សកម្មជនម្នាក់ក្នុងចំណោមសកម្មជនការពារបរិស្ថានចំនួន៣នាក់ដែលបានភៀសខ្លួនចេញពីប្រទេសកាលពីខែមករាដើម្បីគេចពីការគំរាមផ្លូវច្បាប់នោះ បានវិលត្រឡប់មកកម្ពុជាវិញហើយកាលពីម្សិលមិញ ដោយបានលើកឡើងពីស្ថានភាពមិនសូវតានតឹងនៅក្នុងប្រទេស។
លោក សាន់ ម៉ាឡា សកម្មជនមកពីអង្គការមាតាធម្មជាតិបាននិយាយថា “ខ្ញុំគិតថា ស្ថានភាពក្នុងពេលឥឡូវនេះរាងស្ងប់ស្ងាត់”។
លោក សាន់ ម៉ាឡា និងសហសេវិករបស់លោកឈ្មោះ ស៊ីម សំណាង និងទ្រី សុវិគា បានជាប់ពន្ធនាគាររយៈពេល១០ខែពីបទគំរាមបំផ្លាញសាឡង់មួយគ្រឿងរបស់ក្រុមហ៊ុនបូមខ្សាច់មួយ មុនពេលត្រូវបានដោះលែងនៅក្នុងខែកក្កដា។
សកម្មជនទាំងនេះបានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីខែមករា ដោយសារព្រួយបារម្ភខ្លាចព្រះរាជអាជ្ញានឹងឲ្យពួកគាត់អនុវត្តទោសនៅសល់ដែលត្រូវបានព្យួរឡើងវិញ។ ប៉ុន្តែ សាលាឧទ្ធរណ៍បានតម្កល់ទោសដែលត្រូវបានព្យួរនេះកាលពីខែមុន ជាហេតុធ្វើឲ្យសកម្មជនទាំងនេះពិចារណាត្រឡប់មកវិញ។
ពេលត្រឡប់មកដល់វិញកាលពីម្សិលមិញ លោក សាន់ ម៉ាឡា បានលើកឡើងថា សហសេវិករបស់លោកក៏ទំនងជានឹងត្រឡប់មកប្រទេសកម្ពុជាវិញដែរ ពីកន្លែងរស់នៅដ៏សម្ងាត់។ .
លោកបាននិយាយថា “បើខ្ញុំមកគ្មានបញ្ហាអីទេនោះ ពួកគាត់នឹងមកតាមក្រោយ”។ លោក សាន់ ម៉ាឡា បានលើកឡើងថា លោកគ្រោងចុះទៅសហគមន៍នៅខេត្តកោះកុងកន្លែងដែលលោកធ្លាប់ជួយរៀបចំសកម្មភាពដើម្បីការពារធនធានធម្មជាតិពីមុនមក។
លោកបានថ្លែងថា “ពីមុនយើងមិនបានត្រៀមរួចរាល់ដើម្បីប្រឈមមុខនឹងបញ្ហានោះទេ តែឥឡូវនេះយើងត្រៀមរួចរាល់ហើយ”៕ ស៊ុយឈាង