34 C
Phnom Penh

រដ្ឋាភិបាល​​​ចាត់​​​ទុក​​​តួនាទី​​​ប្រធាន​​​របស់លោក​​​ កឹម សុខា ថា មិនស្រប​​​តាម​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ការលើកលោក កឹម សុខា ឲ្យធ្វើជាប្រធានគណ បក្សនិងមន្ត្រី៣នាក់ទៀតជាអនុប្រធាននោះ បានរំលោភបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដោយចេញការគំរាមចាត់វិធានការផ្លូវច្បាប់មិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់ការដាក់បេក្ខភាពរបស់គណបក្សប្រឆាំង នៅមុនការបោះឆ្នោតឃុំ សង្កាត់នៅខែមិថុនា។

នៅក្នុងលិខិតមួយច្បាប់របស់លោក ស  ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើជូនលោក   យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធ លោកបានលើកឡើងពីការរុះរើរបស់គណបក្សនេះដែលបានធ្វើឡើងប្រហែល២សប្តាហ៍បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពីប្រធានគណបក្សនោះ បានរំលោភលក្ខន្តិកៈរបស់គណបក្សនេះផ្ទាល់ដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែមុនពេលជ្រើសរើសមេដឹកនាំ លុះណាតែតួនាទីនេះនៅទំនេរក្នុងរយៈពេល១៨ខែនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។

cam-photo-front-channa2-800x533លិខិតដដែលនេះមិនបានបញ្ជាក់ថា តើរដ្ឋាភិបាលនឹងចាត់វិធានការអ្វីនោះឡើយ ហើយកាលពីម្សិលមិញ លោក  ខៀវ សុភ័គ  អ្នកនាំពាក្យក្រសួងមហាផ្ទៃមានចម្ងល់ថាហេតុអ្វីបានជារដ្ឋាភិបាលចាប់អារម្មណ៍ទៅលើការបំពានបទបញ្ជាផ្ទៃក្នុងបក្សនេះ។

ដោយបដិសេធមិនបញ្ជាក់ថាច្បាប់ណាដែលត្រូវបានរំលោភនោះ ឧត្តមសេនីយ៍  ខៀវ  សុភ័គ បានមានប្រសាសន៍ថា “ចំណាត់ការ ឬមួយមិនចំណាត់ការ ក្រសួងមិនមែនជាអ្នកចាត់ការទេ តែគឺច្បាប់ជាអ្នកចាត់ការ”។

លោកបានថ្លែងថា “យើងប្រាប់តែប៉ុណ្ណឹងបានហើយ គឺគាត់នឹងយល់។ ឧទាហរណ៍កន្លែងហ្នឹងមានខ្មោច  កុំទៅអី កន្លែងហ្នឹង ខ្មោច  លង តែបើគាត់ទៅ ខ្មោចលងគាត់ទៅ”។

លិខិតដដែលនេះក៏បានសំដៅដល់ពាក្យស្លោកសម្រាប់ប្រើប្រាស់ពេលយុទ្ធនាការឃឃោសនារបស់គណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅខែមិថុនាថា ”ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ផងដែរ។

លោក ស ខេង បានសរសេរថា “ពាក្យស្លោកនេះមានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្ម នុញ្ញឆ្នាំ១៩៩៣  ច្បាប់ស្តីពីគណបក្សនយោបាយ  ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ ពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ”។

ឧត្តមសេនីយ៍ ខៀវ សុភ័គ បានព្រមានថា ពាក្យស្លោកនេះបង្កឲ្យមាន “ការបែកបាក់ជាតិ”។ លោកបានថ្លែងថា “យើងឃើញកន្លងមក មេឃុំបម្រើរាស្ត្រតើ គ្មានមេឃុំបម្រើបក្សឯណា”។

ឧត្តមសេនីយ៍រូបនេះបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃមិនទាន់សម្រេចថា តើមានវិធានការដាក់ទោសទណ្ឌ ឬយ៉ាងណានៅឡើយទេ។

ដោយហាក់ដូចជាងាកទៅធ្វើការប្រៀបធៀបខ្មោចថា ជាច្បាប់នោះ លោកបានមានប្រសាសន៍ថា “ដូរ ឬមិនដូរ វាជារឿងរបស់គាត់”។ “បើខ្មោចលងគឺលងគាត់ មិនមែនលងមហាផ្ទៃទេ”។

WP-LastImage-48-800x533លោក យឹម សុវណ្ណ ដែលក៏ជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិផងដែរនោះបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សបានព្រាងការឆ្លើយតបដោយស្នើសុំជួបប្រជុំជាមួយលោក ស ខេង ឬតំណាងក្រសួងដើម្បីពិភាក្សាអំពីចំណុចដែលបានលើកឡើងក្នុងលិខិតនេះ ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

គណបក្សប្រជាជនកម្ពុជាបានគំរាមប្តឹងលុះណាតែគណបក្សសង្គ្រោះជាតិបានដកពាក្យស្លោកនេះចេញជាផ្លូវការ ដែលរហូតមកទល់ពេលនេះ គណបក្សនេះបានបដិសេធ។

ការវាយប្រហាររបស់រដ្ឋាភិបាលទៅលើដំណើរការផ្ទៃក្នុងរបស់គណបក្សប្រឆាំងអាចមានផលប៉ះពាល់ខ្លាំង។

យោងតាមលោកស្រី មូរ សុខហួរ តំណាង រាស្ត្រ និងជាអនុប្រធានមួយរូបក្នុងចំណោមអនុប្រធានជ្រើសរើសថ្មីទាំងនោះបានឱ្យដឹងថា គណបក្សប្រញាប់ប្រញាល់តែងតាំងលោក កឹម សុខា និងអនុប្រធាន៣រូបកាលពីដើមខែនេះ ពីព្រោះច្បាប់ស្តីពីគណបក្សនយោបាយតម្រូវឲ្យមានប្រធានអចិន្ត្រៃយ៍មួយរូបដើម្បីអនុម័តយល់ព្រមលើបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងដាក់ជូនឈ្មោះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅចុងសប្តាហ៍ទី១នៃខែនោះ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយដែលជឿថា តួនាទីរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោត ឃុំ សង្កាត់នៅខែមិថុនា អាចជួបវាសនាអាក្រក់តាមវិធីមួយ ឬវិធីផ្សេងទៀតនោះ បានមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលចាត់ទុកតួនាទីប្រធានរបស់លោក កឹម សុខា ថា មិនស្របតាមច្បាប់ នោះការដាក់ ជូនបេក្ខភាពទាំងនោះអាចគ្មានសុពលភាព។

លោកបានថ្លែងថា “ប្រសិនបើគណបក្សប្រជាជនកម្ពុជាអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមនៅក្នុងការបោះឆ្នោតនេះ នោះពួកគេអាចបាត់បង់អំណាចពាក់កណ្តាលនៅថ្នាក់មូលដ្ឋាន”។ លោកបានបន្ថែមថា គណបក្សកាន់អំណាចអាចអញ្ជើញគណបក្សប្រឆាំងឲ្យមកកាន់តុចរចាវិញដើម្បីធ្វើឲ្យការរិះគន់ពីសំណាក់អន្តរជាតិស្ងប់ស្ងាត់បន្ទាប់ពីការបោះឆ្នោត។

លោកបានបន្ថែមទៀតថា “វាជាហ្គេមដ៏ឆ្លាតឆ្លាតខាងអាក្រក់។នយោបាយនៅក្នុងប្រទេសនេះ គឺគេលេងបែបនេះ”៕ សារុន (រាយការណ៍បន្ថែមដោយBen Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស