38 C
Phnom Penh

រដ្ឋាភិបាលដាក់​បន្ទុក​ធ្ងន់​លើ​គណ​បក្ស​​សង្គ្រោះជាតិ​​​​ទាក់​ទិន​​​​ការ​​​ជ្រើស​រើស​ប្រធាន​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួននឹងមិនទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្របីរូបទៀតជាអនុប្រធានគណបក្សនេះឡើយ ហើយបានប្ដេជ្ញា “ចាត់វិធានការបន្ថែមទៀត” ដែលបណ្ដាអ្នកវិភាគលើកឡើងថា អាចនឹងទាត់គណបក្សនេះចេញពីសង្វៀនប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។

បន្ទាប់ពីជំនួបមួយរវាងគណបក្សសង្គ្រោះជាតិ និងក្រសួងកាលពីម្សិលមិញ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ភ័ស្តុតាងបង្ហាញច្បាស់ថា គណបក្សសង្គ្រោះជាតិបានបំពានបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន នៅពេលគណបក្សនេះជ្រើសរើសប្រធានរបស់ខ្លួននៅក្នុងសមាជដែលធ្វើឡើងភ្លាមៗកាលពីដើមខែនេះ។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបជាមួយមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញអំពីការចោទប្រកាន់ថា គណបក្សនេះបំពានច្បាប់។ រូបថតៈ ព្រីង សំរាំង /Reuters
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបជាមួយមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញអំពីការចោទប្រកាន់ថា គណបក្សនេះបំពានច្បាប់។ រូបថតៈ ព្រីង សំរាំង /Reuters

លោកលើកលើងថា “យើងជម្រាបទៅគណបក្សសង្គ្រោះជាតិថា សមាជវិសាមញ្ញជ្រើសតាំងលោក កឹម សុខា ជាប្រធាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធានហ្នឹង គឺផ្ទុយនឹងប្រការ៤៧ ចំណុច២នៃលក្ខន្ដិកៈរបស់គណបក្សសង្គ្រោះជាតិដែលបានតម្កល់នៅក្រសួងមហាផ្ទៃ”។

លោកបាននិយាយថា “[យើង] អត់ទទួលស្គាល់ទេ”។

ដោយប្រញាប់ប្រញាល់ជ្រើសរើសប្រធានថ្មីជំនួសលោក សម រង្ស៊ី អតីតប្រធានគណបក្សដែលបានលាឈប់កាលពីខែកុម្ភៈ ដើម្បីចៀសវាងផលវិបាកដោយសារការធ្វើវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាល ដែលមានតែប្រធានអចិន្ត្រៃយ៍ទើបអាចចុះហត្ថលេខាលើបញ្ជីឈ្មោះបេក្ខជនឃុំ  សង្កាត់ របស់ខ្លួនបាននោះ ជាដំបូងគណបក្សសង្គ្រោះជាតិបានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ខ្លួននៅក្នុងសមាជ ហើយបន្ទាប់មកបានលើកលោក កឹម សុខា ឱ្យធ្វើជាប្រធានបក្ស និងតំណាងរាស្ត្របីរូបទៀតឲ្យធ្វើជាអនុប្រធានបក្ស។

ប៉ុន្តែយោងតាមក្រសួងមហាផ្ទៃថា ជាដំបូងគណបក្សនេះត្រូវដាក់ជូនវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនទៅរដ្ឋាភិបាលជាមុនសិន មុននឹងជ្រើសតាំងប្រធានថ្មី ពីព្រោះបទបញ្ជាផ្ទៃក្នុងចាស់របស់គណបក្សនេះតម្រូវឱ្យរង់ចាំរយៈពេលវែងមុននឹងផ្លាស់ប្ដូរប្រធាន។

គណបក្សសង្គ្រោះជាតិបានរិះគន់ជំនួបនេះភ្លាមៗ ហើយបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួននឹងរក្សាទុកប្រធានបច្ចុប្បន្នរបស់ខ្លួន។

លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា “វាជារឿងឯកជនរបស់គណបក្សទេ តែនេះក្រសួងមហាផ្ទៃបានចូលជ្រៅ [ជ្រៀតជ្រែក]”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ទោះជាលក្ខន្តិកៈចាស់ ក៏គាត់ [លោក កឹម សុខា] នៅតែជាប្រធាន ថ្មីក៏ប្រធាន”។

លោក ប្រាក់ សំអឿន បានបញ្ជាក់កាលពីម្សិលមិញថា ដំណើរការជ្រើសរើសប្រធានរបស់គណបក្សសង្គ្រោះជាតិបានបំពានច្បាប់ទើបធ្វើវិសោធនកម្មថ្មីស្ដីពីគណបក្សនយោបាយដែលត្រូវបានអនុម័តយ៉ាងតក់ក្រហល់ និងប្រើពាក្យពេចន៍ច្បាស់លាស់ដែលបណ្ដាអ្នករិះគន់និយាយថា មានបំណងតម្រង់គោលដៅចំៗទៅរកបក្សសង្គ្រោះជាតិ ដែលជាការគំរាមកំហែងធំបំផុតរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតពីរទសវត្សរ៍មកនេះ។

