28 C
Phnom Penh

​​​​សកម្មជន​​​​ “ថ្ងៃច័ន្ទពណ៌ខ្មៅ​​​” ត្រូវ​​ចាប់​ខ្លួន​ជាថ្មី​​​ ខណៈ​បារម្ភ​​ពីបដិវត្តន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកតវ៉ាយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ពីរនាក់ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញជាលើកដំបូងចាប់តាំងពីអ្នកស្រី ទេព វន្នី ជាសកម្មជនមួយរូបត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែសីហា ខណៈដែលមន្ត្រីម្នាក់បានព្រមានជាថ្មីម្ដងទៀតពីគ្រោះថ្នាក់ថា យុទ្ធនាការដែលអូសបន្លាយនេះនឹងឈានទៅរកការធ្វើ “បដិវត្តន៍ពណ៌”។

អ្នកទាំងពីរត្រូវបានដោះលែងវិញប្រហែល១២ម៉ោងក្រោយមក  បន្ទាប់ពីសន្យាថាពួកគាត់នឹងឈប់ធ្វើយុទ្ធនាការទៀត។ សកម្មជនប្រហែល១២នាក់បានប្រមូលផ្ដុំគ្នានៅតំបន់បុរីកីឡាដែលញាំញីដោយការបណ្ដេញចេញក្នុងរាជធានីភ្នំពេញនៅម៉ោងប្រហែល៨ព្រឹក ដោយកាន់ក្រដាសកាតុងសរសេរទាមទារឱ្យដោះលែងអ្នកទោសនយោបាយរួមមានអ្នកស្រី ទេព វន្នី និងលោក នី ចរិយា មន្ត្រីរៀបចំការបោះឆ្នោត។

WP-LastImage-9-800x533ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក នគរបាល និងសន្តិសុខខណ្ឌ៧មករាប្រហែល១៥នាក់បានបំបែកការតវ៉ាដែលហាក់ដូចជាបានថយចុះរួចទៅហើយនោះ  ហើយបានអូសសកម្មជនទាំងនោះមានអ្នកស្រី ស សន និង អ្នកស្រីណាត ស្រីណាក់ ចូលក្នុងរថយន្តនគរបាល។

អ្នកស្រី ស សន និយាយនៅអធិការដ្ឋាននគរបាលខណ្ឌថា “ព្រឹកនេះ យើងត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៨ព្រឹក។ ពួកគេបានមកចាប់ពួកយើងដោយមិននិយាយអ្វីទាំងអស់”។

អ្នកស្រី ស សន បានអះអាងថា ប្រធានភូមិបានមកផ្ទះរបស់គាត់កាលពីយប់ថ្ងៃអាទិត្យ ហើយបានព្រមានគាត់កុំឱ្យពាក់អាវយឺតពណ៌ខ្មៅនៅថ្ងៃបន្ទាប់។ អ្នកស្រីបានបន្តថា “ប្រធានភូមិបានប្រាប់ខ្ញុំកាលពីយប់មិញថា ខ្ញុំមិនអាចពាក់អាវខ្មៅបានទេ ព្រោះអាវនេះតំណាងឱ្យយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ”។

អ្នកស្រីបានសួរថា “ប្រសិនបើយើងដោះចេញ តើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅឯណាទៅ?។  ខ្ញុំគិតថាវាគ្រាន់តែជាអាវមួយប៉ុណ្ណោះ តើច្បាប់ត្រង់ណាចែងថាខុសនោះ?”។

អ្នកស្រី ណាត ស្រីណាក់ ក៏បាននិយាយតាមទូរស័ព្ទខណៈពេលស្ថិតក្នុងកន្លែងឃុំខ្លួនរបស់នគរបាលផងដែរថា  អ្នកស្រីត្រូវបានគេផ្តោតគោលដៅពេលធ្វើការតវ៉ាដោយសន្តិវិធីនៅក្នុងតំបន់របស់អ្នកស្រី។

អ្នកស្រីបានបន្តថា “មុនពេលគេចាប់ខ្លួនខ្ញុំ ខ្ញុំបានកាន់បដាមួយឈរនៅមុខផ្ទះរបស់ខ្ញុំ”។ អ្នកស្រីបានបន្ថែមថា  អ្នកស្រីក៏ពាក់អាវខ្មៅផងដែរដែលមិនត្រូវបានហាមឃាត់ក្រោមច្បាប់ណាមួយឡើយបើតាមអ្នកស្រីដឹង។ ពួកគេបានប្រាប់ខ្ញុំថា “ខ្ញុំកំពុងធ្វើនេះខុសហើយ ហើយពេលនោះគេបានចាប់ខ្ញុំរុញចូលទៅក្នុងរថយន្តតែម្ដង”។

អ្នកស្រី ស សន បាននិយាយថា អ្នកស្រីនិងអ្នកស្រី ណាត ស្រីណាក់ ត្រូវបានដោះលែងវិញនៅម៉ោងប្រហែល៧និង៣០នាទីយប់ ក្រោយពីចុះហត្ថលេខាដោយសន្យាថា ពួកគាត់នឹងលែងចូលរួមនៅក្នុងការតវ៉ាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទៀតហើយ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធរបានបង្ខំចិត្តចាប់ខ្លួនស្ត្រីទាំងនេះ ដោយបារម្ភថាការតវ៉ាទ្រង់ទ្រាយតូចរបស់ពួកគាត់អាចឈានទៅរកការធ្វើ “បដិវត្តន៍ពណ៌” ដែលមជ្ឈដ្ឋានទូទៅយល់ថា  ជាចលនាសន្តិវិធីទាមទារឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាល។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “អាជ្ញាធរត្រូវតែចាប់ខ្លួនពួកគាត់ ពីព្រោះពួកគាត់រឹងរូសនៅតែធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។ រដ្ឋាភិបាលបានពន្យល់ថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅអាចប្រែក្លាយជាបដិវត្តន៍ពណ៌ផងដែរ”។

យុទ្ធនាការនេះបានចាប់ផ្ដើមកាលពីខែឧសភា ឆ្លើយតបទៅនឹងការចាប់មន្ត្រីមកពីសមាគមសិទ្ធិមនុស្សអាដហុកបួនរូប និងលោក នី ចរិយា ដែលធ្លាប់បម្រើការងារនៅសមាគមនេះដាក់ពន្ធនាគារពីបទឃុបឃិតបិទបាំងរឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។ រឿងក្ដីនេះត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ ហើយអង្គការសហប្រជាជាតិបានចាត់ទុកការឃុំខ្លួនពួកគាត់ថា  ជាការធ្វើតាមតែអំពើចិត្ត។

ការតវ៉ាដោយសន្តិវិធីត្រូវបានឆ្លើយយ៉ាងចាស់ដៃតាំងពីដំបូងមក។ ខណៈដែលការចាប់ខ្លួនបានក្លាយទៅជាការងារទៀងទាត់ទៅលើការតវ៉ានោះ អង្គការមិនមែនរដ្ឋាភិបាលដែលបានរៀបចំយុទ្ធនាការនេះបានឈប់ចូលរួមដើរតាមផ្លូវ  ហើយទុកឱ្យសហគមន៍បឹងកក់ និងបុរីកីឡាធ្វើដោយខ្លួនឯង។

ការតវ៉ាម្ដងកើនឡើង និងម្ដងថយចុះ ខណៈតុលាការបានចាប់ដាក់ពន្ធនាគារ សាកសួរ និងផ្ដន្ទាទោសសកម្មជនមួយចំនួនក្នុងរយៈពេល១១ខែកន្លងមក  ហើយវា៣សប្ដាហ៍ហើយចាប់តាំងពីការតវ៉ាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅលើកចុងក្រោយ។

នៅក្នុងរបាយការណ៍របស់ខ្លួនស្ដីពីការចាប់ខ្លួនកាលពីម្សិលមិញនោះ អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា អង្គការបានកត់ត្រាពី ”ការចាប់ខ្លួនតាមតែអំពើចិត្តនូវអ្នកចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅយ៉ាងតិច៣៨នាក់ ដែលភាគច្រើនត្រូវបានឃុំខ្លួនរយៈពេលជាច្រើនម៉ោងមុនពេលត្រូវបានដោះលែងវិញដោយគ្មានការចោទប្រកាន់”។

អង្គការលីកាដូបានបន្ថែមថា អ្នកស្រី ស សន ត្រូវបានចាប់ខ្លួនប្រាំលើកហើយឥឡូវនេះចំពោះការចូលរួមនៅក្នុងយុទ្ធនាការនេះ ហើយអ្នកស្រី ណាត ស្រីណាក់ ក៏ត្រូវបានចាប់ខ្លួនពីរលើកហើយដែរ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស