32 C
Phnom Penh

បក្ស​ប្រជាជន​​សន្យា​​ផ្ដល់​ប្រាក់ខែ​ដល់មន្ត្រីឃុំសង្កាត់​ដែល​ពុំជាប់​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ែសន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបិទទ្វារមួយនៅរាជធានីភ្នំពេញ ជាមួយមន្ត្រីមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាទូទាំងរាជធានី អ្នកនាំពាក្យគណបក្សកាន់អំណាចបានបញ្ជាក់ថា មន្ត្រីឃុំសង្កាត់ដែលបាត់បង់អាសនៈរបស់ខ្លួននៅក្នុងការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខ នឹងនៅតែបន្តទទួលបានប្រាក់ខែពីគណបក្សប្រជាជន។

មន្ត្រីមូលដ្ឋានដែលបានចូលរួមការប្រជុំកាលពីម្សិលមិញនៅកោះពេជ្រ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបានឆ្លៀតឱកាសក្នុងកិច្ចប្រជុំនេះជំរុញឱ្យពួកគាត់ខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងឈ្នះការបោះឆ្នោតរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនឹងថ្ងៃទី៤ ខែមិថុនា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញនៅកោះពេជ្រ ជាមួយមន្ត្រីមូលដ្ឋានមកពីទូទាំងរាជធានីភ្នំពេញ។ Fresh News
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញនៅកោះពេជ្រ ជាមួយមន្ត្រីមូលដ្ឋានមកពីទូទាំងរាជធានីភ្នំពេញ។ Fresh News

អ្នកស្រី យិន ណារុំ ជាមន្ត្រីខណ្ឌច្បារអំពៅបានថ្លែងថា “សម្ដេចនាយក [ហ៊ុន សែន] ផ្ដាំផ្ញើឱ្យយើងផ្សព្វផ្សាយណែនាំក្រុមគ្រួសារយើងឱ្យទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា ដើម្បីកុំឱ្យបក្សផ្សេងបំបែកបំបាក់យើងបាន”។

ទោះជាយ៉ាងណា ក្នុងពេលជាមួយគ្នានេះ គណបក្សកាន់អំណាចក៏ហាក់ដូចត្រៀមខ្លួនសម្រាប់ការបរាជ័យនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ដែលខ្លួនមានប្រៀបយ៉ាងខ្លាំងកាលពីឆ្នាំ២០១២ ដោយឈ្នះ១.៥៩២ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់ទាំង១.៦៣៣នៅទូទាំងប្រទេស។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីឃុំ សង្កាត់ ដែលបាត់បង់តំណែងរបស់ខ្លួននឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែស្មើនឹងប្រាក់ខែរបស់ពួកគាត់។

លោកបានលើកឡើងថា “យើងនៅតែគិតគូរគាត់ជាមន្ត្រីរបស់បក្ស ហើយមានការឧបត្ថម្ភចំពោះជីវភាពរស់នៅ ជាពិសេសប្រាក់បំណាច់ប្រចាំខែ” ហើយថា លោកមិនបានចូលរួមការប្រជុំកាលពីម្សិលមិញទេ។

អ្នកនាំពាក្យរូបនេះពន្យល់ថា “បំណាច់ហ្នឹងមានន័យថា ចៅសង្កាត់ ឬមេឃុំបានប៉ុន្មាន យើងឧបត្ថម្ភគាត់ចំនួនប៉ុណ្ណឹងដែរ”។

ការអត្ថាធិប្បាយរបស់លោក សុខ ឥសាន ស្រដៀងគ្នាទៅនឹងផែនការមួយដែលបានគូសបញ្ជាក់ក្នុងសារាចរណែនាំមួយចុះថ្ងៃទី១៦ ខែកុម្ភៈ និងចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលក្នុងនោះលោកស្រីបានបញ្ជាឱ្យការិយាល័យនានារបស់រដ្ឋាភិបាលផ្ដល់ការងារដល់មន្ត្រីឃុំ សង្កាត់ ដែលពុំជាប់ឆ្នោត ឬដែលមិនជាប់ឈ្មោះក្នុងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ។ នៅក្នុងសារាចរដែលសរសេរតាងនាមលោក ហ៊ុន សែន នេះ លោកស្រីបានលើកឡើងថា ”ប្រធានស្ថាប័នរដ្ឋត្រូវទទួលយកមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាដែលមិនបានជាប់ឈ្មោះនៅអាណត្តិឆ្នាំ២០១៧ ដោយធ្វើការតែងតាំងជាជំនួយការ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញនៅកោះពេជ្រ ជាមួយមន្ត្រីមូលដ្ឋានមកពីទូទាំងរាជធានីភ្នំពេញ។ Fresh News
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញនៅកោះពេជ្រ ជាមួយមន្ត្រីមូលដ្ឋានមកពីទូទាំងរាជធានីភ្នំពេញ។ Fresh News

សារាចរណែនាំនេះបញ្ជាក់ថា ប្រាក់ខែរបស់អតីតមេឃុំ ចៅសង្កាត់ គឺស្មើនឹងប្រាក់ខែរបស់អនុប្រធាននាយកដ្ឋាន ជំទប់ទទួលបានប្រាក់ខែស្មើប្រធានការិយាល័យ សមាជិកក្រុមប្រឹក្សាទទួលបានប្រាក់ខែស្មើអនុប្រធានការិយាល័យ។

លោក សុខ ឥសាន បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សនឹងប្រើប្រាស់ប្រាក់របស់ខ្លួនដើម្បីឧបត្ថម្ភមន្ត្រីដែលបាត់បង់ការងាររបស់ខ្លួន បន្ទាប់ពីការបោះឆ្នោត ប៉ុន្តែគេមិនច្បាស់ទេថា តើលក្ខខណ្ឌនេះពិតឬក៏អត់សម្រាប់អ្នកដែលមិនជាប់ឈ្មោះក្នុងបញ្ជី។

គណបក្សកាន់អំណាចបានជំទាស់យ៉ាងខ្លាំងទៅនឹងពាក្យស្លោកយុទ្ធនាការឃោសនា “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” របស់គណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោត។

ក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីសប្ដាហ៍មុនថា ពាក្យស្លោកនេះខុសច្បាប់។ គណបក្សសង្គ្រោះជាតិមិនទាន់បញ្ជាក់ថាតើខ្លួននឹងលុបចោលពាក្យស្លោកនេះឬយ៉ាងណាទេ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងបានបង្ហាញថា គណបក្សនឹងដកវាចេញវិញ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស