មានការបន្ថែមការងារចំនួនទៀតដល់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្រោយពីលោកត្រូវបានផ្ដល់ការងារថ្មីមួយចំនួនកាលពីថ្ងៃអង្គាររួមមានការជួយនាយករដ្ឋមន្ត្រីលើការងារប្រឆាំងអំពើពុករលួយ ការពិនិត្យមើលក្រុមប្រឹក្សាអ្នកច្បាប់ និងការសម្រេចលើការងាររបស់ “ច្រកចេញ-ចូលតែមួយ” សម្រាប់វិនិយោគិនបរទេស។
លោក ប៊ិន ឈិន ជាអ្នកដែលលោកនាយករដ្ឋមន្ត្រីទុកចិត្តជាយូរមកហើយនោះ ត្រូវបានតែងតាំងឱ្យកាន់តួនាទីជំនួសលោក សុខ អាន ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ខែមីនា មួយថ្ងៃបន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពក្នុងប្រទេសចិន។ ចាត់តាំងពីពេលនោះមក លោកបានកាន់តួនាទីមួយចំនួនក្នុងចំណោមតួនាទីសំខាន់ៗរបស់លោក សុខ អាន រួមមានការដឹកនាំក្រុមការងារពិសេសរបស់រដ្ឋាភិបាលស្តីពីដំណើររបស់សាលាក្តីខ្មែរក្រហម។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានប្រកាសថា លោក ប៊ិន ឈិន នឹងកាន់តួនាទីមួយចំនួនទៀតដែលធ្លាប់ដឹកនាំដោយលោក សុខ អាន។
លោកនាយករដ្ឋមន្ត្រីបានសរសេរថា “ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការពិនិត្យ និងសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ ដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងជួយនាយករដ្ឋមន្ត្រីលើការងារដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ និងការងាររៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា និងជួយនាយករដ្ឋមន្ត្រីលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ”។
លោក ប៊ិន ឈិន ក៏មានភារកិច្ចគ្រប់គ្រងសេវាព័ត៌មានច្រកចេញ-ចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមើលការខុសត្រូវលើការវិនិយោគពីបរទេសផងដែរ។
កាលពីសប្ដាហ៍មុន លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីត្រូវបានទទួលការស្តីបន្ទោសយ៉ាងខ្លាំងពីនាយករដ្ឋមន្ត្រីក្រោយពីបានលើកឡើងថា លោក ប៊ិន ឈិន នឹងទទួលបន្ទុកការងារទាំងអស់របស់លោក សុខ អាន។
លោក ហ៊ុន សែន បានផ្ទេរស្ថាប័នមួយចំនួនដែលពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់លោក សុខ អាន ទៅឱ្យក្រសួងពាក់ព័ន្ធ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺដាក់អាជ្ញាធរអប្សរាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌។
បើទោះជាឥឡូវនេះទទួលបន្ទុកស្ទើរតែស្មើទំហំការងាររបស់លោក សុខ អាន ដែលត្រូវបានគេចាត់ទុកថាជា “ព្រះវិស្ណុដៃ១០០” ចំពោះការគ្រប់គ្រងស្ថាប័នរដ្ឋាភិបាលស្ទើរតែទាំងអស់នោះ លោក ប៊ិន ឈិន អ្នកមានអំណាចក្នុងនយោបាយដែលគេគោរព និងជាភាគីចរចានៅក្នុងគណបក្សប្រជាជនកម្ពុជាកាន់អំណាច បានកាន់ការងារមួយភ្លាមៗនៃការងារដ៏ធំបំផុត ក្នុងចំណោមឧបនាយករដ្ឋមន្ត្រី៨រូបរបស់លោក ហ៊ុន សែន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយសម្រាលបន្ទុកនៃការទទួលខុសត្រូវដែលផ្តល់ឱ្យលោក ប៊ិន ឈិន។
លោកបានថ្លែងថា “បើយើងប្រៀបធៀបជាមួយសម្ដេច សុខ អាន តួនាទីទាំងនេះមិនច្រើននោះទេ។ នេះគឺចំណាត់ការក្នុងការបែងចែកភារកិច្ចសម្រាប់ការទទួលខុសត្រូវ។ នេះបង្ហាញថា សម្ដេច ហ៊ុន សែន មិនកាន់អំណាចតែឯងទេ”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា តួនាទីថ្មីរបស់លោក ប៊ិន ឈិន ដែលជួយក្នុងការប្រឆាំងអំពើពុករលួយដែលទំនងជាមិនទទួលបានគំនិតសុទិដ្ឋិនិយមច្រើនក្នុងចំណោមសាធារណជនឡើយ។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែកុំទាន់វិនិច្ឆ័យអី ចាំគាត់មានឱកាសអនុវត្តនូវតួនាទី និងភារកិច្ចថ្មីរបស់គាត់សិនចាំវិនិច្ឆ័យទើបត្រឹមត្រូវ”៕ សារុន