មាត្រា១៧ធ្វើវិសោធនកម្មថ្មីនៃច្បាប់នេះចែងថា “ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយត្រូវជ្រើសរើសដោយអនុវត្តតាមលក្ខន្តិកៈនៃគណបក្សនយោបាយនីមួយៗ”។

មាត្រា២៦នៃច្បាប់នេះដែលថ្មីៗនេះមិនត្រូវបានធ្វើវិសោធនកម្មចែងថា នៅពេលធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងបក្ស “គណបក្សនយោបាយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារថ្មី [បទបញ្ជាផ្ទៃក្នុង] ដែលកែប្រែរួចហើយ”។

ប៉ុន្តែច្បាប់នេះមិនបញ្ជាក់ពីដំណើរការសម្រាប់ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង និងការផ្លាស់ប្តូរថ្នាក់ដឹកនាំនោះទេ ដោយគ្រាន់តែចែងថា នៅពេលប្រធានថ្មីត្រូវបានជ្រើសរើសរួច ត្រូវជូនដំណឹងទៅក្រសួង “ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប  [ប្រធានថ្មី] ដែលមានបិទរូបថតទំហំ៤គុណ៦”។

លោក ប្រាក់ សំអឿន បានបដិសេធមិនបញ្ជាក់លម្អិតពីធាតុផ្សំណាមួយនៃច្បាប់នេះដែលត្រូវបានបំពានទេ។ លោកក៏បានជំរុញឱ្យគណបក្សសង្គ្រោះជាតិកែប្រែពាក្យស្លោកយុទ្ធនាការឃោសនារបស់ខ្លួន “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ចេញ ដោយបញ្ជាក់ជាថ្មីថា គណបក្សប្រជាជនកម្ពុជាយល់ថា ពាក្យស្លោកនេះជាការមិនគោរពឱ្យតម្លៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់ខ្លួននៅតាមមូលដ្ឋាន។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានឱ្យ “ចាំមើល” ថាតើ “វាមានអី [វិធានការ] បន្តបន្ទាប់ទៀត”។ លោកមានប្រសាសន៍ថា “យើងជូនដំណឹងឱ្យកែប្រែទៅអាហ្នឹង”។ លោកបាននិយាយថា “យើងមិនទាន់ហ៊ានថាទេ”។

គណបក្សប្រជាជនកម្ពុជា បានគំរាមប្ដឹងគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សនេះមិនព្រមបោះបង់ពាក្យស្លោកនេះជាផ្លូវការទេ។

លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សបានឈប់និយាយពីពាក្យស្លោកនេះហើយ ប៉ុន្តែគណបក្សនឹងពិភាក្សាអំពីបញ្ហានេះបន្ថែមទៀតបន្ទាប់ពីជំនួបនេះ។ លោកថ្លែងថា “ដូចយើងបានបញ្ជាក់ហើយថា យើងអត់យក [ពាក្យស្លោក] ទៅដាក់ក្នុងគោលនយោបាយរបស់គណបក្សទេ ហើយយើងក៏អត់បានណែនាំឱ្យសកម្មជន ឬមន្ត្រីគណបក្សប្រើប្រាស់ដែរ”។

លោកក៏មានប្រសាសន៍ដែរថា លោក “មិនបារម្ភសោះ” ដែលរដ្ឋាភិបាលអាចនឹងប្រើប្រាស់ច្បាប់ធ្វើវិសោធនកម្មថ្មីស្ដីពីគណបក្សនយោបាយនេះដើម្បីធ្វើញត្តិទៅតុលាការកំពូលក្នុងបំណងរម្លាយគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ដោយអះអាងថា ការបោះឆ្នោតដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួម គឺមិនអាចជឿទុកចិត្តបានឡើយ។ លោកលើកឡើងថា “បើបិទ [រម្លាយ] ចប់ហើយ ការបោះឆ្នោតមិនដឹងជាស្អីទៅវិញទេ”។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍កាលពីម្សិលមិញថា ការខ្វែងគំនិតគ្នារវាងក្រសួង និងគណបក្សសង្គ្រោះជាតិមិនបានធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់គណបក្សនេះក្នុងការដាក់បញ្ចូលបេក្ខជនរបស់ខ្លួនទៅក្នុងការបោះឆ្នោតដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខឡើយ។ លោកបញ្ជាក់ថា គណបក្សនេះគ្រាន់តែនឹងត្រូវហាមឃាត់មិនឱ្យតវ៉ាប៉ុណ្ណោះ ប្រសិនបើខ្លួនត្រូវបានរម្លាយចោល”៕ សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស