41.3 C
Phnom Penh

តុលាការ​​​ផ្តន្ទាទោស​​​បុរស​​​សម្លាប់​​​មិត្តស្រី​​​​​​​ឱ្យ​​​ជាប់ពន្ធនាគារ​​​មួយ​​​ជីវិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសម្នាក់ដែលបានច្របាច់កសម្លាប់មិត្តស្រីរបស់ខ្លួនកាលពីឆ្នាំមុននៅផ្ទះសំណាក់មួយក្នុងរាជធានីភ្នំពេញ ដែលជននេះ និងមេធាវីរបស់ខ្លួនចាត់ទុកថាជាការប្រចណ្ឌនោះ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីម្សិលមិញ។

លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស ចាន់ សុភក្ត្រ អាយុ៣៨ឆ្នាំ បន្ទាប់ពីជននេះត្រូវបានកាត់ឱ្យជាប់ទោសពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងមនុស្សឃាតដោយគិតទុកជាមុនលើមិត្តស្រីរបស់ខ្លួនឈ្មោះ អាង វណ្ណា អាយុ២២ឆ្នាំ ជាស្ត្រីបម្រើការនៅហាងខារ៉ាអូខេ។

ចាន់ សុភក្ត្រ (កណ្តាល) ដើរចូលសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ មុនពេលបើកសវនាការ។ ជននេះត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់មិត្តស្រីរបស់ខ្លួន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ចាន់ សុភក្ត្រ (កណ្តាល) ដើរចូលសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ មុនពេលបើកសវនាការ។ ជននេះត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់មិត្តស្រីរបស់ខ្លួន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ចាន់ សុភក្ត្រ ត្រូវបានចាប់ខ្លួនកាលពីខែតុលា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបុគ្គលិកម្នាក់បានប្រទះឃើញសាកសព អាង វណ្ណា នៅក្នុងផ្ទះសំណាក់អូយេស ស្ថិតក្នុងខណ្ឌដូនពេញ។

អំឡុងសវនាការកាលពីខែមីនា ចាន់ សុភក្ត្រ បាននិយាយថា អំពើឃាតកម្មនេះគឺជារឿងចៃដន្យ ប៉ុន្តែជននេះក៏បានសារភាពថា ខ្លួនធ្លាប់បានគំរាមសម្លាប់ដៃគូរបស់ខ្លួនផងដែរ។ ជននេះបាននិយាយថា “ខ្ញុំបានប្រាប់នាងថា…ប្រសិនបើនាងក្បត់ខ្ញុំ ខ្ញុំនឹងសម្លាប់ចោល។ នាងបានឆាតជាមួយបុរសម្នាក់នៅចំពោះមុខខ្ញុំ ហើយខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំបានយកដៃខ្ទប់មាត់នាង ហើយច្របាច់កសម្លាប់តែម្ដង”។

លោក គឹម សម្បត្តិ មេធាវីការពារក្តី ចាន់ សុភក្ត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា ការផ្ដន្ទាទោសកូនក្ដីរបស់លោកពីបទល្មើសដោយសារតែការស្រឡាញ់ខ្លាំងនេះមិនយុត្តិធម៌ឡើយ។

លោកបានមានប្រសាសន៍ថា “ការផ្ដន្ទាទោសនេះមិនស័ក្ដិសមនឹងកំហុសរបស់កូនក្ដីខ្ញុំឡើយ។ កូនក្ដីរបស់ខ្ញុំគ្រាន់តែជាអ្នកទោសស្នេហាប៉ុណ្ណោះ”។

លោក គឹម សម្បត្តិ ថ្លែងថា ចាន់ សុភក្ត្រ បានឧបត្ថម្ភជាលុយកាក់ដល់ អាង វណ្ណា ប៉ុន្តែគាត់មានកំហឹងនៅពេលនាងបានបញ្ឈឺគាត់ ហើយធ្វើឱ្យគាត់ឈឺចាប់។

លោកបានមានប្រសាសន៍ថា “កូនក្ដីខ្ញុំគ្មានគម្រោងសម្លាប់មិត្តស្រីរបស់ខ្លួនទេ ពីព្រោះគេបានដេកជាមួយគ្នាបីដងមកហើយ ហើយមានទំនាស់ពាក្យសម្ដីបន្តិចបន្តួច។ ពេលនោះកូនក្ដីរបស់ខ្ញុំបានប្រើហិង្សាដែលឈានដល់ការសម្លាប់នាងតែម្ដង”។

លោក គឹម សម្បត្តិ បានថ្លែងថា លោកទុកឱ្យកូនក្ដីរបស់លោកសម្រេចថាតើគាត់នឹងប្ដឹងទាស់ការផ្តន្ទាទោសនេះ ឬមិនក៏មិនប្តឹងនោះ៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស