28 C
Phnom Penh

មនុស្ស​បីនាក់​​ស្លាប់​​ដោយ​សារ​​​បុរស​​​ម្នាក់​​​​បើក​រថយន្ត​​បុក​រះ​អ្នក​ជិះម៉ូតូ​​​យ៉ាង​​​​​​​​​​​​រន្ធត់​នៅ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសម្នាក់ដែលព្យាយាមបើករថយន្តរត់គេចបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នា បានបុករះម៉ូតូជាជួរលើកំណាត់ផ្លូវដ៏អ៊ូអរមួយនៅរាជធានីភ្នំពេញកាលពីម្សិលមិញ បណ្ដាលឱ្យមនុស្សយ៉ាងតិចបីនាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមការលើកឡើងរបស់អ្នកឃើញហេតុការណ៍ និងនគរបាល។ បន្ទាប់ពីត្រូវបានក្រុមអ្នកឈរក្បែរនោះទាញចេញពីរថយន្ត ហើយវាយដំបែកឈាមជោកខ្លួន បុរសអ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យោងតាមសាក្សីជាច្រើននៅកន្លែងកើតហេតុនិយាយថា អ្នកបើកបររថយន្តបានបើកបរបញ្ច្រាសទិសក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយមហាវិថីព្រះមុនីវង្ស  នៅម៉ោងប្រហែល៦ល្ងាច បន្ទាប់ពីបុកគ្នាជាមួយរថយន្តមួយគ្រឿងនៅជិតស្ថានីយប្រេងឥន្ធនៈស្តុបបូកគោ ហើយបានបុករះបណ្ដាលឱ្យសាកសពមនុស្សហោះប៉ើង មុនពេលរថយន្តបើកទៅមុខលែងរួច។

ទិដ្ឋភាពគួរឱ្យរន្ធត់តក់ស្លុតក្រោយរថយន្តកាមរីឆ្លាមបើកបុករះម៉ូតូជាជួរលើកំណាត់មហាវិថីព្រះមុនីវង្ស នៅម៉ោងប្រហែល៦ល្ងាចម្សិលមិញ បណ្ដាលឱ្យមនុស្សបីនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកឃើញហេតុការណ៍និយាយថា ពេលនោះមហាជនដែលផ្ទុះកំហឹងបានវាយដំអ្នកបើកបររថយន្តយ៉ាងដំណំ ហើយទំនងជាវាយបុរសរូបនេះរហូតទាល់តែស្លាប់ ប្រសិនបើគ្មាននគរបាលអន្តរាគមន៍ទាន់ពេលទេនោះ។ មនុស្សរាប់រយនាក់បានផ្អើលចោមរោមសាកសពជនរងគ្រោះទាំងបីនាក់ និងម៉ូតូដែលរងការខូចខាតយ៉ាងដំណំលើកំណាត់ផ្លូវនេះពេលកើតហេតុបាន១ម៉ោង។

បុរសម្នាក់ឈ្មោះ នឿន សាមឿន ដែលជាយន្តការី (ជាងម៉ាស៊ីន) នៅក្រុមហ៊ុនម៉ូតូហុងដាមួយកន្លែងតាមបណ្ដោយមហាវិថីព្រះមនុវង្សនិយាយថា គាត់បានស្ទុះរត់ចេញពីក្រុមហ៊ុនបន្ទាប់ពីឮសំឡេងបុកគ្នានៅម្ខាងផ្លូវ។ គាត់និយាយទៀតថា “ខ្ញុំឃើញមនុស្សហោះប៉ើងពីទិសម្ខាងទៀត។ វាលាន់សូរដូចគ្រាប់បែកផ្ទុះមួយហើយមួយទៀត”។

អ្នកស្រី មាស ចាន់ណា  ក៏បានស្ទុះរត់ចេញពីផ្ទះរបស់គាត់ដែរ នៅពេលឮសំឡេងលាន់យ៉ាងសន្ធឹកនេះ ហើយឃើញមហាជនវាយដំបុរសបើកបររថយន្តយ៉ាងសាហាវ។ គាត់និយាយទៀតថា “ខ្ញុំមានអារម្មណ៍តក់ស្លុត ហើយចង់ខ្យល់ចាប់។ ពីមុនខ្ញុំក៏ធ្លាប់ឃើញគ្រោះថ្នាក់ចរាចរណ៍ដែរ ប៉ុន្តែមិនដែលឃើញបែបនេះទេ”។

ឈរនៅកន្លែងអ្នកបើកបរត្រូវមហាជនវាយដំ សិស្សម្នាក់ឈ្មោះ ខេង ភារ៉ា និយាយថា គាត់ជឿថា មហាជនមានបំណងសម្លាប់បុរសរូបនេះ។ យុវជនរូបនេះនិយាយទៀតថា “ខ្ញុំឃើញមនុស្សជាច្រើនវ៉ៃអ្នកបើកបរ។ ពួកគេស្រែកថា ‘វ៉ៃវាឱ្យងាប់!’ ព្រោះវាសម្លាប់មនុស្សច្រើនណាស់ ប៉ុន្តែពួុកគេត្រូវនគរបាលរុញចេញ។ ពួកគេវ៉ៃគាត់រហូតដល់សន្លប់ ហើយពេលគាត់ចាប់ផ្តើមដឹងខ្លួនវិញ គេក៏ចាប់ផ្ដើមវ៉ៃគាត់ទៀត”។

ទិដ្ឋភាពគួរឱ្យរន្ធត់តក់ស្លុតក្រោយរថយន្តកាមរីឆ្លាមបើកបុករះម៉ូតូជាជួរលើកំណាត់មហាវិថីព្រះមុនីវង្ស នៅម៉ោងប្រហែល៦ល្ងាចម្សិលមិញ បណ្ដាលឱ្យមនុស្សបីនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ទិដ្ឋភាពគួរឱ្យរន្ធត់តក់ស្លុតក្រោយរថយន្តកាមរីឆ្លាមបើកបុករះម៉ូតូជាជួរលើកំណាត់មហាវិថីព្រះមុនីវង្ស នៅម៉ោងប្រហែល៦ល្ងាចម្សិលមិញ បណ្ដាលឱ្យមនុស្សបីនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការផ្សាយបន្តផ្ទាល់តាមទំព័រហ្វេសប៊ុករបស់គេហទំព័រព័ត៌មាន Fresh News បានបំភ្លឺសេចក្ដីរាយការណ៍ទាំងនេះឱ្យកាន់តែច្បាស់ ដោយបង្ហាញពីសកម្មភាពនគរបាលរារាំងបុរសៗដែលផ្ទុះកំហឹងរាប់សិបនាក់កុំឱ្យវាយអ្នកបើកបរដែលសល់តែដង្ហើមចង្រិតដោយសាររបួសក្បាល និងមុខធ្ងន់ធ្ងរ។ ថ្មមួយផ្ទាំងធំត្រូវគេលើកទម្លាក់លើបុរសនេះពីចំហៀង ខណៈបុរសម្នាក់ទៀតវាយកម្ទេចរថយន្ត។

លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មនុស្សបីនាក់ក្នុងនោះស្ត្រីពីរនាក់ និងបុរសម្នាក់បានស្លាប់អំឡុងគ្រោះថ្នាក់ចរាចរណ៍នេះ ហើយមនុស្សប្រាំមួយទៅប្រាំពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកាល់ម៉ែត។

លោកបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តមានឈ្មោះ ណៃ ប៊ុនថន រស់នៅក្នុងខណ្ឌមានជ័យ។ លោកថ្លែងថា “រហូតមកទល់ពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានទេថាតើគាត់ស្រវឹងឬក៏អត់។ គាត់ត្រូវបានប្រជាពលរដ្ឋវាយទាត់ធាក់រហូតសន្លប់បាត់ស្មារតី។ យើងមិនទាន់សួរនាំគាត់ទេ”។

លោក សួន សាមិទ្ធ ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា  មន្ទីរពេទ្យនេះបានទទួលអ្នករងរបួសប្រាំនាក់ ហើយបានបញ្ជូនម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកមានប្រសាសន៍ថា “យើងកំពុងសង្គ្រោះពួកគាត់”។

បុគ្គលិកម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែតបានបដិសេធមិនឆ្លើយបំភ្លឺថា ជនរងគ្រោះប៉ុន្មាននាក់ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យនេះទេ។

បុរសម្នាក់ឈ្មោះ ចាន់ តារា ដែលធ្វើដំណើរ តាមបណ្ដោយផ្លូវនេះនៅពេលគ្រោះថ្នាក់នេះកើតឡើងនិយាយថា  អ្នកបើកបររថយន្តសមតែវ៉ៃឱ្យស្លាប់។ គាត់និយាយថា”វាត្រឹមត្រូវហើយ។ខ្ញុំយល់ថាមិនគួរទុកជីវិតឱ្យវាទេ ព្រោះវាបានសម្លាប់មនុស្សច្រើនណាស់”៕ សុខុម (រាយការណ៍បន្ថែមដោយ ផាន់ ស៊ូមី)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស