ថានភាពប្រភេទនេះ និងស្ថានភាពផ្ទុយពីនេះ កន្លែងដែលសត្វដំរីសម្លាប់មនុស្សនឹងបន្តកើតឡើង”។

លោក Jemma Bullock អ្នកគ្រប់គ្រងកម្មវិធីនៅគម្រោងជ្រលងសត្វដំរីក្នុងខេត្តមណ្ឌលគិរីបានលើកឡើងតាមអីុម៉េលថា ក្រុមហ៊ុនដែលប្រតិបត្តិការចរន្តអគ្គិសនី គួរតែធ្វើរបងតម្លៃចោកៗហ៊ុមព័ទ្ធបង្គោលភ្លើងនីមួយៗ ដើម្បីកុំឲ្យសត្វដំរីចូលទៅជិត៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស