29 C
Phnom Penh

ទីប្រឹក្សា​​​នៃ​ទីស្ដីការ​​​​ឡើង​ជា​តំណាង​រាស្ត្រ​​​​ជំនួស​លោក សុខ អាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយកាលពីម្សិលមិញថា លោក ជា វណ្ណដេត ស្ថាបនិកសាកលវិទ្យាល័យឯកជនដ៏ធំមួយ និងជាទីប្រឹក្សានៃទីស្ដីការគណៈរដ្ឋមន្ត្រី នឹងទទួលយកអាសនៈតំណាងរាស្ត្ររបស់ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រចាំមណ្ឌលខេត្តតាកែវ។

យោងតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា ការតែងតាំងលោក ជា វណ្ណដេត ដែលក៏ជាប្រធានក្រុមហ៊ុនគ្រប់គ្រងតំបន់ទេសចរណ៍វាលពិឃាតជើងឯកឱ្យជំនួសលោក សុខ អាន ដែលបានទទួលមរណភាពកាលពីដើមខែនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។

អ្នកនាំាពាក្យរូបនេះបានមានប្រសាសន៍ថា ”គាត់ក្លាយជាតំណាងរាស្ត្រដោយស្វ័យប្រវត្តិ នៅពេលអ្នកណាម្នាក់ទទួលមរណភាព ឬបាត់បង់តំណែងរបស់ខ្លួន ពីព្រោះគាត់ស្ថិតនៅលេខរៀងបន្ទាប់គេពីបេក្ខជនបម្រុង” ក្នុងខេត្តនេះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៣របស់គណបក្សប្រជាជនកម្ពុជា ហើយថា លោកមិនដឹងពីប្រវត្តិរបស់លោក ជា វណ្ណដេត ទេ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា គ.ជ.ប.បានបញ្ជូនឈ្មោះលោក ជា វណ្ណដេត ទៅសភាកាលពីសប្ដាហ៍មុន ហើយថា ក្រុមតំណាងរាស្ត្រនឹងបោះឆ្នោតអនុម័តកាតែងតាំងលោកនៅក្នុងសម័យប្រជុំពេញអង្គនៅខែមេសា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក ជា វណ្ណដេត ធ្លាប់ធ្វើការនៅក្នុងខុទ្ទកាល័យរបស់លោក សុខ អាន ប៉ុន្តែលោកបាន “ឃ្លាតឆ្ងាយពីការិយាល័យយូរហើយ”។

បញ្ជីឈ្មោះសម្រាប់សន្និសីទមួយកាលពីឆ្នាំ២០០៧ ដែលឧបត្ថម្ភដោយរដ្ឋាភិបាល ចុះឈ្មោះលោក ជា វណ្ណដេត ជានាយខុទ្ទកាល័យនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពេលនេះលោក ជា វណ្ណដេត  គឺជាទីប្រឹក្សានៃទីស្ដីការគណៈរដ្ឋមន្ត្រី។

លោក ជា វណ្ណដេត គឺជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកពីររូបនៃសាកលវិទ្យាល័យ American University of Phnom Penh កាលពីឆ្នាំ២០១៣។ លោកក៏ជាប្រធានក្រុមហ៊ុន JC Royal Group មានមូលដ្ឋាននៅប្រទេសជប៉ុនដែរ ដែលកាលពីឆ្នាំ២០០៥ ទទួលបានកិច្ចសន្យារយៈពេល៣០ឆ្នាំគ្រប់គ្រងវាលពិឃាតជើងឯក ជាតំបន់ទេសចរណ៍។

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានមានប្រសាសន៍ថា លោកជឿថាលោក ជា វណ្ណដេត នៅតែកាន់តំណែងនេះនៅឡើយ។ ទោះជាយ៉ាងណា លោក ជា វណ្ណដេត មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

កាលពីសប្ដាហ៍មុន គណបក្សកាន់អំណាចបានតែងតាំងលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃការយោធពលខេមរភូមិន្ទឱ្យកាន់តួនាទីរបស់លោក សុខ អាន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តតាកែវ។

ទោះបីជាកងកម្លាំងប្រដាប់អាវុធទំនងជាមានអព្យាក្រឹតភាពផ្នែកនយោបាយក្ដី ក៏មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាសម្បូរទៅដោយឧត្ដមសេនីយ៍។

កាលពីម្សិលមិញ លោក សុខ ឥសាន បានការពារការតែងតាំងនេះ ដោយគូសបញ្ជាក់ថា នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ធ្លាប់មានបទពិសោធន៍ធ្វើជាអភិបាលនៅទសវត្សរ៍ឆ្នាំ១៩៨០។ លោកមានប្រសាសន៍ថា “គាត់មានលក្ខណសម្បត្តិហួសពីគ្រប់គ្រាន់សម្រាប់ដឹកនាំគោលនយោបាយរបស់បក្ស”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស