27 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថា តំណែង​​​​​​យ៉ាង​​​​ច្រើន​​​​របស់​លោក សុខ អាន ​នឹង​​​ត្រូវ​បែងចែក​​​ឲ្យ​​ក្រសួង​ពាក់​​ព័ន្ធ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ស្ដីបន្ទោសអ្នកនាំពាក្យរដ្ឋាភិបាលធ្ងន់ៗដែលប្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្ទុយពីនេះ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មុខតំណែងយ៉ាងច្រើនរបស់ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹងត្រូវបែងចែកឱ្យទៅក្រសួងមួយចំនួន ដោយកែពាក្យសម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់ដែលបានលើកឡើងនៅសប្ដាហ៍នេះថា មុខតំណែងរបស់លោករក្សាទុកឱ្យនៅដដែល។

ដូចលោក សុខ អាន ដែរ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាមន្ត្រីជំនាញ និងជាអ្នកចរចាដែលលោក ហ៊ុន សែន ជឿទុកចិត្តបំផុតជាយូរមកហើយ ត្រូវបានតែងតាំងឱ្យជំនួសតំណែងលោក សុខ អាន ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែមីនា ពោលគឺមួយថ្ងៃបន្ទាប់ពីលោក សុខ អាន ទទួលមរណភាពនៅប្រទេសចិន។

កាលពីថ្ងៃអង្គា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោក ប៊ិន ឈិន វ័យ៦៧ឆ្នាំ ក៏នឹងក្លាយជាប្រធានទីភ្នាក់ងារផ្សេងៗទៀតដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សុខ អាន ផងដែរដូចជា អាជ្ញាធរអប្សរា ក្រុមការងារពិសេសរបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងសាលាក្ដីខ្មែរក្រហម សមាគមកាយឫទ្ធិ និងរាជបណ្ឌិត្យសភាកម្ពុជាជាដើម។

លោក ហ៊ុន សែន បានស្ដីបន្ទោសលោក ផៃ ស៊ីផាន ធ្ងន់ៗជាសាធារណៈអំឡុងសុន្ទរកថាកាលពីម្សិលមិញ ថ្លែងទៅកាន់ក្រុមគរុសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ ហើយបានប្រកាសថា ភាគច្រើននៃស្ថាប័នរដ្ឋទាំងនេះនឹងត្រូវបែងចែកឱ្យទៅក្រសួងពាក់ព័ន្ធរួមជាមួយថវិការបស់ស្ថាប័នទាំងនេះដែលពីមុនទម្លាក់ឱ្យទៅទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកកាលពីម្សិលមិញជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពិធីបុណ្យសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកកាលពីម្សិលមិញជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពិធីបុណ្យសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំសោកស្ដាយដែលឯកឧត្ដម ផៃ ស៊ីផាន បានធ្វើរឿងនេះ” ដើម្បីសំដៅដល់បទសម្ភាសន៍ជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានាដែលក្នុងនោះអ្នកនាំពាក្យរូបនេះបានលើកឡើងថា មុខតំណែងទាំងអស់របស់លោក សុខ អាន នឹងត្រូវប្រគល់ឱ្យទៅលោក ប៊ិន ឈិន តែម្នាក់។

លោក ហ៊ុន សែន បានបន្ថែមទៀតថា “មានពេលខ្លះ មិនមែនអ្នកសារព័ត៌មានខុសទេ ប៉ុន្តែយើងជាអ្នកផ្ដល់ព័ត៌មានឱ្យគេខុស”។ (កាសែត ខេមបូឌា ដេលី បានចុះផ្សាយដំណឹងទំព័រមុខមួយកាលពីថ្ងៃអង្គារ ស្ដីពីការផ្ទេរអំណាចឱ្យទៅលោក ប៊ិន ឈិន ផ្អែកតាមបទសម្ភាសន៍ជាមួយលោក ផៃ ស៊ីផាន)។

លោក ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំបាននិយាយហើយថា ធ្វើអ្នកនាំពាក្យក្ដី ធ្វើអ្នកកាសែតក្ដី ធ្វើអ្នកអត្ថាធិប្បាយក្ដី កុំជោរ កុំធ្វើឯងជាអ្នកចេះគ្រប់រឿង”។

លោកបញ្ជាក់ថា លោក ផៃ ស៊ីផាន ដែលជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រកាសលឿនស្លេវនូវសេចក្ដីសម្រេចដែលថ្នាក់លើរបស់លោកមិនទាន់ទាំងបានព្រមព្រៀងផង។ លោកថ្លែងថា “មេមិនទាន់ស៊ីសងផង ចេញរួចហើយ” ហើយថា លោក ផៃ ស៊ីផាន នឹងមិនប្រឈមការដាក់ពិន័យទេ ប៉ុន្តែត្រូវយកប្រសាសន៍របស់នាយករដ្ឋមន្ត្រីធ្វើជាថ្នាំព្យាបាល ដើម្បីកុំឱ្យថ្ងៃក្រោយធ្វើខុសបែបនេះទៀត។ លោកមានប្រសាសន៍ថា “ឥឡូវដើម្បីកែ ចាក់មួយម្ជុលឱ្យបាត់ឆ្កួត”។

នៅពេលស្ដីបន្ទោសរួចហើយ លោក ហ៊ុន សែន បានបង្ហាញពីវិធីបែងចែកមុខតំណែងផ្សេងៗរបស់លោក សុខ អាន ឱ្យទៅក្រសួងមួយចំនួន។

ទាំងអាជ្ញាធរអប្សរាដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ និងអាជ្ញាធរគ្រប់គ្រងប្រាសាទព្រះវិហារ ដែលជាតំបន់ទេសចរណ៍ដ៏មានតម្លៃបំផុតមួយទៀតរបស់កម្ពុជា នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី ភឿង សកុណា ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងវប្បធម៌។ លោកស្រីក៏នឹងកាន់តំណែងរបស់លោក សុខ អាន ជាប្រធានគណៈកម្មការជាតិយូណេស្កូផងដែរ។

សមាគមជាតិកាយឫទ្ធិកម្ពុជា ជាក្រុមយុវជនមួយដែលមជ្ឈដ្ឋានទូទៅចាត់ទុកជាក្រុមជ្រើសរើសកម្លាំងសម្រាប់គាំទ្រគណបក្សកាន់អំណាច នឹងស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។ ពេលនេះគណៈកម្មាធិការផ្លូវដែកនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំណែកឯក្រុមប្រឹក្សាវិស្វកម្មនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ។

cam-photo-sok-an-800x581លោក ប៊ិន ឈិន នឹងកាន់តំណែងរបស់លោក សុខ អាន ជាប្រធានខាងភាគីជាតិនៃសាលាក្ដីខ្មែរក្រហម ជាតំណែងបោកបញ្ឆោតមួយដែលតម្រូវឱ្យរក្សាទំនាក់ទំនងដ៏រសើបជាមួយអង្គការសហប្រជាជាតិដែលគ្រប់គ្រងខាងភាគីអន្តរជាតិនៃតុលាការនេះ និងដែលចង់ឲ្យបន្តសំណុំរឿងប្រឆាំងរដ្ឋាភិបាល។

លោកក៏នឹងទទួលតំណែងកិត្តិយសជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់រដ្ឋ និងគ្រប់គ្រងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។

មុខតំណែងភាគច្រើនរបស់លោក សុខ អាន ជាពិសេសបំផុតអាជ្ញាធរប្រេងកាតជាតិកម្ពុជា ត្រូវបានដកពីការគ្រប់គ្រងផ្ទាល់របស់លោកប្រគល់ឱ្យទៅក្រសួងរ៉ែ និងថាមពល។ ស្ថាប័នរដ្ឋជាង១០ទៀតត្រូវបានដកពីការគ្រប់គ្រងរបស់លោក សុខ អាន នៅឆ្នាំ២០១៣ បន្ទាប់ពីគណបក្សកាន់អំណាចមានការភ្ញាក់ផ្អើលចំពោះជ័យជម្នះយ៉ាងប្រកៀកប្រកិតគ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជាចំណាត់ការមួយដើម្បីចែកគ្នាមានបានក្នុងជួរគណបក្សកាន់អំណាច។

លោក ផៃ ស៊ីផាន បានលើកឡើងនៅពេលនោះ និងជាថ្មីម្ដងទៀតកាលពីម្សិលមិញថា មូលហេតុដែលលោក សុខ អាន គ្រប់គ្រងស្ថាប័នច្រើនសន្ធឹកសន្ធាប់បែបនេះតែម្នាក់ឯងដោយសារភាពចំាបាច់ ពីព្រោះកាលពីមុនក្រសួងជាច្រើនខ្វះសមត្ថភាពគ្រប់គ្រងស្ថាប័នរដ្ឋសំខាន់ៗ ជាស្ថានភាពមួយដែលលោកថ្លែងថាបានផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

លោកពន្យល់ពីមូលហេតុដែលលោក សុខ អាន មន្ត្រីកំពូលរបស់លោកនាយករដ្ឋមន្ត្រីកាន់មុខតំណែងយ៉ាងច្រើនថា ”កាលណោះ យើងត្រូវការបែបនោះ។ ពេលនេះក្រសួងមានសមត្ថភាពគ្រប់គ្រាន់អាចដោះស្រាយរឿងនោះដោយខ្លួនឯងបានហើយ”។

ទាក់ទិនការស្តីបន្ទោសពីសំណាក់លោកនាយករដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកមិនអាម៉ាស់ទេ ប៉ុន្តែផ្ទុយទៅវិញលោកមានតែអរគុណចំពោះដំបូន្មាននេះ។

អ្នកនាំពាក្យរូបនេះថ្លែងថា “ខ្ញុំគោរពការដឹកនាំរបស់សម្ដេច ខ្ញុំអរគុណសម្ដេច”។ លោកបន្ថែមថា តាមពិតលោកមានបំណងចង់ជូនដំណឹងដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានាថា លោក ប៊ិន ឈិន ទទួលកាន់មុខតំណែងរបស់លោក សុខ អាន ជាបណ្ដោះអាសន្ន ខណៈលោក ហ៊ុន សែន សម្រេចលើផែនការរយៈពេលវែង។

លោកបានលើកឡើងថា លោក ហ៊ុន សែន “មានអធិបតេយ្យភាពក្នុងការផ្ទេរការទទួលខុសត្រូវឱ្យទៅស្ថាប័នណាមួយ។ នេះជាវិមជ្ឈការ៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស