ក្រសួងបរិស្ថានកំពុងសិក្សាសំណាកទឹកដែលបញ្ជូនមកពីខេត្តព្រះវិហារដើម្បីរកឱ្យឃើញនូវមូលហេតុដែលធ្វើឱ្យត្រីរាប់ម៉ឺនក្បាលងាប់ក្នុងដងស្ទឹងសែនដែលតាមព័ត៌ មានថា អ្នកភូមិបានដាក់ការបន្ទោសទៅលើក្រុមហ៊ុនចម្ការអំពៅ។
សេចក្តីរាយការណ៍ចុះផ្សាយក្នុងគេហ ទំព័រនគរបាលជាតិកាលពីម្សិលមិញមានខ្លឹមសារថា ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងបានចោទក្រុមហ៊ុន រួយ ហ្វេង (Rui Feng) ជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចម្ការអំពៅមួយចំនួនដែលកាន់កាប់ដោយជនជាតិ ចិនថា បានបង្ហូរកាកសំណល់មានជាតិពុលចូលទៅក្នុងស្ទឹងជាហេតុធ្វើឱ្យត្រីងាប់។ សេចក្តីរាយការណ៍នេះបន្តថា ទឹកស្ទឹងបានប្រែក្លាយជាខ្មៅ ហើយមានក្លិនស្អុយទៀតផង។
សេចក្តីរាយការណ៍ដដែលនេះឱ្យដឹងទៀតថា ក្រសួងបរិស្ថានកំពុងធ្វើតេស្តសំណាក ទឹកនេះដើម្បីរកមូលហេតុដែលធ្វើឱ្យត្រី ងាប់បែបនេះ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា យើងកំពុងធ្វើការវិភាគសំណាកទឹកនេះនៅឡើយ ហើយលោកបានបង្វែរសំណួរឱ្យសួរបន្ថែមទៅមន្ទីរបរិស្ថានខេត្ត។
ប៉ុន្តែ លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តបានមានប្រសាសន៍ថា លោកកំពុងរង់ចាំលទ្ធផលពីក្រសួងនៅឡើយ ហើយលោកមិនដឹងថាលទ្ធផលនឹងមកដល់នៅពេលណានោះឡើយ។
លោកបានថ្លែងថា ត្រីចាប់ផ្តើមងាប់ក្នុងចំនួនដ៏ច្រើនប្រហែលមួយសប្តាហ៍មកហើយ ហើយអ្នកភូមិបើទោះមានការសង្ស័យពីកាកសំណល់មានជាតិពុលក្តី ក៏ពួកគាត់នាំគ្នារើសត្រីទាំងនោះទៅចម្អិនធ្វើម្ហូប និងយកទៅលក់ដែរ។
លោក អ៊ា សុខា បានមានប្រសាសន៍ថា “អ្នកភូមិនិយាយថា ពួកគាត់រើសត្រីបានពី៣ទៅ៤តោនក្នុងមួយយប់។ យើងបានហាមឃាត់អ្នកភូមិដែរ តែពួកគាត់នៅតែយកត្រីទាំងនេះទៅចម្អិនធ្វើម្ហូបដដែល”។
ប្រធានមន្ទីរបរិស្ថានរូបនេះមិនទាន់សន្និដ្ឋានលើមូលហេតុណាមួយនៅឡើយទេ។ ប៉ុន្តែសេចក្តីរាយការណ៍របស់នគរបាលជាតិបានធ្វើការបន្ទោសពីការងាប់ត្រីស្រដៀងគ្នានេះក្នុងឆ្នាំ២០១៣លើក្រុមហ៊ុនរួយ ហ្វេង ថាបានបង្ហូរកាកសំណល់មានជាតិពុលចូលទៅក្នុងដងស្ទឹងសែន។
លោក អ៊ា សុខា បានមានប្រសាសន៍ថា លោកមិនចាំពីហេតុការណ៍នោះទេ។ គេមិនអាចទាក់ទងតំណាងក្រុមហ៊ុន រួយ ហ្វេង ដើម្បី សុំអត្ថាធិប្បាយបានទេ។ បើទោះជាផ្តល់ការងារដល់អ្នកភូមិមួយចំនួនក្តី តែក្រុមហ៊ុននេះក៏មានគេស្អប់មិនតិចដែរ។
ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមេចំនួន៥ដែលវិនិយោគក្នុងទឹកប្រាក់ប្រហែល៣៦០លានដុល្លារលើការដាំអំពៅ កែច្នៃ និងនាំចេញស្ករស ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយអ្នកភូមិរាប់រយគ្រួសារចាប់តាំងពីចាប់ផ្តើមរានដីក្នុងឆ្នាំ២០១៣មកម៉្លេះ។
កាលពីខែមុន នគរបាលបានលើកឡើងថា ពួកគេបានចាប់ផ្តើមស៊ើបអង្កេតលើការចោទប្រកាន់ដែលថា អ្នកគ្រប់គ្រងជនជាតិចិននៅក្រុមហ៊ុនមួយទៀតក្នុងចំណោមក្រុមហ៊ុនទាំង៥នោះគឺក្រុមហ៊ុន ហេង រួយ (Heng Rui) បានវាយដំយ៉ាងធ្ងន់ធ្ងរលើកម្មករបីនាក់ចំពោះការលួចប្រេង និងជី ហើយក្រោយមកកម្មករម្នាក់បានស្លាប់ដោយសារស្នាមរបួសនោះ៕សារុន