អ្នកបើកបរម្នាក់ដែលបានបើករថយន្តបុកមនុស្សបីនាក់ស្លាប់កាលពីថ្ងៃច័ន្ទដោយបុករះអ្នកជិះម៉ូតូបន្ទាប់ពីព្យាយាមបើកគេចពីហេតុការណ៍បុកមួយផ្សេងទៀតនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងកាលពីម្សិលមិញ ក្រោយពីត្រូវមហាជនព្រួតវាយ ចំណែកជនរងគ្រោះផ្សេងទៀតបានធូរស្រាលបន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពីរក្នុងរាជធានីភ្នំពេញ។
ស្ត្រីពីរនាក់ និងបុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីអ្នកបើករថយន្តរូបនេះ ដែលបានបើកគេចពីគ្រោះថ្នាក់ចរាចរណ៍មួយផ្សេងទៀតហើយបានបុករះបណ្ដាលឱ្យសាកសពមនុស្សហោះប៉ើងនៅលើមហាវិថីព្រះមុនីវង្ស ខណៈបើកបញ្ច្រាសទិស។ មហាជនជាច្រើនានទាញជននេះចេញពីក្នុងរថយន្ត ហើយវាយស្ទើរស្លាប់។
ដោយដេកលើគ្រែក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ អ្នកបើកបររូបនេះដែលនគរបាល និងបុគ្គលិកមន្ទីរពេទ្យប្រាប់ថា ឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ ជាអ្នកលក់ទូរស័ព្ទរស់នៅក្នុងខណ្ឌមានជ័យនោះ ស្ថិតក្នុង “ស្ថានភាពធ្ងន់ធ្ងរខ្លាំង” ក្រោយពីត្រូវមហាជនព្រួតវាយយ៉ាងដំណំ។
មាស សុខហេង ដែលកាលពីថ្ងៃច័ន្ទនគរបាលប្រាប់ខុសថាឈ្មោះ ណៃ ប៊ុនថន នោះស្ទើរតែមិនកម្រើកសោះ រីឯផ្ទៃមុខមានស្នាមជាំ ហើយឡើងហើមស្ទើរមើលមិនឃើញភ្នែក។
លោក ឆឹង យ៉ាវយ៉េន អនុប្រធានមន្ទីរពេទ្យនេះបានមានប្រសាសន៍ថា “ជននេះរងរបួសស្ទើរសព្វកន្លែង រួមទាំងក្បាល និងដងខ្លួនផង ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង”។

ស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពី មាស សុខហេង នៅក្នុងរបៀងដ៏ចង្អៀតមួយនៃបន្ទប់សង្គ្រោះបន្ទាន់ ប៉ាល់ សំបូរ អាយុ១៧ឆ្នាំដែលរងរបួសក្បាលធ្ងន់ធ្ងរនៅពេលត្រូវបានបុករះពេលធ្វើដំណើរទៅរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ នោះ ស្ថិតក្នុងសភាពសន្លប់នៅឡើយ។
អ្នកស្រី ចាន់ ថាវី អាយុ៤៩ឆ្នាំ ជាម្ដាយរបស់យុវជននេះបាននិយាយថា កូនប្រុសរបស់គាត់មានឈាមកកក្នុងខួរក្បាល ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្រីបាននិយាយថា ”កូនប្រុសរបស់គាត់មិនទាន់ដឹងខ្លួននៅឡើយទេ ហើយគ្រូពេទ្យប្រាប់ថាមិនដឹងថាស្ថិតក្នុងសភាពបែបនេះប៉ុន្មានថ្ងៃទៀតឡើយ។ ខ្ញុំមិនដឹងថា ត្រូវនិយាយដូចម្ដេចឡើយ។ ខ្ញុំគ្រាន់តែចង់ឃើញកូនប្រុសរបស់ខ្ញុំធូរស្រាលតែប៉ុណ្ណោះ”។
មនុស្សបីនាក់ដែលបានរងរបួសនៅក្នុងហេតុការណ៍បុករះនោះ បានធូរស្រាលបន្តិចហើយក្នុងមន្ទីរពេទ្យកាល់ម៉ែតកាលពីម្សិលមិញ រួមមាន ជឹម រស្មី អាយុ១៦ឆ្នាំ ដែលរបួសត្រង់ក្បាល និងជើងនៅក្នុងហេតុការណ៍នោះ។
យុវជនរូបនេះបាននិយាយថា “មានមនុស្សច្រើនណាស់នៅពេលនោះ ហើយចង្អៀតទៀត ដូច្នេះហើយយើងមិនដឹងថាត្រូវគេចដូចម្ដេចឡើយ។ អ្នកបើកបររថយន្តបានបុកម៉ូតូពីរបីគ្រឿងមុនពេលមកបុកម៉ូតូរបស់ខ្ញុំ”។ យុវជនរូបនេះបានបន្ថែមថា “វាសាហាវខ្លាំងណាស់។ ខ្ញុំមិនដែលឃើញហេតុការណ៍ដូចនេះទេ។ អ្នកបើករថយន្តបង្កគ្រោះថ្នាក់បើក បញ្ច្រាសទិសតែម្តង”។
លោក ទិន វណ្ណស៊ី ប្រធានផ្នែកវាស់វែងគ្រោះថ្នាក់ចរាចរណ៍បានប្រាប់អត្តសញ្ញាណអ្នកស្លាប់ថា ឈ្មោះ វ៉ង សុខណាក់ អាយុ៣៥ឆ្នាំ មកពីខេត្តកំពង់ចាម ដែលបានឌុបប្រពន្ធរបស់ខ្លួន ឈ្មោះ សេង អាន អាយុ២៥ឆ្នាំ និងក្មួយស្រីឈ្មោះ ណា ស្រីនីន អាយុ២៣ឆ្នាំ ដែលបានស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
បើទោះជា មាស សុខហេង គ្មានសង្ឃឹមធូរស្រាលពីមុខរបួសក៏ដោយ ក៏លោក ទិន វណ្ណស៊ី បានថ្លែងថា នគរបាលនៅតែមានគម្រោងដាក់ពាក្យបណ្ដឹងប្ដឹងជននេះទៅសាលាដំបូងរាជធានីភ្នំពេញដដែល។
លោកបានមានប្រសាសន៍ថា “មហាជនបានវាយត្រង់ក្បាលយ៉ាងដំណំបណ្ដាលឱ្យឈាមហូរចូលខួរក្បាល។មានសង្ឃឹមតិចណាស់ដែលគាត់នឹងធូរស្រាលនោះ”។
លោក ទិន វណ្ណស៊ី បានមានប្រសាសន៍ថា “បើទោះជាជននេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក៏ដោយ ក៏ត្រូវប្រឈមវិធានការផ្លូវច្បាប់ដែរ។ យើងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់”៕ សារុន