30 C
Phnom Penh

ពលរដ្ឋខ្មែរប្រាំនាក់​ដែលត្រូវបាន​និរទេស​ពីអាមេរិក​ មកដល់​ភ្នំពេញ​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ពលរដ្ឋខ្មែរ៥នាក់ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកនោះបានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈកម្ពុជាកំពុងបន្តអំពាវនាវសុំឲ្យកែប្រែកិច្ចព្រមព្រៀងឆ្នាំ២០០២ជាមួយសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យមានការនិរទេសខ្លួនអ្នកទាំងនេះ។      លោក ជេ រ៉ាមេន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាេមរិកបានលើកឡើងតាមរយៈអីុម៉េលថា “ពលរដ្ឋខ្មែរចំនួន៥នាក់ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃនេះដោយក្រសួងសន្តិសុខជាតិអាមេរិក”។ លោកបានបន្ថែមថា “ការបញ្ជូនអ្នកទាំងនេះមកវិញគឺផ្អែកលើសេចក្តីបង្គាប់ស្របច្បាប់ដែលចេញដោយចៅក្រមទទួលបន្ទុកអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក”។

WP-LastImage-49-800x533អ្នកដែលត្រូវបាននិរទេសខ្លួនទាំងនេះ ដែលក្នុងនោះមាន៤នាក់មកពីក្រុមពលរដ្ឋខ្មែរដ៏លេចធ្លោមួយក្រុមមានគ្នា៨នាក់រស់នៅក្នុងរដ្ឋមីណេសូតា ដែលក្រុមគ្រួសាររបស់ពួកគេ និងអ្នកតស៊ូមតិបាននាំគ្នាតវ៉ាអស់រយៈពេលជាច្រើនខែដោយសង្ឃឹមថា នឹងអាចបញ្ឈប់ការនិរទេសនេះនោះ គឺជាក្រុមដំបូងដែលបាននិរទេសខ្លួនចាប់តាំងពីខែកញ្ញាមក។

បុរសទាំង៥នាក់នេះស្ថិតក្នុងចំណោមពលរដ្ឋខ្មែរជាង៣០នាក់ដែលរដ្ឋាភិបាលបានលើកឡើងកាលពីខែកុម្ភៈថា ខ្លួននឹងទទួលយកការនិរទេសពីសហរដ្ឋអាមេរិក។

កាលពីខែមុន លោក សៀង ឡាប្រេស ទីប្រឹក្សារដ្ឋាភិបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NBC News តាមរយៈអីុម៉េលមួយថា កម្ពុជា   “មាន         ក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីទុក្ខលំបាករបស់គ្រួសារជនភៀសខ្លួនដែលរងផលប៉ះពាល់ដោយសារការនិរទេសនេះ ខណៈយើងជឿជាក់លើសិទ្ធិមនុស្ស និងការជួបជុំគ្រួសារ”។

លោកបានមានប្រសាសន៍បន្តថា “យើងទន្ទឹងរង់ចាំការពិភាក្សាឲ្យបានស៊ីជម្រៅជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីធ្វើបច្ចុប្បន្នភាព [កិច្ចព្រមព្រៀងឆ្នាំ២០០២] និងកែសម្រួលស្ថានភាពនេះ។យើងជឿជាក់ថា ពលរដ្ឋខ្មែរមិនគួរត្រូវបាននិរទេសមកវិញទេ លុះត្រាតែវាជាករណីស្ម័គ្រចិត្ត”។

នៅក្នុងឆ្នាំ២០០២ កម្ពុជាបានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយដោយអនុញ្ញាតឲ្យសហរដ្ឋអាេមរិកនិរទេសពលរដ្ឋខ្មែរដែលជាអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់នៅសហរដ្ឋអាមេរិក ប្រសិនបើពួកគេត្រូវបានកាត់ឲ្យជាប់ទោសពីបទប្រព្រឹត្តបទឧក្រិដ្ឋនោះ។

ចាប់តាំងពីឆ្នាំ២០០២មក ពលរដ្ឋខ្មែរជាង៥០០នាក់ត្រូវបាននិរទេសមកវិញពីសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលទ្រទ្រង់ជនមាតុភូមិនិវត្តន៍សមាហរណកម្ម។ មានមនុស្សជាច្រើនបានកើតក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ហើយបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក រីឯក្មេងៗ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានភៀសខ្លួនចេញពីសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជាក៏ដូច្នោះដែរ។

លោក ហង្ស ខាលវិន ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកមកវិញ កាលពីឆ្នាំ២០០៤ បានលើកឡើងថា លោក និងក្រុមរបស់លោកឈ្មោះ I love Cambodia ដែលតស៊ូមតិប្រឆាំងការនិរទេសនោះ មានគម្រោងផ្តល់ការគាំទ្រផ្នែកស្មារតី និងជួយបុរសទាំង៥នាក់នេះឲ្យស៊ាំទៅនឹងកន្លែងថ្មី។

លោកបាននិយាយថា “នៅក្បែរពួកយើងធ្វើឲ្យពួកគេមានអារម្មណ៍ដូចនៅផ្ទះខ្លួនឯង។ យើងអាចចែករំលែកបទពិសោធន៍របស់យើងទៅឲ្យពួកគេបានគ្រប់ពេលវេលា ហើយជួយ ឲ្យពួកគេដឹងពីរបៀបថា តើត្រូវរស់នៅបន្តទៅមុខទៀតយ៉ាងដូចម្តេចពេលនៅប្រទេសកម្ពុជា”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស