40.6 C
Phnom Penh

ស្នងការខេត្ត​​​កំពង់​​​ធំ​​​ត្រូវបាន​​​ផ្លាស់​​​ទៅក្រសួងមហាផ្ទៃក្រោយ​​​ការ​​​ស៊ើប​​​អង្កេត​​​ពាក់​​​ព័ន្ធ​​​ពុករលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីម្សិលមិញថា ស្នងការនគរបាលខេត្តកំពង់ធំដែលស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ត្រូវបានផ្លាស់ទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  ដើម្បីកាន់ការងាររបស់មន្ត្រីម្នាក់ដែលនឹងមកជំនួសរូបលោក។

cam-photo-corruption-1លោក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក ជូ សំអាន នឹងក្លាយជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយលោក អ៊ុក កុសល នឹងផ្លាស់មកកាន់តួនាទីជំនួសលោក ដោយពិធីតែងតាំងគ្រោងធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃអង្គារ។

លោកបានមានប្រសាសន៍បន្ថែមថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិនឹងធ្វើជាអធិបតីនៅក្នុងពិធីតែងតាំងនោះ។

ការស៊ើបអង្កេតករណីឧត្ដមសេនីយ៍ទោ ជូ សំអាន នេះធ្វើឡើងបន្ទាប់ពីកូនចៅរបស់លោកប្រាំមួយនាក់បានដាក់ពាក្យបណ្ដឹងកាលពីខែមុន ចោទរូបលោកថាបានទាមទារប្រាក់ពី៥០០ដុល្លារដល់៧.០០០ដុល្លារជាថ្នូរនឹងការតែងតាំងតួនាទី។ លោក អុិត គឹមស្រ៊ុន និងលោក ខៀវ ចាន់នី ស្នងការរងក៏ត្រូវបានចោទប្រកាន់ថាបានសមគំនិតក្នុងការប្រព្រឹត្តអំពើពុករលួយនោះដែរ។

ឧត្ដមសេនីយ៍ទោ ជូ សំអាន បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថា អ្នកចោទប្រកាន់ទាំងនេះទេជាអ្នកទទួលបានប្រាក់សំណូកនោះ។

បើទោះជាការស៊ើបអង្កេតរកមិនឃើញភ័ស្តុតាងដែលថា ឧត្ដមសេនីយ៍ទោរូបនេះទទួលបានប្រាក់ជាថ្នូរនឹងការតែងតាំងតួនាទីក៏ដោយ ក៏លោក ប៉ែន វិបុល មានប្រសាសន៍កាលពីសប្ដាហ៍មុនថា គាត់ជាប់ពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីមួយចំនួនផ្ទុយនឹងនីតិវិធីដែរ។

លោក ប៉ែន វិបុល ក៏បានមានប្រសាសន៍ផងដែរថា អ្នកចោទប្រកាន់ទាំង៦នាក់អាចនឹងត្រូវដាក់វិធានការវិន័យ ប៉ុន្តែកាលពីម្សិលមិញលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា  តើមានសេចក្ដីសម្រេចដាក់វិធានការហើយឬយ៉ាងណានោះទេ។ លោកក៏បានលើកឡើងកាលពីសប្ដាហ៍ផងដែរថា ទាំងលោក អុិត គឹមស្រ៊ុន និងលោក ខៀវ ចាន់នី នឹងត្រូវដាក់ទណ្ឌកម្ម  ប៉ុន្តែលោកមិនបានលើកឡើងថានឹងដាក់ដោយរបៀបណានោះឡើយ។

ឧត្ដមសេនីយ៍ទោ ជូ សំអាន ដែលមានអាយុ៥៩ឆ្នាំ  បានសម្ដែងការសោកស្ដាយចំពោះសេចក្ដីសម្រេចកាលពីម្សិលមិញ។ លោកបានបន្ថែមថា លោកមិនដឹងពីអ្នកមកជំនួសរូបលោកឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមានការអាក់អន់ចិត្តចំពោះការដកតួនាទីរូបខ្ញុំ ពីព្រោះយើងខិតខំធ្វើការណាស់ ប៉ុន្តែយើងបែរជាទទួលលទ្ធផលមិនល្អទៅវិញ”។

លោក កែ ខាន់ណារ៉ា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោកបានទទួលលិខិតផ្លូវការរួចហើយដែលបញ្ជាក់អះអាងពីការតែងតាំងនេះ ហើយលោកជឿថាសេចក្ដីសម្រេចក្នុងការដក និងផ្ទេរការងារចៅហ្វាយរបស់លោកនេះគឺសមហេតុផលហើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថាការដកស្នងការនគរបាលខេត្តរូបនេះគឺត្រឹមត្រូវហើយ ពីព្រោះលោក ជូ សំអាន មានបញ្ហាច្រើនណាស់នៅក្នុងការងាររបស់គាត់កន្លងមក ហើយអ្នកនៅក្រោមបង្គាប់គាត់មិនសប្បាយចិត្តក្នុងការធ្វើការជាមួយគាត់ឡើយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស