29 C
Phnom Penh

លោក​​​ ហ៊ុន​​​ សែន អំពាវ​​​នាវ​​​កុំ​​​ឲ្យ​​​មានការ​​​ជេរ​​​ប្រមាថ​​​អំឡុង​​​យុទ្ធនាការ​​​ឃោស​​​នា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់មានប្រវត្តិជេរប្រមាថជាយូរមកហើយលើគូប្រជែងនយោបាយរបស់ខ្លួននោះ កាលពីម្សិលមិញ បានអំពាវនាវសុំកុំឲ្យធ្វើការវាយប្រហារបុគ្គលអំឡុងរដូវធ្វើយុទ្ធនាការឃោសនា នៅមុនការបោះឆ្នោតឃុំ សង្កាត់នាខែមិថុនា។

ដោយថ្មីៗនេះបានប្តឹងអ្នកនយោបាយពីររូប និងអ្នកធ្វើអត្ថាធិប្បាយម្នាក់ពីបទចោទប្រកាន់លោក និងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកថា បានរៀបចំការធ្វើឃាតលោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលកាលពីឆ្នាំមុននោះលោក ហ៊ុន សែន បានព្រមានដាក់ពាក្យបណ្តឹងបន្ថែម ប្រសិនបើនៅតែបន្តធ្វើការវាយប្រហារ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួនបីខ្នងនៅក្នុងខេត្តក្រចេះថា “ការបន្តុះបង្អាប់អ្នកដទៃ ឬបេក្ខជននៃបក្សដទៃវានឹងនាំទៅដល់ជម្លោះចៀសមិនផុត ព្រោះអ្នកដែលទទួលការប្រមាថ អ្នកដែលទទួលនូវការជេរលាបពណ៌ពិតជាគេមិនសុខចិត្តហើយគេនឹងប្រើសិទ្ធិដើម្បីប្តឹង”។

cam-politics_hun-sen-1លោកបានមានប្រសាសន៍ទាក់ទិននឹងគូប្រជែងផ្នែកនយោបាយថា “កុំប្រមាថគ្នា។ ដូចជាភាសាខ្លះមិនគួរនិយាយ គេនិយាយ”។ លោកបានបន្ថែមថា “ក៏ប៉ុន្តែ ច្បាប់មិនអនុញ្ញាត ទេប្រសិនបើមានបញ្ហានោះកើតឡើង”។

លោកបានថ្លែងបន្តថា ជាជំនួសវិញ “យើង ត្រូវយកអ្នកឃោសនាពាណិជ្ជកម្មធ្វើជាគំរូ។អ្នកឃោសនាពាណិជ្ជកម្មគ្រាន់តែឃោសនាទំនិញរបស់ខ្លួនតែប៉ុណ្ណោះ គេមិនបានបន្តុះបង្អាប់នូវទំនិញអ្នកដទៃទេ”។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយពីបទអះអាងថា លោកនិងគណបក្សប្រជាជនកម្ពុជារបស់លោក បានរៀបចំការធ្វើឃាតលើលោក កែម ឡី ជាទស្សនៈដែលពលរដ្ឋខ្មែរជាច្រើនក៏យល់ឃើញដូច្នោះដែរ។

កាលពីដើមខែនេះគណបក្សកាន់អំណាចបានចោទប្រកាន់គណបក្សសង្គ្រោះជាតិ ថាបានញុះញង់ពាក់ព័ន្ធពាក្យស្លោកយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់ នោះគឺ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ហើយបានគំរាមប្តឹង ប្រសិនបើគណបក្សនេះមិនព្រមបោះបង់ចោលពាក្យស្លោកនេះទេនោះ។ ពាក្យបណ្តឹង អាចគំរាមកំហែងដល់ការខំប្រឹងតស៊ូដើម្បីរស់របស់គណបក្សសង្គ្រោះជាតិ ក្រោមច្បាប់ទើបតែធ្វើវិសោធនកម្មថ្មីៗដែលផ្តល់អំណាចដល់តុលាការក្នុងការរម្លាយគណបក្សនយោបាយណាមួយចោល បើមានជាប់ពាក់ព័ន្ធការញុះញង់។

ប៉ុន្តែ លោក ហ៊ុន សែន ខ្លួនលោកផ្ទាល់គឺជាអ្នកពូកែខាងជេរប្រមាថ ឬប្រើប្រាស់វេទិកាដែលមានលក្ខណៈសម្លុតគេរបស់លោក ដើម្បីរៀបរាប់ពណ៌នាអំពីគណបក្សសង្គ្រោះជាតិថា ជាអ្វីៗដែលរាប់ចាប់ពីក្រុមកុហកប្រជាពលរដ្ឋ រហូតដល់ខ្មែរក្រហមជំនាន់ក្រោយ។

នៅក្នុងកម្រិតបុគ្គល លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថា ជាកូនជនក្បត់ជាតិ និងបានចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អំឡុងពេលលោកធ្វើជាប្រធានស្តីទីថា បានឲ្យប្រាក់ទៅក្មេងស្រីព្រហ្មចារីម្នាក់ដើម្បីរួមភេទជាមួយ។ លោកបានធ្វើការវាយប្រហារលក្ខណៈប្រយោលមួយចំនួនលើអ្នកវិភាគនយោបាយ “ក្បាលទំពែក” ម្នាក់ និងតំណាងរាស្ត្រជាស្ត្រីម្នាក់មកពីគណបក្សប្រឆាំងដោយប្រើពាក្យ “ជើងខ្លាំង” ជាឃ្លាដែលអាចត្រូវបានប្រើប្រាស់ដើម្បីសំដៅដល់ស្រីពេស្យា។

ពេលសួរអំពីប្រវត្តិវាយប្រហារបុគ្គលរបស់លោកនាយករដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា លោក ហ៊ុន សែន ស្ថិតក្នុងជំហរត្រឹមត្រូវ ព្រោះលោកនិយាយការពារខ្លួនឯងប្រឆាំងការវាយប្រហារពីអ្នកដទៃ។

លោកបានមានប្រសាសន៍ថា “អ្នកទាំងនោះបង្កបញ្ហាដល់គាត់ ហេតុដូច្នេះពួកគេត្រូវតែទទួលរងវិញ”។

cam-politics_kem-sokha-1ពេលសួរថាតើ ឧទាហរណ៍ លោក កឹម សុខា មានសិទ្ធិវាយប្រហារលោកនាយករដ្ឋមន្ត្រីដោយសារការអះអាងគ្មានភ័ស្តុតាងបញ្ជាក់ដែលថា លោកបានឲ្យប្រាក់ទៅក្មេងស្រីព្រហ្មចារីមិនទាន់គ្រប់អាយុម្នាក់ដើម្បីរួមភេទដែរ ឬយ៉ាងណានោះ លោក ផៃ ស៊ីផាន បានលើកឡើងថា លោកមានសិទ្ធិ។

លោក ផៃ ស៊ីផាន បានថ្លែងថា “លោក កឹម សុខា ក៏មានសិទ្ធិដែរ”។ លោកបានពន្យល់ថា “មនុស្សគ្រប់រូបមានសិទ្ធិរិះគន់”។ លោកបានបន្ថែមទៀតថា “ប៉ុន្តែ ការយាយី និងការជេរប្រមាថមិនអាចទទួលយកបានទេ”។

គេមិនច្បាស់ទេថា តើលោក កឹម សុខា បានដឹងអំពីសារចុងក្រោយបំផុតរបស់លោកនាយករដ្ឋមន្ត្រី ឬក៏អត់នោះ។

ប្រធានគណបក្សប្រឆាំងរូបនេះដែលកំពុងកៀងគរអ្នកគាំទ្រនៅក្នុងខេត្តសៀមរាបកាលពីម្សិលមិញទំនងជាបានប្រើពាក្យស៊កសៀតដោយប្រយោលរបស់លោក។

លោកបានមានប្រសាសន៍ថា “មនុស្សយើង បើមិនដឹងកំណើតខ្លួនឯង គឺមនុស្សអត់កំណើត”។ លោកបានបន្ថែមថា “កំណើតយើងកំណើតល្អណាស់មិនមកពីលិច ពីខាងកើតទេ”។

លោក កឹម សុខា មិនបាននិយាយចំៗឈ្មោះគណបក្សនយោបាយណាមួយឡើយ។ ប៉ុន្តែ លោកទំនងជាប្រៀបធៀបពីភាពខុសគ្នារវាងគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់ខ្លួនទៅនឹងគណបក្សប្រជាជនកម្ពុជាដែលត្រូវបានលើកបន្តុបឲ្យឡើងកាន់អំណាចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អំឡុងកម្ពុជាត្រូវបានត្រួតត្រាដោយវៀតណាម ជាប្រទេសជិតខាងនៅភាគខាងកើត។

គណបក្សប្រជាជនបង្ហាញឲ្យឃើញ ថា ខ្លួនមានភាពរសើបចំពោះការលើកឡើងទាក់ទិននឹងប្រវត្តិរបស់ខ្លួនមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលក្រុងហាណូយ ជាប្រធានបទដែលគណបក្សប្រឆាំងចូលចិត្តយកមកនិយាយចំអក ដើម្បីធ្វើឲ្យគណបក្សនេះខឹង៕ ស៊ុយឈាង  (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស