26 C
Phnom Penh

មន្ត្រី​​​អនុវត្ត​​​ន៍​​​ច្បាប់​​​នឹង​​​ទទួល​​​បាន​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​សម្រាប់​​​ការ​​​បង្ក្រាប​​​បាន​​​ថ្នាំ​ញៀន​​​ចាប់​​​ពី​​​​​​១​​​គីឡូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញថា មន្ត្រីដែលរឹបអូសថ្នាំញៀនបាន១គីឡូក្រោម ឬលើសពីនេះនឹងទទួលបានរង្វាន់លើកទឹកចិត្ត ១០.០០០ដុល្លារ ជាផ្នែកនៃការលើកទឹកចិត្តជាហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលសម្រាប់មន្ត្រីដែលបង្ក្រាបក្រុមជួញដូរគ្រឿងញៀន។

ថ្លែងនៅថ្ងៃទី២នៃសន្និសីទរយៈ ពេលពីរថ្ងៃរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរាជធានីភ្នំពេញ លោក ស ខេង បានលើកឡើងថា ការផ្តល់រង្វាន់ទៅឲ្យអង្គភាព និងបុគ្គលដែលមាន “ស្នាដៃខ្ពស់”នៅក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀននោះនឹង “ជំរុញភាពសកម្ម”។

WP-LastImage-48-800x533លោកបានមានប្រសាសន៍ថា “ធ្វើការលើក ទឹកចិត្ត ជាពិសេសមន្ត្រីដែលអនុវត្តច្បាប់ គឺខ្ញុំបានត្រៀមរួចជាស្រេច ហើយថា បើយើងចាប់បាន១គីឡូក្រាម នឹងផ្តល់ប្រាក់រង្វាន់ស្មើនឹង៤០លានរៀល គិតជាដុល្លារប្រហាក់ប្រហែល១០.០០០ដុល្លារ”។

លោក ស ខេង ក៏បានប្រកាសផងដែរថា មានការពិភាក្សាជាមួយក្រសួងយុត្តិធម៌ដើម្បីពន្លឿនការរឹបអូសទ្រព្យសម្បត្តិជនជួញ ដូរគ្រឿងញៀន ដែលបន្ទាប់មកនឹងត្រូវយកមកប្រើប្រាស់សម្រាប់ជារង្វាន់លើកទឹកចិត្ត និងប្រើនៅក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។

លោក ស ខេង បានថ្លែងថា “យើងក៏ខិតខំរកវិធីសាស្ត្រសមស្របតាមច្បាប់ដើម្បីរឹបអូសនូវទ្រព្យសម្បត្តិឧក្រិដ្ឋជនដែលជួញដូរគ្រឿងញៀនយកមកធ្វើជាសម្បត្តិរដ្ឋផងដែរ”។

ដោយសំដៅដល់នគរបាល កងរាជអាវុធហត្ថ មន្ត្រីតុលាការនោះ លោកបានលើកឡើងថា “សម្បត្តិរដ្ឋទាំងនេះគឺផ្តល់សម្រាប់ការលើកទឹកចិត្ត និងជាមធ្យោបាយសម្រាប់បំពេញការងារបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ”។

កាលពីខែមករា រដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនរយៈពេល៦ខែដោយសន្យាបង្ក្រាបជនជួញដូរគ្រឿងញៀន។ គិតមកដល់ត្រឹមថ្ងៃអង្គារ មានមនុស្សជិត៦.៣០០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសទាក់ទិនគ្រឿងញៀន។

លោក ដេវីដ ហាឌីង (David Harding) អ្នកផ្តល់ប្រឹក្សាយោបល់ឯករាជ្យដែលធ្វើការពាក់ព័ន្ធកម្មវិធីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍ហើយមកនោះ ជឿថា ការផ្តល់រង្វាន់លើកទឹកចិត្តជាហិរញ្ញវត្ថុនេះ មិនមែនជាមធ្យោបាយដែលអាចបញ្ឈប់ការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបាននោះឡើយ។

លោកបានលើកឡើងថា “នេះគឺជាអ្វីដែលពួកគេគួរតែធ្វើជារៀងរាល់ថ្ងៃ វាជាកិច្ចការរបស់ពួកគេ”។ លោកបានបន្ថែមថា ទោះជាយ៉ាងណា “ប្រសិនបើពួកគេមានគម្រោងផ្តល់រង្វាន់ដល់នគរបាលដែលមានស្នាដៃខ្ពស់ពួកគេគួរតែផ្តល់រង្វាន់ដល់នគរបាលដែលសើុបអង្កេតទៅលើក្រុមជួញដូរគ្រឿងញៀនធំៗ មិនមែនអ្នកដែលគេជួលឲ្យទៅដឹកជញ្ជូនគ្រឿងញៀនទេ”។

លោកបានបន្ថែមទៀតថា “ពួកគេគឺជាអ្នកធ្វើអាជីវកម្មនេះ។ ការឃាត់ខ្លួនអ្នកធំៗទាំងនោះហើយ គឺជាអ្វីដែលគួរតែផ្តល់រង្វាន់”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស