26 C
Phnom Penh

មន្ត្រី​​​បន្ទោស​​​អ្នក​​​មើលការ​​​ខុសត្រូវ​​​ឡចំហាយ​​​កម្តៅទឹក​​​ចំពោះ​​​ការ​​​ផ្ទុះ​​​បណ្តាល​​​ឱ្យ​​​មនុស្ស​​ស្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញ ថា ការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញដែលបានបណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសកាលពីសប្តាហ៍មុននោះបណ្តាល មកពីអ្នកមើលការខុសត្រូវម្នាក់ដែលបានបន្ថែមអុសពីព្រោះគាត់ចង់បានពេលវែងសម្រាប់ការទទួលទានអាហារថ្ងៃត្រង់។

លោក អ៊ុំ សុធា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានចេញលិខិតអនុញ្ញាតបញ្ជាក់សុវត្ថិភាពរោងចក្របានមានប្រសាសន៍ថា “ហេតុការណ៍នេះបានកើតឡើងដោយសារការធ្វេសប្រហែស។ វាមិនមែនបណ្តាលមកពីឡខូច ឬកំហុសបច្ចេកទេសឡើយ”។

លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌបានមានប្រសាសន៍កាលពីម្សិលមិញថា បុគ្គលិកដែលទទួលខុសត្រូវឡចំហាយកម្តៅទឹកឈ្មោះ អ៊ូ វុន អាយុ២៦ឆ្នាំ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីថ្ងៃពុធ ហើយបានដោះលែងវិញដោយមិនធ្វើការចោទប្រកាន់អ្វីឡើយបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសាកសួររួចកាលពីថ្ងៃសៅរ៍។ (ពីដំបូងឈ្មោះរបស់ អ៊ូ វុន ត្រូវបានសរសេរខុសថា អ៊ូ វុធ ដោយសហជីពនៅរោងចក្រនេះ)។

ស្លាកសញ្ញានៅខាងក្រៅរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រនេះបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។ Hannah Hawkins / The Cambodia Dialy
ស្លាកសញ្ញានៅខាងក្រៅរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រនេះបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។ Hannah Hawkins / The Cambodia Dialy

បើទោះជាការអះអាងថា លិខិតអនុញ្ញាតសុវត្ថិភាពសម្រាប់ឡចំហាយកម្តៅទឹកនៅរោងចក្រ សិន តៃ ហ្គាមេន ដែលផលិតសម្លៀក បំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi’s របស់អាមេរិកបានអស់សុពលភាពកាលពីចុងខែមករាក៏ដោយ ក៏លោក អ៊ុំ សុធា បានលើកឡើងថា អ្នកមើលការខុសត្រូវនេះត្រូវបានបន្ទោសចំពោះហេតុការណ៍នោះដោយសារបានបន្ថែមអុសដើម្បីឱ្យឡចំហាយកម្តៅទឹកនោះបន្តផលិតចំហាយទឹកពេលខ្លួនមិននៅក្បែរ។ លោកបានថ្លែងថា “គាត់ចង់បានពេលវេលាវែងសម្រាប់សម្រាកទទួលទានអាហារថ្ងៃត្រង់”។

លោក អ៊ុំ សុធា បានមានប្រសាសន៍ថា លិខិតអនុញ្ញាតសុវត្ថិភាពដែលផុតសុពលភាពនេះមិនមែនមានន័យថា ឡនេះឈប់ដំណើរការ ឬដំណើរការមិនត្រឹមត្រូវនោះឡើយ។ លោកបានថ្លែងថា “វាមិនខូចភ្លាមៗឡើយ បន្ទាប់ពីលិខិតអនុញ្ញាតអស់សុពលភាពនោះ ប៉ុន្តែវានៅតែអាចប្រើបានមួយរយៈដែរ”។

លោកស្រី Esther Germans នាយកកម្មវិធីរោងចក្រកាត់ដេរល្អប្រសើរនៅកម្ពុជាដែលត្រួតពិនិត្យលក្ខខណ្ឌការងារតាមរោងចក្របានមានប្រសាសន៍ថា អគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងនេះបានពិនិត្យមើលឡចំហាយនេះចុងក្រោយកាលពីដើមឆ្នាំមុន។

លោកស្រីបានសរសេរនៅក្នុងអីុម៉េលថា នាយកដ្ឋាននេះ “បានចេញលិខិតបញ្ជាក់ដោយលើកឡើងថា ក្រោយការពិនិត្យឃើញថា ឡនេះនៅដំណើរការបាន។ “លិខិត បញ្ជាក់ នេះត្រូវបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៦” ហើយនៅប្រើបានរយៈពេល១២ខែទៀត។

បងថ្លៃអ្នកស្រី គុល សាម៉ន អាយុ៤៥ជាកម្មការិនីដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះនោះ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមគ្រួសារអ្នកស្រីបានយល់ព្រមទទួលយកប្រាក់សំណងចំនួន១២.០០០ដុល្លារពីថៅកែរោងចក្រ។

លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា អាជ្ញាធរនិងមន្ត្រីតុលាការកំពុងស៊ើបអង្កេតដើម្បីកំណត់ថា តើការផ្ទុះនេះដោយសាររោងចក្របណ្តុះបណ្តាល ឬជ្រើសរើសបុគ្គលិកមិនត្រឹមត្រូវឱ្យគ្រប់គ្រងឡនេះឬយ៉ាងណានោះ”។ គេមិនអាចទាក់ទងតំណាងរោងចក្របានទេចាប់តាំងពីការផ្ទុះមក។

លោក មឿន តុលា នាយកប្រតិបត្តិអង្គការសិទ្ធិការងារ (Central) បានមានប្រសាសន៍ថា រោងចក្រ និងរដ្ឋាភិបាលគួរតែចេះទទួលខុសត្រូវ។

លោកបានថ្លែងថា “រដ្ឋាភិបាលបានទម្លាក់ចោលការទទួលខុសត្រូវរបស់ខ្លួនដោយនិយាយថា លិខិតអនុញ្ញាតឡចំហាយកម្តៅទឹកនេះបានអស់សុពលភាពតាំងពីខែកុម្ភៈមកម៉្លេះ។ពួកគេគួរចាត់វិធានការជាមុន មិនមែនចាំហេតុការណ៍កើតឡើងហើយទើបមានប្រតិកម្មទេ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស