29.3 C
Phnom Penh

រដ្ឋាភិបាល​​​កម្ពុជា​​​ចេញ​​​បម្រាម​​​ជា​​​ផ្លូវការ​​​​​​មិន​​​ឲ្យ​​​លក់​​​ ​​​និង​​​នាំ​​​ចេញ​​​ទឹក​​​ដោះ​​​ម្តាយ​​​ទៅក្រៅប្រទេស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា ការលក់និងការនាំចេញទឹកដោះម្តាយកម្ពុជា ទៅកន្លែងណាមួយ រួមទាំងសហរដ្ឋអាមេរិកផងនោះ ត្រូវបានហាមឃាត់ជាផ្លូវការ។

សេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយលោក ង៉ោ ហុងលី ដែលជារដ្ឋលេខាធិការ និងចេញដោយមានចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ មានខ្លឹមសារដូច្នេះថា “បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ”។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងបន្តថា រដ្ឋាភិបាលបាន “សម្រេចចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា”។

ដោយត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល សេចក្តីថ្លែងការណ៍នេះបានលើកឡើងពីក្រុមហ៊ុនឈ្មោះAmbrosia Milkមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលរហូតមកទល់ពេលថ្មីៗនេះបានជ្រើសរើសមាតាកម្ពុជាឲ្យមកលក់ទឹកដោះរបស់ខ្លួនឲ្យអតិថិជននៅសហរដ្ឋអាមេរិក។

cam-photo-breast-milk-800x533ក្រុមហ៊ុននេះ ដែលនៅក្នុងប្រទេសកម្ពុជា ហៅថា គុណមាតានោះ មានប្រតិបត្តិការនៅតំបន់ក្រីក្រមួយជាយរាជធានីភ្នំពេញ មុនពេលបិទកាលពីថ្ងៃទី១១ ខែមីនា បន្ទាប់ពីរដ្ឋាភិបាលចេញបទបញ្ជាឲ្យឈប់នាំចេញទឹកដោះម្តាយបណ្តោះអាសន្ន ស្របពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះសុខភាពរបស់ទារកកម្ពុជា។

ស្ត្រីមួយចំនួនក្នុងខណ្ឌមានជ័យបានលក់ទឹកដោះរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Ambrosia Milk ចាប់តាំងពីឆ្នាំ២០១៥មក ប៉ុន្តែ អាជីវកម្មនេះទើបតែមានការចាប់អារម្មណ៍ពីអន្តរជាតិ បន្ទាប់ពីមានការចេញផ្សាយអត្ថបទមួយនៅលើគេហទំព័រឈ្មោះ Broadly កាលពីដើមខែនេះ។

អ្នកស្រី គង់ ភក្តី អ្នកគ្រប់គ្រងនៅក្រុមហ៊ុនគុណមាតា បានលើកឡើងកាលពីម្សិលមិញថា អ្នកស្រីត្រូវបានលោក Bronzson Woods ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Ambrosia Milk ប្រាប់ថា ក្រុមហ៊ុននេះគ្មានបំណងបើកឡើងវិញនៅកម្ពុជាទេ។

លោក Bronzson Woods និងសហស្ថាបនិក មួយរូបទៀតឈ្មោះ Ryan Newell មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយនោះឡើយ។ អ្នកស្រី គង់ ភក្តី បានលើកឡើងទៀតថា ក្រុមហ៊ុននេះបានបិទដោយសារអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើឲ្យក្រុមហ៊ុនសុំការអនុញ្ញាតនាំចេញពីក្រសួងសុខាភិបាលដែលបដិសេធមិនព្រមចេញការអនុញ្ញាត។

អ្នកស្រីបានលើកឡើងបន្តទៀតថា លោក Bronzson Woods បាន”បំពេញសំណុំបែបបទពីរលើក” ដើម្បីសុំច្បាប់ពីក្រសួងសុខាភិបាលមុនពេលបិទក្រុមហ៊ុន។ក្រសួងបានប្រាប់ក្រុមហ៊ុនថា គ្មានរឿង ដូចជាអាជីវកម្មទឹកដោះម្តាយបែបហ្នឹងទេ នៅកម្ពុជានោះ។

អ្នកស្រី គង់ ភក្តី បាននិយាយការពារក្រមសីលធម៌នៃអាជីវកម្មនេះដោយលើកឡើងថា សុខភាពរបស់ស្ត្រីកម្ពុជាដែលលក់ទឹកដោះរបស់ខ្លួន ត្រូវបានតាមដានប្រចាំខែហើយមានការធ្វើតេស្តរកសារធាតុញៀននៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

អ្នកស្រី គង់ ភក្តី បានមានប្រសាសន៍ថា អ្នកស្រីព្រួយបារម្ភអំពីស្ត្រីដែលបាត់បង់ចំណូលដោយសារបម្រាមនេះ ។ “ក្រុមហ៊ុននេះបានជួយស្ត្រីជាច្រើន ហើយបានផ្តល់ការងារឲ្យពួកគាត់”។ អ្នកស្រីបានមានប្រសាសន៍ បន្ថែមថា “ប្រសិនបើគាត់ធ្វើការឲ្យរោងចក្រ គាត់ធ្វើការងារច្រើនម៉ោង។ នៅទីនេះគាត់គ្រាន់តែមកប្រហែលកន្លះម៉ោងទៅ១ម៉ោងប៉ុណ្ណោះ បន្ទាប់មកគាត់អាចត្រឡប់ទៅផ្ទះវិញបានហើយ”។

អ្នកស្រី យ៉ន ធីណា អាយុ៤០ឆ្នាំ ជាអ្នកកាត់ដេរមានកូន៥នាក់រួមទាំងទារកម្នាក់ផងនោះត្រូវបានប៉ាន់ប្រមាណថា ជាស្ត្រីទី៤០ដែលបានមកចុះឈ្មោះ ពេលអ្នកស្រីបានចាប់ផ្តើមកាលពី៩ខែមុន។ ដោយជាមេគ្រួសារដ៏សំខាន់ អ្នកស្រីបាននិយាយថា អ្នកស្រីរកបានកម្រៃរហូតដល់ទៅ១២០ដុល្លារសម្រាប់ការងាររយៈពេល៦ថ្ងៃក្នុង១សប្តាហ៍ ប៉ុន្តែ ឥឡូវនេះអ្នកស្រីគ្មានការងារធ្វើទេ។

អ្នកស្រីបានលើកឡើងថា “ខ្ញុំគ្មានលុយទេ”អ្នកស្រីបាននិយាយបន្តថា “ខ្ញុំប្រហែលជាត្រូវធ្វើការជាអ្នករត់ម៉ូតូឌុបហើយ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីផ្សេងៗទៀតនៅក្រសួងសុខាភិបាលសុទ្ធតែមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

មានតែប្រទេសកម្ពុជា និងប្រទេសត្រឹមតែមួយចំនួនតូចទៀតប៉ុណ្ណោះ ដែលបានចេញបម្រាមហាមទាំងស្រុងលើការលក់ និងនាំចេញទឹកដោះម្តាយ។

ប្រទេសចិនបានចាត់ទុកទឹកដោះម្តាយជាអាហារដ៏ពិសេសដែលមិនអាចធ្វើអាជីវកម្មឬលក់បាន។ ទោះជាយ៉ាងណា នៅតែមានទីផ្សារងងឹតដែលប្រកបដោយភាពរីកចម្រើន។នៅក្នុងប្រទេសអូស្ត្រាលីអាជីវកម្មទិញលក់ទឹកដោះម្តាយក៏ខុសច្បាប់ដែរ ប៉ុន្តែវាមានការលក់ដូរយ៉ាងបើកចំហតាមអីុនធឺណិត។

នៅសហរដ្ឋអាមេរិកទីផ្សារសម្រាប់ទឹកដោះម្តាយដែលគេហៅថា “មាសរាវ” គឺទូលំទូលាយណាស់ដោយមានតម្រូវការច្រើនជាងការផ្គត់ផ្គង់។ ពេលអាជីវកម្មនេះត្រូវបានចាត់ទុកថាស្របច្បាប់ ស្ថាប័នគ្រប់គ្រងចំណីអាហារ និងថ្នាំសង្កូវបានព្រមានពីហានិភ័យនៃការប្រើប្រាស់ទឹកដោះម្តាយដែលប្រហែលជាមិនត្រូវបានពិនិត្យត្រឹមត្រូវ ដោយសំដៅដល់អ្នកចូលចិត្តទិញទំនិញតាមអីុនធឺណិត។ រដ្ឋាភិបាលបារាំង និងចក្រភពអង់គ្លេសក៏បានចេញការព្រមានស្រដៀងគ្នានេះដែរ។

អង្គការ Unicef ក៏បានសំដែងកង្វល់ផងដែរអំពីការដែលអាចមានការកេងប្រវ័ញ្ចលើស្ត្រីដើម្បីផលចំណេញ និងគោលបំណងអាជីវកម្ម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាប្រទេសដែលអង្គការនេះលើកឡើងថា អាជីវកម្មនេះអាចអូសទាញម្តាយឲ្យមកលក់ទឹកដោះរបស់ខ្លួន ដោយមិនទុកសម្រាប់បំបៅកូនរបស់ខ្លួនឲ្យបានត្រឹមត្រូវ។

លោក មាស ប៊ុនលី អ្នកជំនាញផ្នែកទំនាក់ទំនងនៅអង្គការ Unicef បានលើកឡើងក្នុងអីុម៉េលមួយកាលពីម្សិលមិញថា “អង្គការ Unicef គាំទ្រសកម្មភាពរបស់រដ្ឋាភិបាលនៅក្នុងការហាមឃាត់ការធ្វើអាជីវកម្មទឹកដោះម្តាយកម្ពុជាសម្រាប់ការប្រើប្រាស់នៅក្រៅប្រទេស”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស